​យល់ដឹង​ខ្លះៗ ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​

ភ្នំពេញ: ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ គឺជា​ទិវា​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​។ បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​គឺជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ជា​រៀងរាល់ឆ្នាំ នៅ​ទីក្រុង​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​ភាគ​ច្រើនឡើង​មកពី​ជនបទ​បាន​ចូលរួម​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា តើ​ពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​មាន​ទំនាក់ទំនង​គ្នា​យ៉ាងណាខ្លះ​?

​បើ​មើល​តែ​ទៅលើ​ឈ្មោះ​នៃ​ពិធី យើង​នឹង​ឃើញថា ពិធី​ទាំងនេះ​មាន​និយមន័យ​ផ្សេងគ្នា ហើយ​វា​មាន​ទិសដៅ​ផ្សេងគ្នា​ផងដែរ​។ ជាទូទៅ​ពិធីបុណ្យ​អុំទូក ត្រូវបាន​គេ​ជឿថា ប្រារព្ធ​ធ្វើ​តាំងពី​សម័យបុរាណ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​ខ្មែរ ដែល​បាន​រំដោះទឹកដី​រួចផុត​ពី​ការជិះជាន់ របស់​ពួក​ខ្មាំងសត្រូវ​(​ពួក​ចាម​)​។​

​នៅតាម​ជញ្ជាំង​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់ទង​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទំនៀមទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេស​ការធ្វើ​សឹកសង្គ្រាម​ជាមួយ​ពួក​ចាម ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ទទួលបាន​ជ័យជម្នះ​យ៉ាង​ធំធេង​តាមរយៈ​ចម្បាំង​កងទ័ពជើងទឹក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ចម្បាំង​កងទ័ពជើងទឹក ដែល​ត្រូវបាន​គេ​ឆ្លា​ក់ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរ​ឲ្យ​គយគន់​ខ្លាំងណាស់​។ ចម្លាក់​នៃ​កងទ័ពជើងទឹក​នេះ​ត្រូវបាន​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចងចាំ​ពី​គុណបំណាច់​របស់​បុព្វបុរស​ខ្លួន ដែល​បាន​រំដោះទឹកដី​ឲ្យ​រួច​ពី​ការត្រួតត្រា​របស់​ខ្មាំងសត្រូវ ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​រំឭក​គុណបំណាច់​ដ៏​ថ្លៃថ្លា​នេះ​ជា​រៀងរាល់ឆ្នាំ​។ ពិធី​នេះ មាន​តាំងពី​សម័យ​មហា​អង្គរ​រហូតមក ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យអុំទូក ដើម្បី​ធ្វើការ​ប្រលង​ប្រណាំងទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មកពី​គ្រប់​ខេត្ត​ក្រុង​។​

​ចំណែក​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ​វិញ បើ​យោងទៅតាម​អ្នក​កាន់​ព្រះពុទ្ធសាសនា គឺជា​ពិធី​មួយ ដែល​គេ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​ដល់​ការបំពេញ​បុណ្យ​បារមី របស់​ព្រះ​ពោធិសត្វ​ក្នុងពេលដែល​យោនយកកំណើត​ជាស​ត្វ​ទន្សាយ​។ សស​បណ្ឌិត ដែលជា​ទន្សាយ​ពោធិសត្វ បាន​បូជា​ខ្លួនប្រាណ​លោត​ចូល​គំនរ​ភ្លើង​ដ៏​ធំ ដើម្បី​ចម្អិន​សាច់​ឲ្យ​ជា​អាហារ​ដល់​ឥន្ទព្រាហ្មណ៍ ដែល​មក​ប្រាប់ថា​ខ្លួន​អត់​អាហារ​ជាច្រើន​ថ្ងៃ​មកហើយ​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ព្រះឥន្ទ​យក​ថ្ម​ទៅ​គូស​ជាស​ត្វ​ទន្សាយ នៅ​មណ្ឌល​ព្រះ​ច័ន្ទ​។​

