មេដឹកនាំ CNRP ប្រាប់​ភាគី​ជប៉ុន​ថា ពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​ភាគី​ជប៉ុន​ជួយ​ទាំង​ផ្នែក​បច្ចេកទេស និង​ដំណើរការ​មុខការ​បោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​នៅ​ក​ម្ព​ជា​។ សំណើរ​នេះ ធ្វើឡើង​នៅ​វិមាន​រដ្ឋសភា​ជប៉ុន នាពេល​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ ក្នុងជំនួប ជាមួយ លោក Katsuya OKADA  និង លោក Akira Nagatsuma  ដែលជា​ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន ព្រមទាំង​ជា​សមាជិក​រដ្ឋសភា ផងដែរ​។ 

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន លោក កឹម សុខា អនុប្រធាន​បក្សប្រឆាំង បាន​ថ្លែង​សារ​នយោបាយ​ជុំវិញ​ស្ថានការណ៍​នយោបាយ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដល់​ភាគី​ជប៉ុន​។ លោក​បាន​អះអាង​ប្រាប់​ភាគី​ជប៉ុន​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ បន្ទាប់ពី​កម្លាំង​ប្រជាធិបតេយ្យ​មានការ​រួបរួមគ្នា​។ អនុប្រធាន​បក្សប្រឆាំង​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា «​ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ផ្លាស់ប្តូរ យើង​ត្រូវការ​ការបោះឆ្នោត​មួយ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។

​លោក កឹម សុខា បាន​បន្ថែមទៀតថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ដល់​ប្រទេស​ជប៉ុន ឲ្យ​ជួយ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា ទាំង​ផ្នែក​បច្ចេកទេស និង​ដំណើរការ​មុន​ការបោះឆ្នោត​ឈាន​មកដល់​។

​ទាក់​ទាង​នឹង​សំណើរ​នេះ លោក Katsuya OKADA  ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន និង​ជា​សមាជិក​រដ្ឋសភា បាន​ឆ្លើយតប​ថា​ប្រទេស​ជប៉ុន​ចង់ឃើញ ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ យុត្ដិធម៌ និង​ដំណើរការ​ល្អប្រសើរ​៕