​បង្ហាញមុខ​សញ្ញា​ក្រុម​ជនដៃដល់ កាប់​ភាគី​ម្ខាង​ដាច់​ដៃ នៅ​សង្កាត់​អូរ​អំបិល

បន្ទាយមានជ័យ: កម្លាំង​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​នគរបាល ក្រុង​សិរីសោភ័ណ បាន​ស្រាវជ្រាវ​យ៉ាងសកម្ម ឈានដល់​ការបង្ក្រាប​ជនដៃដល់ និង​បក្ខពួក ដែល​បាន​ប្រើ​អំពើហិង្សា ធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ បណ្តាល​ឲ្យ​ដាច់​ដៃស្តាំ​នោះ បង្ហាញ​ជា​សាធារណៈ ។​

​លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរង ទទួលបន្ទុក​ការិយាល័យ កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា​៖ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ជំនាញ ការិយាល័យ​កណ្តាល នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ កម្លាំង​នគរបាល​អធិការដ្ឋាន ក្រុង​សិរីសោភ័ណ ចុះ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ លើ​ករណី​ហិង្សា កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នៅ​ខាងត្បូង​ស្ពាន​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ កន្លងទៅនេះ ត្រូវបាន​សមត្ថកិច្ច វែកមុខ​ជនដៃដល់ និង​បក្ខពួក​សរុប​ចំនួន ៩ នាក់ ស្រី​៣​នាក់ នៅ​ក្រុង​សិរីសោភ័ណ ចំនួន​៣​នាក់ ស្រី​ទាំង​៣​នាក់ និង​ប្រុស​ចំនួន​៦​នាក់ នៅ​ស្រុក​មង្គល​បូរី ។

​ចំពោះ​ជនដៃដល់ ក្នុង​អំពើហិង្សា​នេះ ឈ្មោះ​ឡង ស៊ី​ណូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​គោក​ព្នៅ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ ជាមួយនឹង​ការចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ដាវ​សា​ម៉ូ​រៃ ចំនួន​១ ដែល​បាន​កាប់​ទៅលើ ជនរងគ្រោះ​ផងដែរ ។

​លោក​ស្នងការរង បាន​បញ្ជាក់ថា​៖ ជនសង្ស័យ បច្ចុប្បន្ន កំពុង​សួរចម្លើយ នៅ​អធិការដ្ឋាន​នគរបាល ក្រុង​សិរីសោភ័ណ មុននឹង​បញ្ជូន មកកាន់​ស្នងការដ្ឋាន អនុវត្ត​បន្ត តាម​នីតិវិធី​៕V​/S