​ពិធី​បណ្តែតប្រទីប បើ​យោងទៅតាម​ខ្មែរ​បុរាណ ពិធី​នេះ​ជាការ​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ព្រះ​គង្គា ដែល​បាន​ផ្តល់នូវ​ទឹក​សម្រាប់​ស្រោចស្រព​ស្រែចម្ការ​ច្បារ​ដំណាំ​។ បើតាម​អ្នក​កាន់​ព្រះពុទ្ធសាសនា​វិញ ពិធី​នេះ​ធ្វើឡើង​ដើម្បី​បូជា​ដល់​សា្ន​ម​ព្រះ​បាទា​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​ប្រតិស្ឋាន​នៅ​នា​ស្ទឹង​នម្ម​ទា​។ ងាក​មក​មើល​ប្រវត្តិ​នៃ​ពិធី​នេះ ជាមួយនឹង​អ្នកស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​វិញ​ម្តង​។ លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​ពី​ខ្លឹមសារ​នៃ​ពិធី​នេះ​ថា ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ដែល​យើង​មើលទៅ​ឃើញថា​ផ្សេង​ពីគ្នា​នោះ តាមពិតទៅ​គឺជា​រឿង​តែមួយ ហើយ​មាន​ទិសដៅ​តែមួយ​ប៉ុណ្ណោះ​។ តាម​លោក​សាស្ត្រាចារ្យ ពិធី​នេះ​គឺ​គេ​ធ្វើឡើង​ទាក់ទង​នឹង​រឿង​ធម្មជាតិ​។ រឿង​ធម្មជាតិ ដោយហេតុថា ពិធី​នេះ​គេ​ធ្វើឡើង​ទាក់ទង​នឹង​រឿង​ធ្វើ​កសិកម្ម​។​

​លោក​ពន្យល់ថា ការដែល​អះអាងថា​ពិធី​នេះ​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ ឬ​សាសនា​នោះ ក៏​ដោយសារ​ឥទ្ធិពល​ដែល​ខ្មែរ​យើង​ទទួលបាន​ពី​ឥណ្ឌា ហើយ​យើង​ក៏​យកមក​បកស្រាយ​តាម​ក្រោយ​តែប៉ុណ្ណោះ​។ មាន​មូលដ្ឋាន​ច្រើន​ដែល​អាច​បញ្ជាក់ថា ពិធី​នេះ​ទាក់ទង​នឹង​ធម្មជាតិ ដោយហេតុថា ខ្មែរ​បុរាណ ក៏ដូចជា​ប្រជាជាតិ​ជា​ច្រើ​នៅ​អាស៊ី ក្រោយពី​ទទួល​ភោគផល​ស្រែចម្ការ​ពី​ធម្មជាតិ​ហើយ ក៏​រៀបចំ​ពិធី​ផ្សេងៗ​ដើម្បី​សងគុណ​ចំពោះ​ធម្មជាតិ​វិញ​។​

​តាម​លោក អ៊ឹម សុខ​រិទ្ធី ពិធី​អុំទូក និង​បណ្តែតប្រទីប​ជា​និមិត្តរូប​នៃ​ពិធី​បណ្តេញ​ទឹក ត្រឡប់​ទៅ​ទន្លេ​សមុទ្រ​វិញ ក្រោយពី​រដូវ​ស្សា​ជាច្រើន​ខែ​មក ហើយ​ពិធី​អកអំបុក​ជា​និមិត្តរូប​នៃ​ភាព​បរិបូណ៌​នៃ​ភោគផល​ស្រែ​ដំណាំ​។ ឯ​ព្រះ​ចន្ទ​ឬ​ដួងខែ​ជា​និមិត្តរូប​នៃ​ពន្លឺ ដែល​អាច​ឲ្យ​គេ​ប្រកបការងារ​កសិកម្ម​ទៅបាន​។ ពិធីបុណ្យ​អុំទូក សំពះ​ព្រះ​ខែ និង​អកអំបុក​នេះ មិន​ត្រឹមតែ​ដើម្បី​បណ្តេញ​ទឹក​ទៅវិញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឡើង​ដើម្បី​សុំ​ទឹកភ្លៀង​សម្រាប់ធ្វើ​ស្រែចម្ការ​ក្នុង​ឆ្នាំ​ថ្មី​ផងដែរ​៕

​យល់ដឹង​ខ្លះៗ ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​

​យល់ដឹង​ខ្លះៗ ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​

​យល់ដឹង​ខ្លះៗ ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​