បេក្ខជន​គ្មាន​បក្ស លោក Soe Thein ឈ្នះ​កៅអី​សភាជាន់​ខ្ពស់​ប្រចាំ​រដ្ឋ Kayah

​បេក្ខជន​ឯករាជ្យ លោក Soe Thein បានឈ្នះ​កៅអី​ព្រឹទ្ធសភា ប្រចាំ​រដ្ឋ Kayah ក្នុងចំណោម​អាសនៈ​ព្រឹទ្ធសភា​ចំនួន​៦​នា​ការបោះឆ្នោត​សកល​នៅ​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។ នេះ​បើ​យោងតាម​លទ្ធផល​បណ្តោះអាសន្ន​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​។​

​លោក Soe Thein វ័យ​៦៦​ឆ្នាំ មាន​តំណែង​ជា​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​២០១២ មក ហើយ​លោក​ក៏​ជា​អតីត​មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ផងដែរ​។ លោក​បាន​សម្រេចចិត្ត​ដើរ​ចេញពី​គណបក្សកាន់អំណាច USDP ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ​ក្នុងការ​ឆ្នោត​បែប​ប្រជាធិបតី​ជា​ប្រវត្តិសាស្ត្រ​នៅ​មី​យ៉ាន់​ម៉ា​។​

​បុរស​ដែលជា​អតីត​ប្រធាន​គណៈកម្មការ​វិនិយោគ​មី​យ៉ាន់​ម៉ា​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣ ផងដែរ​នោះ បានឈ្នះ​កៅអី​១​ក្នុងចំណោម​កៅអី​ព្រឹទ្ធសភា ៦​នៅ​រដ្ឋ Kayah ភាគ​ខាងកើត​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​អាសនៈ​ចំនួន​៥ បាន​ទៅលើ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) និង​១​ទៀត បាន​ទៅ​គណបក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ (USDP)​។​

​នៅ​រដ្ឋ Kayah នេះ​ផងដែរ សម្រាប់​អាសនៈ​សភាជាតិ គណបក្សប្រឆាំង NLD ឈ្នះ​អាសនៈ​៤ គណបក្សកាន់អំណាច USDP បាន​១ ។ រីឯ​ការប្រកួតប្រជែង​ថ្នាក់​តំបន់ NLD ឈ្នះ​៥​អាសនៈ USDP ឈ្នះ​១ ៕