CNRP ៖ ប្រជាពលរដ្ឋខ្មែរ ចង់ឲ្យមានការផ្លាស់ប្តូរ

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន មេបក្សប្រឆាំងគណបក្ស សង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី និងលោក កឹម សុខា បានលើកឡើងនៅចំពោះមុខ គណបក្សក្រៅរដ្ឋាភិបាល ជប៉ុន ថា   “ប្រជាពលរដ្ឋខ្មែរ ចង់ឲ្យមានការផ្លាស់ប្តូរ”។

ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកលោក កឹម សុខា អនុប្រធានCNRPបានឲ្យដឹងថា ព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភាជប៉ុន លោក និងលោក សម រង្ស៊ី បានជួបសវនាការជាមួយ លោក Katsuya OKADA ប្រធានគណបក្សប្រជាធិបតេយ្យជប៉ុន(DPJ) គណបក្សក្រៅរដ្ឋាភិបាល និងជាសមាជិកសភា និងលោកAkira Nagatsuma អនុប្រធានគណបក្ស និងជាសមាជិកសភា។

ក្នុងនោះពួកលោកបានជម្រាបអំពីស្ថានការណ៍នយោបាយថ្មីៗ ដែលនៅប្រទេសកម្ពុជាបច្ចុប្បន្ន “ប្រជា ពលរដ្ឋខ្មែរចង់ឲ្យមានការផ្លាស់ប្តូរ” បន្ទាប់ពីកម្លាំងប្រជាធិបតេយ្យមានការរួបរួមគ្នាជាធ្លុងមួយ។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ទៀតថា “ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ពួកគាត់ក្នុងការផ្លាស់ ប្តូរ យើងត្រូវការការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អាស្រ័យហេតុនេះ យើង បានស្នើដល់ប្រទេសជប៉ុន ជួយដល់ការបោះឆ្នោត មិនគ្រាន់តែបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែដំណើរការ នៅមុនការបោះឆ្នោត”។

ជាការឆ្លើយតប ប្រធានគណបក្សប្រជាធិបតេយ្យជប៉ុន បានបញ្ជាក់ថា “ប្រទេសជប៉ុនចង់ឃើញ ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្ដិធម៌ និងដំណើរការល្អប្រសើរ”៕

CNRP ៖ ប្រជាពលរដ្ឋខ្មែរ ចង់ឲ្យមានការផ្លាស់ប្តូរ