លោក កឹម​ សុខា​ ៖ ជប៉ុនចង់ឃើញ​ការបោះឆ្នោតនៅកម្ពុជា​ប្រព្រឹត្តទៅដោយសេរី ​ត្រឹមត្រូវ ​និងយុត្តិធ៌ម

រាជធានីភ្នំពេញ ៖ ​អនុប្រធានគណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page ​ផ្លូវការរបស់​លោក​បង្ហោះនៅ​ព្រឹកថ្ងៃទី១១ ​វិច្ឆិកានេះមានខ្លឹមសារទំាងស្រុងថា ​"ព្រឹកថ្ងៃពុធ ទី១១ ​ខែវិច្ឆិកា ឆ្នាំ២០១៥ ​នៅវិមានរដ្ឋសភាជប៉ុន ខ្ញុំ កឹម សុខា ​និងលោក សម រង្ស៊ី ​បានជួបសវនាការ​ជាមួយ​ លោក Katsuya OKADA​ ប្រធានគណបក្សប្រជាធិបតេយ្យជប៉ុន(DPJ) ​គណបក្សក្រៅរដ្ឋាភិបាល ​និងជាសមាជិកសភា​ និងលោកAkira Nagatsuma​ អនុប្រធាន​គណបក្ស​ និងជាសមាជិកសភា។ យើងជម្រាបអំពីស្ថានការណ៍​នយោបាយថ្មីៗ ​ដែលនៅប្រទេសកម្ពុជាបច្ចុប្បន្ន ​“ប្រជាពលរដ្ឋខ្មែរចង់ឲ្យ​មានការផ្លាស់ប្តូរ” បន្ទាប់ពីកម្លាំង​ប្រជាធិបតេយ្យមានការរួបរួមគ្នាជាធ្លុងមួយ។ ​ដើម្បីឆ្លើយតបទៅនឹងបំណង​ប្រាថ្នារបស់ពួកគាត់ក្នុងការផ្លាស់ប្តូរ ​យើងត្រូវការការបោះឆ្នោត​មួយប្រកប​ដោយ​សេរី​ ត្រឹមត្រូវ និងយុត្តិធម៌ ។​ ​ អាស្រ័យហេតុនេះ យើងបានស្នើដល់ប្រទេសជប៉ុន​ ជួយដល់ការបោះឆ្នោត មិនគ្រាន់តែ​បច្ចេកទេសប៉ុណ្ណោះទេ ​ប៉ុន្តែ​ដំណើរការនៅ​មុន​ការបោះឆ្នោត ។ ជាការឆ្លើយតប​ ប្រធានគណបក្សប្រជាធិបតេយ្យជប៉ុន ​បានបញ្ជាក់ថា “ប្រទេសជប៉ុនចង់ឃើញ ​ការបោះឆ្នោតនៅកម្ពុជា ​ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ​ យុត្ដិធម៌ និង​​ដំណើរការល្​អប្រសើរ”៕