Tao និយាយ​ពី​ការចាក​ចេញ​ពី​ក្រុម EXO និង​ការ​រិះគន់ Kris

Tao និយាយ​ពី​ការចាក​ចេញ​ពី​ក្រុម EXO និង​ការ​រិះគន់ Kris

អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ EXO, Tao ដែល​​ពេល​នេះ​មាន​រហស្សនាម​ថា Z.Tao បាន​​ផ្ដល់​បទ​សម្ភាសន៍​មួយ​ជាមួយ​​ប៉ុស្តិ៍​ទូរទស្សន៍ HunanTV នៅ​ក្នុង​កម្មវិធី “People In News”។ នៅ​ក្នុង​កម្មវិធី​នេះ Tao បាន​និយាយ​ពី​ការ​ចេញ​ពី​ក្រុម EXO ការ​រិះគន់​របស់​ខ្លួន​ទៅ​កាន់​អតីត​មិត្ត​រួម​ក្រុម Kris។

 

Tao និយាយ​ពី​ការចាក​ចេញ​ពី​ក្រុម EXO និង​ការ​រិះគន់ Kris

 

ជា​ថ្មី​ម្ដង​ទៀត Tao ​បាន​បើក​ចិត្ត​និយាយ​ពី​មូលហេតុ​ដែល​​ជំរុញ​ឲ្យ​ខ្លួន​ចេញ​ពី​ក្រុម​ចម្រៀង​កូរ៉េ ដោយ​បាន​លើក​ឡើង​ថា៖ “នៅ​ថ្ងៃ​រង​របួស​ជើង​ទី​មួយ ខ្ញុំ​ទទួល​បាន​ទូរសព្ទ​ពី​ប៉ា​​របស់​ខ្ញុំ គាត់​ចង់​ឲ្យ​ខ្ញុំ​ត្រលប់​ទៅ​ប្រទេស​ចិន​ឲ្យ​បាន​ឆាប់​បំផុត។ នៅ​ពេល​នោះ ខ្ញុំ​មិន​បាន​ស្ដាប់​តាម​គាត់ ហើយ​ពួក​យើង​បាន​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​នេះ”។

 

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​របួស​នេះ​កើត​ឡើង​នៅ​ពេល​ណា និង​ដោយ​សារ​អ្វី​ឲ្យ​ច្បាស់​លាស់ តារា​ចម្រៀង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​កាន់​តែ​មាន​ភាព​ងឿង​ឆ្ងល់​នៅ​ពេល​ឆ្លើយ​របៀប​លាក់​លៀម​ថា៖ “ខ្ញុំ​មិន​អាច​ឆ្លើយ​សំនួរ​នេះ​បាន​ទេ ខ្ញុំ​នឹង​បក​ស្រាយ​នៅ​ពេល​ដែល​ខ្ញុំ​ឈ្នះ​រឿង​ក្ដី​ជាមួយ SM។ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ឈ្នះ”។

 

ទាក់ទិន​នឹង​ពាក្យ​វាយ​ប្រហារ​របស់​ខ្លួន​ទៅ​លើ​អតីត​មិត្ត​រួម​ក្រុម Kris តារា​វ័យ ២២ ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ថា៖ “ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់ បើ​ខ្ញុំ​មាន​រឿង​សប្បាយ​ឬ​ពិបាក​ចិត្ត ខ្ញុំ​មិន​អាច​លាក់​បាន​ទេ។ ខ្ញុំ​ត្រូវ​តែ​និយាយ​ចេញ​មក ព្រោះ​វា​ជា​ជីវិត​របស់​ខ្ញុំ។ បន្ទាប់​ពី​ត្រលប់​មក​ប្រទេស​ចិន​វិញ ខ្ញុំ​រង​សំពាធ​យ៉ាង​ខ្លាំង​ដោយ​ព័ត៌មាន​អវិជ្ជមាន​ទាក់​ទង​នឹង​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​មាន​ព្រួញ​រាប់​ម៉ឺន​កំពុង​តែ​បាញ់​ទម្លុះ​បេះដូង​ខ្ញុំអី​ចឹង។ ប៉ុន្តែ​ដោយ​សារ​រឿង​ទាំង​អស់​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រឹង​មាំ​ជាង​មុន​ដែរ”។​

 

ពាក់ព័ន្ធ​ជាមួយ​រឿង Kris និង Luhan ចេញ​ពី EXO តារា​រូប​នេះ​ បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ថា៖ “ខ្ញុំ​មិន​អាច​​វាយ​តម្លៃ​ពី​អ្វី​ដែល​​អ្នក​ដទៃ​ចង់​ធ្វើ​នោះ​ទេ។ ពួក​គេ​ប្រហែល​ជា​មាន​ហេតុផល​ផ្ទាល់​ខ្លួន​ដែល​មិន​អាច​បញ្ចេញ​បាន។ ខ្ញុំ​មាន​អារម្មណ៍​មួម៉ៅ​ខ្លាំង​ណាស់​ដែល​នៅ​ពេល​នេះ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ជា​ទម្លាយ​រឿង​ទាំង​អស់​នេះ​នៅ​ពេល​ដែល​ឱកាស​មក​ដល់”៕

 

ចុចអាន៖អតីត​សមាជិក EXO Tao ត្រូវ​គេ​រិះគន់​​ខ្លាំង​​ពេល​​ប្រឹង​ប្រជ្រៀត​​​​ចូល​មើល​ការ​​​បង្ហាញ​ម៉ូដ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop