ខឹង​ម្តាយ មិន​ព្រម​ចូល​ដណ្តឹង​កូន​គេ​ឲ្យ ចងក​សម្លាប់ខ្លួន​

ត្បូងឃ្មុំ: យុវជន​ម្នាក់ ខឹង​ម្តាយ មិន​ទៅ​ចូល​ដណ្តឹង​កូន​គេ​ឲ្យ សម្រេចចិត្ត​ចងក នៅក្នុង​បង្គន់ ខាងក្រោយ​ផ្ទះ សម្លាប់​ខ្លូន ។ ហេតុការណ៍​ប្រទះឃើញ និង​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង​ជិត ៩ យប់ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា យុវជន​ដែល​បាន ចងក​សម្លាប់ខ្លួន ឈ្មោះ អ៊ុន សាក់​ឡូ ហៅ ក្លូ អាយុ​២២​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ ឈ្មោះ អុន សា​មាន​អាយុ ៥៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខ​របរ​ស៊ីឈ្នួល​លាងចាន តាម​រោងការ ឬ​បុណ្យ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​តាម​ម្តាយ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់ ពីមុន​ជា​មនុ​ស្សញៀន​ស្រា ដើរលេង​ផ្តេសផ្តាស មិនសូវ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ទេ​។ តែ​ក្រោយមក គេ​មិន​ដើរ​ផឹកស៊ី​ទៀត​ទេ ហើយ​គេ​ស្រឡាញ់​ស្រី​ម្នាក់ ជា​អ្នកមាន​ទីលំនៅ​ភូមិ​ជាប់​គ្នា​។ ចាប់ពី​គេ​ស្រឡាញ់​ស្រី​នោះមក គេ​តែងតែ​មក​រំអុក​រូបគាត់ ឲ្យ​ទៅ​ស្តីដណ្តឹង​រៀបការ​។ តែ​ដោយ​រូបគាត់ មាន​ជីវភាព​ខ្វះខាត ព្រោះ​មានមុខ​របរ ត្រឹមតែ​ស៊ីឈ្នួល​លាងចាន តាម​ចុងភៅ​ការ ឬ​បុណ្យទាន​ផ្សេងៗ គាត់​ពុំមាន​លទ្ធភាព ចូល​ស្តីដណ្តឹង​ស្រី​នោះ តាមចិត្ត​កូន​បានទេ​។ គាត់​ចេះតែ​អង្វរ​កូន​ឲ្យ​រងចាំៗ រហូតមក​។

​នៅ​ល្ងាច​ថ្ងៃកើតហេតុ គាត់​ឃើញ​កូន​គាត់ និយាយ​ទូរស័ព្ទ​យ៉ាងយូរ ក្រោយមក ក៏​មក​តឿន​គាត់​ឲ្យ​ទៅ​ស្តីដណ្តឹង​ម្តងទៀត ហើយ​គំរាម​គាត់​ថា​៖ បើ​ម៉ែ​ឯង មិន​ទៅ​ដណ្តឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​នឹង​សម្លាប់ខ្លួន​។ គាត់​មិន​នឹកស្មានថា កូន​គាត់ មិន​ហ៊ាន​សម្លាប់ខ្លួន គាត់​ក៏​ភ្លយមាត់​ថា ហ្អែ​ង​ចង់​ងាប់ ងាប់​ទៅ​..! ហើយក៏​បែក​គ្នា​ទៅ​សម្រាក​។

​លុះដល់​ម៉ោង​ប្រហែល ១០ យប់ បាត់​កូន​មិនឃើញ​មក​ដេក ក៏​ដើររក ស្រាប់តែ​ឃើញ​កូន ចងក ក្នុង​បន្ទប់​បង្គន់ ស្លាប់​បាត់ទៅហើយ ហើយ​គាត់​ក៏​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ឲ្យ​បានដឹង​ករណីនេះ​។ ក្រោយពី​ទទួល​ព័​ត៌​ភ្លាម សម្ថ​កិច្ច​នគរបាល​ក្រុង​សួង ចុះមក​ពិនិត្យ ឃើញថា ពិតជា​ស្លាប់ ដោយ​ការធ្វើអត្តឃាត​ពិតមែន ៕V​/S