​ប្រជា​សហគមន៍ មកពី​៧​ខេត្ត ទទួលបាន​វគ្គ​បណ្តុះបណ្តាល ពី​ក្រសួងបរិស្ថាន

ខេត្តកំពង់ធំ: ប្រជា​សហគមន៍ មកពី​ខេត្ត​ចំនួន​៧ ប្រមាណ​១០០​នាក់ ក្នុងនោះ​មាន​ខេត្តកំពង់ធំ ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្តរតនគិរី  ទទួលបាន​វគ្គ​បណ្តុះបណ្តាល ពី​ក្រសួងបរិស្ថាន ស្តីពី​សហគមន៍​យើង ជា​ក្តីសង្ឃឹម​យើង នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​គោលបំណង​សំខាន់ នៃ​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​រួមចំណែក​បំពេញ នូវ​តម្រូវការ​ជា​មូលដ្ឋាន ក្នុង​សហគមន៍ ឱ្យទទួល​បាន​នូវ​បរិស្ថាន​ស្អាត សុខុមាលភាព និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ឱ្យបាន​ល្អប្រសើរ ក៏ដូចជា​ទទួលបាន​នូវ​ទឹកស្អាត អនាម័យ សន្តិសុខ​ស្បៀង សុខភាព អាហារូបត្ថម្ភ និង​ជំរុញ​ការលើកទឹកចិត្ត ដល់​សហគមន៍ ឱ្យ​រួមគ្នា​អភិរក្ស និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន របស់ខ្លួន​ឱ្យមាន​ការរីកចម្រើន ទៅ​អនាគត​។​

​លោក អ៊ុក ណា​វ៉ាន់ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានគិត​គូរ និង​ដឹង​ពី​ភាពចាំបាច់ នៃ​ការចូលរួម នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការថែរក្សា​ព្រៃឈើ របស់​សហគមន៍​មូលដ្ឋាន ដោយ​ក្នុងនោះ ក្រសួងបរិស្ថាន កំពុង​ខិតខំ​ប្រឹងប្រែង​ព្យាយាម រក​វិធីសាស្ត្រ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ដើម្បី​ធានាបាន​ការចូលរួម យ៉ាង​ពេញលេញ ក្នុងការ​អភិរក្ស​ធន​ធាន​ធម្មជាតិ សំដៅ​ឆ្ពោះ​រក​គោលដៅ​សហគមន៍​យើង ជា​ក្តីសង្ឃឹម​យើង តាមរយៈ ការរៀបចំ​បង្កើត​សហគមន៍ ក្នុង​តំបន់ការពារធម្មជាតិ សរុប​ចំនួន​១២៩​សហគមន៍​៕V​