WWF៖ អត្រា​ស្លាប់​ត្រី​ផ្សោត​ទន្លេ​មេគង្គ​ធ្លាក់​ចុះ

ការ​ស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធនធាន​ធម្មជាតិ ប្រចាំ​នៅ​កម្ពុជា (WWF-Cambodia) បង្ហាញ​ថា អត្រា​ស្លាប់​ត្រី​ផ្សោត​ទន្លេ​មេគង្គ បាន​ធ្លាក់​ចុះ​ជា​លំដាប់ ដែល​អាច​ជា​ក្តី​សង្ឃឹម​មួយ​ដើម្បី​ជៀសវាង​កា​ស្លាប់​ផុត​ពូជ​នៃ​ប្រភេទ​ត្រី​ផ្សោត​ដ៏​កម្រ​នេះ។

របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គា ទី​១០ ខែ​វិច្ឆិកា បង្ហាញ​ថា អត្រា​ស្លាប់​នៃ​ត្រី​ផ្សោត​បាន​ធ្លាក់​ចុះ​ពី ៧​ភាគរយ កាល​ពី​ឆ្នាំ​២០០៧ មក​ត្រឹម​ជិត ២​ភាគរយ នៅ​ឆ្នាំ​២០១៥ នេះ។ ការ​ធ្លាក់​ចុះ​នៃ​ការ​ស្លាប់​ត្រី​ផ្សោត​នេះ ដោយសារ​តែ​កិច្ច​ខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជលផល និង​អង្គការ WWF ក្នុង​កិច្ច​ការពារ​ជម្រក​ត្រី និង​បំផ្លាញ​ចោល​សំណាញ់​នេសាទ​ត្រី​ខុស​ច្បាប់ ដែល​ជា​មូលហេតុ​ចំបង​បង្ក​ឲ្យ​ត្រី​ផ្សោត​ងាប់។

ប្រធាន​អង្គការ WWF កម្ពុជា លោក ឈិត សំអាត ព្រមាន​ថា ទោះបី​របាយការណ៍​សិក្សា​ថ្មី​នេះ​បង្ហាញ​ថា អត្រា​ត្រី​ផ្សោត​ស្លាប់ បាន​ធ្លាក់​ចុះ​ជា​លំដាប់​ក៏ដោយ ប៉ុន្តែ​អង្គការ​និង​រដ្ឋាភិបាល​នឹង​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​ទ្វេ​ដង​ដើម្បី​ទប់ស្កាត់​ត្រី​ផ្សោត​ងាប់។ កិច្ច​ខំ​ប្រឹងប្រែង​ចាំបាច់​មួយ​ដើម្បី​រក្សា​កំណើន​ត្រី​ផ្សោត​នោះ គឺ​ការ​ទប់ស្កាត់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong) នៅ​ប្រទេស​ឡាវ និង​គម្រោង​វារីអគ្គិសនី​ដប់​កន្លែង​ផ្សេង​ទៀត​នៅ​តាម​ទន្លេ​មេគង្គ។ បច្ចុប្បន្ន​ត្រី​ផ្សោត​មាន​ចំនួន ៨០​ក្បាល នៅ​តាម​ដង​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។