ហ៊ុយ យ៉ាឡេង ទន្ទឹង​ចាំដំណឹង​ពី Angelina Jolie


ហ៊ុយ យ៉ាឡេង ទន្ទឹង​ចាំដំណឹង​ពី Angelina Jolie

លោក ហ៊ុយ យ៉ាងឡេង កំពុង​រង់ចាំ​ដំណឹង​ពី​ក្រុម​ការងារ​របស់ Angelina Jolie ក្នុង​នាម​បេក្ខជន​ម្នាក់ ដែល​ជាប់​ក្នុង​ដំណាក់​កាល​សាកល្បង​សមត្ថភាព ដើម្បី​ចូលរួម​ថត​ភាពយន្ត​រឿង”ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​ខ្ញុំ” ខណៈ​កំពុង​រៀប​ចំ​ដំណើរ​ការ​ថត​នៅ​ខេត្ត​សៀមរាប។

 

ហ៊ុយ យ៉ាឡេង ទន្ទឹង​ចាំដំណឹង​ពី Angelina Jolie

 

 ហ៊ុយ យ៉ាឡេង ក្នុង​សកម្មភាព​ដឹក​នាំ​រឿង

 

“ដំបូង​គេ​ប្រាប់​មក​ថា ខ្ញុំ​ជាប់​ហើយ ប៉ុន្តែ​ដល់​ពេល​នេះ​ហើយ ដូច​មិន​ទាន់​មាន​នរណា​ទាក់ទង​មក​សោះ ខ្ញុំ​ដូច​អត់​សូវ​យល់​ពី​របៀប​ធ្វើ​ការ​បែប​នេះ​ដែរ”។ លោក ហ៊ុយ យ៉ាងឡេង ប្រាប់​មក​កាន់ Sabay ព្រឹក​មិញ។ ចាងហ្វាង​ផលិតកម្ម មាតុចក្រហ៊្វីលម៍ រូប​នេះ​បន្ត​ថា ជា​ទូទៅ​តាម​បទ​ពិសោធន៍​របស់​លោក​ជា​អ្នក​ដឹក​នាំ​រឿង​ម្នាក់​ដែរ ប្រសិន​បើ​មាន​តារា​ណា​ជាប់​ដំណាក់​កាល​សាក​ល្បង​សមត្ថភាព​ហើយ ផលិតកម្ម​ត្រូវ​ណាត់​ជួប​វាយ​តម្លៃ ឬ​ចរចា​គ្នា​រឿង​តម្លៃ​ថត និង​ពេល​វេលា​ថត​ជា​ដើម។

 

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​អះអាង​ថា មិន​ទាន់​បាន​ទទួល​ដំណឹង​ណា​មួយ​ពី​ក្រុម​ការងារ​ផលិត​នោះ​ទេ សូម្បី​តួ​សម្ដែង​ផ្សេង​ទៀត ដែល​គ្រោង​នឹង​ហៅ​ទៅ​ចូលរួម​ថត​ភាពយន្ត​នេះ ក៏​មិន​ទាន់​មាន​នរណា​ទាក់ទង​ដែរ។ អ្នក​ដឹក​នាំ​រឿង​ដដែល​បន្ថែម​ថា ការ​ផ្សព្វផ្សាយ​ហាក់​មាន​លក្ខណៈ​ចង្អៀត និង​មាន​ការ​ចំណាយ​ត្បិតត្បៀត ដែល​មិន​មែន​ជា​ចរិត​របស់​ហូលីវូដ​នោះ​ទេ។

 

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​នឹង​បន្ត​រង់ចាំ​ដំណឹង​ពី​ក្រុម​ការងារ​ផលិត​របស់ Angelina Jolie ក្នុង​ការ​ចូលរួម​ថត​ភាពយន្ត​ខាង​លើ។ លោក​មាន​ប្លង់​ថត​សម្រាប់​តែ​ខេត្ត​សៀមរាប​ប៉ុណ្ណោះ ដោយ​អះអាង​ថា គ្រប់​តួ​សម្ដែង​មាន​ប្រភព​មក​ពី​ខេត្ត​ណា គឺ​ត្រូវ​ទៅ​ថត​នៅ​ខេត្ត​នោះ​វិញ​មិន​អាច​ឆ្លង​ខេត្ត​បាន​ទេ ជា​ហេតុ​នាំ​ឱ្យ​រឿង”ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​ខ្ញុំ” ត្រូវ​ការ​តួ​សម្ដែង​ច្រើន​រហូត​ជាង ២០០០ នាក់។

 

លោក​អះអាង​ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ប្រសិន​បើ​​ខកខាន​ឱកាស​នេះ ព្រោះ​កន្លង​មក​អ្នក​ដឹក​នាំ​រឿង​ខាង​លើ តែង​បង្ហាញ​ជំហរ​ចង់​ស្វែងយល់​ពី​បច្ចេកទេស​ផលិត​កុន​របស់​ក្រុម​ការងារ​ហូលីវូដ ក្នុង​បំណង​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​បង្កើន​គុណភាព​ស្នាដៃ​របស់​លោក​ក្រោយៗ​ទៀត ដែល​ជា​ផ្នែក​មួយ​ចូលរួម​លើក​ស្ទួយ​វិស័យ​សោតទស្សន៍​នៅ​កម្ពុជា៕​​

 

អាន​អត្ថបទ៖  អត្ថន័យ​រូប​ថត ៣ សន្លឹក មុន​ភាព​ជោគជ័យ​ធ្លាក់​ដល់​ដៃ នី រតនា

អាន​អត្ថបទ៖  ដឹង​ថា​ភាពយន្ត​ខ្មែរ​ប៉ុន្មាន​រឿង​កំពុង​ដំណើរការ​ថត​?

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