កែវ រំចង់ និង ឡុង សុភី ដឹកដៃគ្នាចូលរួម ប្រកួត Thai Fight នៅថៃ

ភ្នំពេញ៖ នៅចុងឆ្នាំ២០១៥នេះ អ្នកលេងគុនខ្មែរជួរមុខ ២រូប គឺកីឡាករ កែវ រំចង់ និងម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី២ ឡុង សុភី នឹងធ្វើដំណើររួមគ្នា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Thai Fight នៅប្រទេសថៃ ។

ប្រភពព័ត៌មានពីក្លឹបសាលវ័ន្ដកីឡា បានបញ្ជាក់ថា ខណៈពេល ឡុង សុភី បានបង្កើនការហ្វឹកហាត់ជាខ្លាំង បន្ទាប់ពីកីឡាករ២រូបនេះ ត្រូវបានអញ្ជើញឲ្យចូលរួមប្រកួតក្នុងកម្មវិធី Thai Fight នៅថ្ងៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខ ។ ឡុង សុភី នឹងប៉ះកីឡាករជើងខ្លាំង Saen Chai របស់ថៃ ។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលអ្នកលេងជង្គង់ ឡុង សុភី មានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ថៃនេះ ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក៏កន្លងមកអ្នកប្រដាល់ជួរមុខកម្ពុជារូបនេះ ធ្លាប់បានចូលរួមប្រកួតលើឆាកអន្ដរជាតិ ជាច្រើនផងដែរ ជាពិសេសគឺចូលរួមប្រកួតវាយក្នុងទ្រុង MMA ដែលរៀបចំដោយស្ថាប័ន One Championship តែម្ដង ។ ដូច្នេះគេមានសង្ឃឹមខ្ពស់ សម្រាប់ការចូលរួមប្រកួតលើកដំបូង ក្នុងកម្មវិធី Thai Fight នេះ ។

ជាមួយនឹងដំណើររបស់ ឡុង សុភី នេះដែរ ប្រភពខាងលើបានបញ្ជាក់ថា កីឡាករ កែវ រំចង់ ដែលធ្លាប់តែជាសត្រូវលើសង្វៀន ជាមួយកីឡាករ ឡុង សុភី នោះ ក៏នឹងធ្វើដំណើររួមគ្នាផងដែរ ដើម្បីធ្វើការប្រកួតសងសឹកជាមួយកីឡាករ Iquezang Kor Rungthanakeat ដែលទើបតែប្រកួតចាញ់ពិន្ទុ នៅលើទឹកដីវៀតណាម កាលពីពេលថ្មីៗកន្លងទៅដែរ ៕

កែវ រំចង់ និង ឡុង សុភី ដឹកដៃគ្នាចូលរួម ប្រកួត Thai Fight នៅថៃ

កែវ រំចង់ (ឆ្វេង) និង ឡុង សុភី