កម្មកររោងចក្រ ហុង សេន ជាង៣០០នាក់ លើកគ្នាមកសុំ អន្តរាគមន៍ពីរដ្ឋមន្រ្តី ក្រសួងការងារ ជាលើកទី២

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ ហុង សេន ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់ រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បាននាំគ្នាហែក្បូនមក សុំកិច្ចអន្តរាគមន៍ ពី លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជាថ្មីម្តងទៀតក្រោយពីផ្ទុះកូដកម្ម អស់រយៈពេលជាច្រើនថ្ងៃកន្លងមក ដើម្បីទាមទារលក្ខខណ្ឌ ការងារមួយចំនួន។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់ឲ្យដឹងថា ក្រោយពីផ្ទុះកូដកម្ម កាលពីថ្ងៃទី២៨ តុលា ក្រុមកម្មករក៏បាននាំគ្នាមកក្រសួង ម្តងរួចមកហើយ កាលពីថ្ងៃទី៦ វិច្ឆិកា ប៉ុន្តែក្រសួងនៅតែមិនព្រមចេញ មុខមកដោះស្រាយឡើយ។

លោកថា កាលពីថ្ងៃម្សិលមិញនេះ ខាងគណៈកម្មាធិការដោះស្រាយវិវាទការងារកូដកម្មបាតុកម្ម បានសន្យាថា នឹងចូលរូមដោះស្រាយ ប៉ុន្តែមិនឃើញអញ្ជើញ មកដោះស្រាយឡើយ ទើបនៅព្រឹកថ្ងៃទី១១ វិច្ឆិកានេះ ពួក កម្មករលើកគ្នាមកតែម្តង។

លោកបន្តថា ជារឿយៗឲ្យតែកម្មករមានបញ្ហានៅតាមបណ្តាខេត្តនានា ពួកគេមិនសូវទទួលបាន ដំណោះស្រាយ ភ្លាមៗនោះទេ ច្រើនតែអាជ្ញាធរ នឹងភាគីពាក់ព័ន្ធបង្អែបង្អង់មិនដោះស្រាយឲ្យ ដូច្នេះលោកស្នើលោករដ្ឋមន្រ្តីជួយ ចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ដើម្បីឲ្យកម្មករបានចូលធ្វើការដូចដើម។ លោកក៏បានស្នើឲ្យថៅកែ រោងចក្រ ដកពាក្យបណ្តឹងនានាពីក្រុមកម្មករផងដែរ៕

កម្មកររោងចក្រ ហុង សេន ជាង៣០០នាក់ លើកគ្នាមកសុំ អន្តរាគមន៍ពីរដ្ឋមន្រ្តី ក្រសួងការងារ ជាលើកទី២

កម្មកររោងចក្រ ហុង សេន ជាង៣០០នាក់ លើកគ្នាមកសុំ អន្តរាគមន៍ពីរដ្ឋមន្រ្តី ក្រសួងការងារ ជាលើកទី២