តុលាការ​ថៃ​បើក​សវន​ការ​ទ្រង់ទ្រាយ​ធំ​កាត់ទោស​ក្រុម​ជួញដូរ​មនុស្ស​

​បាងកក​៖​តុលាការ​ថៃ​កាលពី​ម្សិលមិញ​បាន​បើក​សវន​ការកាត់ទោស​ក្រុម​ជួញ​មនុស្ស ដែល​អាជ្ញាធរ​ថៃ ទើប​ចាប់ខ្លួន បាន​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​បណ្តាញ​ជួញដូរ​មនុស្ស​កាលពី​ពាក់កណ្តាល ឆ្នាំនេះ​។ គឺ​ការរកឃើញ រណ្តៅ​កប់​សាកសព នៅក្នុង​ព្រៃ ក្បែរ​ព្រំដែន​ថៃ ម៉ាឡេស៊ី ដែល​ជំរុញ​ឲ្យ​របប​សឹក​ថៃ បើក​ប្រតិបត្តិ​ការចាប់​ក្រុម​ជួញដូរ​មនុស្ស ដែល​នៅ​ក្នុងនោះ មាន​ជាប់​ពាក់ព័ន្ធ​ផងដែរ មន្ត្រី​យោធា​ជាន់ខ្ពស់ និង​អ្នកជំនួញ​ថៃ​។​

​សំណុំរឿង ជួញដូរ​មនុស្ស ដែល​តុលាការ​ថៃ ទើប​ចាប់​បើក​ដំបូង កាលពី​ថ្ងៃ​អង្គារ មាន​ជនសង្ស័យ​ដល់​ទៅ ៨៨​នាក់ ហើយ​និង​សាក្សី ប្រមាណ ៥០០​នាក់​។ តាម​មន្ត្រី​តុលាការ​ថៃ គេ​ត្រូវការ​ពេលវេលា​យ៉ាងតិច​២​ឆ្នាំ ដើម្បី​ពិនិត្យ សំណុំរឿង និង​សាកសួរ​សាក្សី​ប្រមាណ​២០០​នាក់​។ 

​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ក្នុងចំណោម​ជនសង្ស័យ​ជួញដូរ​មនុស្ស​ទាំង​៨៨​នាក់ ដែល​លេចមុខ​នៅ​តុលាការ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ មាន​ខ្លះ​និយាយ​ភាសា​ថៃ ភាសា ម៉ា​ឡេ ឬ​ភាសា​រ៉ូ​ហ៊ីង​យ៉ា របស់​ជនជាតិភាគតិច​ដែល​រស់នៅ​ប្រទេស​ភូមា​។ ពួកគេ​ត្រូវបាន​តុលាការ​ថៃ ចោទប្រកាន់ថា បាន​ចូលរួម ឬ​មាន​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស ដែល​ប្រព្រឹត្តឡើង ចន្លោះ​ឆ្នាំ​២០១១ និង​ឆ្នាំ ២០១៥​។ ក្នុងចំណោម​ជនសង្ស័យ​មាន​ផងដែរ មន្ត្រី​យោធា​ថៃ ៤​នាក់ ដែល​ក្នុងនោះ មាន​លោក​ម៉ា​ណាស់ គង់​ព័ន្ធ មេបញ្ជាការ​យោធា​ថៃ​ដែល​ត្រូវគេ​ចាត់ទុកថា មេ​ជំហរ​បណ្តាញ​ជួញដូរ​មនុស្ស​នៅ​ថៃ​៕

តុលាការ​ថៃ​បើក​សវន​ការ​ទ្រង់ទ្រាយ​ធំ​កាត់ទោស​ក្រុម​ជួញដូរ​មនុស្ស​