កីឡាករសំខាន់ៗអវត្តមានពេល អង់គ្លេស ប៉ះ អេស្ប៉ាញ និងបារាំង

ក្រុងឡុងដ៍៖ កីឡាករឆ្នើមៗមានដូចជា James Milner, Theo Walcott, Danny Ings, Phil Jagielka និង Alex Oxlade-Chamberlain សុទ្ធតែមិនអាចចូលជួយក្រុម ជម្រើសជាតិតោកំណាចអង់គ្លេសបានដូចគ្នាដោយសារតែបញ្ហារបួស ពេលក្រុមតោជួបក្រុមជម្រើសជាតិអេស្ប៉ាញ និងបារាំងក្នុងមិត្តភាពអន្តរជាតិក្នុងសប្តាហ៍នេះ ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា James Milner មិនត្រូវបានគ្រូបង្វឹកលោក Roy Hogdson កោះហៅ នោះទេ ដោយសារតែគេកំពុងតែមានបញ្ហារបួសសរសៃពួរជើងរយៈពេល២សប្តាហ៍មកនេះ ដែលបានអវត្តមានក្នុងក្លឹប Liverpool កាលពីថ្ងៃអាទិត្យផងដែរ ពេលប្រកួតចាញ់ក្រុមភ្ញៀវ Crystal Palace ២-១ នៅ Premier League ។

ការអវត្តមានរបស់ Milner នេះដែរ បានបើកឱកាសឲ្យកីឡាកររបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺ Dele Alli និង Eric Dier មានឱកាសបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅក្នុងក្រុមជម្រើសជាតិអង់គ្លេសដែលត្រូវបានលោក Hogdson ទើបតែធ្វើការកោះហៅនោះ ។

គ្រូបង្វឹកដែលបានដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ឡើងទៅប្រកួតពាន UEFA Euro 2016 នៅប្រទេសមុនគេរូបនេះ ដឹកនាំអង់គ្លេសប្រកួតជាមួយនឹងក្រុមភ្ញៀវជម្រើសជាតិគោជល់អេស្ប៉ាញនារាត្រីថ្ងៃសុក្រ នៅកីឡដ្ឋាន Alicante មុនពេលជួបក្រុមជម្រើសជាតិមាន់គកបារាំង នៅសប្តាហ៍ក្នុងកីឡដ្ឋានជាតិ Wembley ៕

កីឡាករសំខាន់ៗអវត្តមានពេល អង់គ្លេស ប៉ះ អេស្ប៉ាញ និងបារាំង