ក្រសួង​មុខងារសាធារណៈ ចាប់ផ្តើម​ជំរឿន​គ្រូបង្រៀន ដើម្បី​ដំឡើង​ប្រាក់ខែ​ឱ្យបាន ១ លាន​រៀល នៅ​ឆ្នាំ​២០១៨

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​មុខងារសាធារណៈ បាន​អះអាងថា គ្រូបង្រៀន​នៅ​ទូទាំងប្រទេស​ប្រមាណ​ជាង ១១ ម៉ឺន​នាក់ ត្រូវបាន​ចាប់ផ្តើម​ធ្វើ​ជំរឿន​ដើម្បី​ស្រង់​យក​ទិន្ន័យ​ឱ្យបាន​ជាក់លាក់ ដំឡើង​ប្រាក់ខែ​ឱ្យបាន ១ លាន​រៀល នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ក្នុង​ពិធី​ជំរឿន​ទៅលើ​គ្រូបង្រៀន ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ជុក មុន្នី អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៨​ខាងមុខ រាជរដ្ឋាភិបាល​មាន​គម្រោង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ឱ្យបាន ១ លាន​រៀល​។ ដូច្នេះ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​នៃ​ការដំឡើង​ប្រាក់ខែ​នេះ រាជរដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ធ្វើ​ជំរឿន​ស្រង់​ទិន្ន័យ​គ្រូបង្រៀន​ឱ្យបាន​ច្បាស់លាស់​ថា តើ​ចំនួន​គ្រូបង្រៀន​នៅ​ទូទាំងប្រទេស មាន​ចំនួន​ប្រមាណ​ជាង ១១ ម៉ឺន​នាក់​នេះ បាន​បំពេញភារកិច្ច​ត្រឹមត្រូវ​ឬទេ​? ហើយ​គួរ​បន្ថែម​ក្របខ័ណ្ឌ​សម្រាប់ ឆ្នាំ​២០១៦​ប៉ុន្មាន​នាក់​ទៀត ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​?

​លោក​អនុរដ្ឋលេខាធិការ បានឱ្យដឹង​ទៀតថា តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក ក្រសួង​បាន​រកឃើញថា សាលារៀន​ខ្លះ ពិតជា​មានការ​ខ្វះខាត​គ្រូបង្រៀន​មែន ប៉ុន្តែ​សាលារៀន​មួយចំនួនទៀត មាន​គ្រូ​ច្រើន​លើសលុប បញ្ហា​នេះ​ត្រូវបាន​សន្និដ្ឋានថា បណ្តាលមកពី​ការអនុញ្ញាតឱ្យ​ផ្ទេរ និង​ទទួល​គ្រូ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ដោយ​មិន​បានគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ ពោលគឺ​សាលា ដែលមាន​គ្រូ​តិច​ហើយ​នៅតែ​អនុញ្ញាត​ឲ្យ​ផ្ទេរ រីឯ​សាលា​មាន​គ្រូ​ច្រើន​ហើយ នៅតែ​អនុញ្ញាតឱ្យ​ផ្ទេរ​ចូល​ទៀត​។

​លោក ជុក មុន្នី បាន​បញ្ជាក់ថា គ្រូបង្រៀន​ដែល​ទើប​បញ្ចប់​ការបណ្តុះបណ្តាល​នៅ​សាលា​គរុកោសល្យ តែងតែ​ដាក់ពាក្យ​ទៅ​បង្រៀន​សិស្ស​នៅតាម​តំបន់​ជនបទ​ដែល​ខ្វះ​គ្រូ ប៉ុន្តែ ១ ឆ្នាំ​ឬ ២ ឆ្នាំ​ក្រោយមក គ្រូបង្រៀន​ទាំងនោះ តែងតែបាន​ផ្ទេរ​មក​បង្រៀន​នៅ​សាលា​ក្នុង​ក្រុង ឬ​ទីប្រជុំជន​វិញ ដែលជា​ហេតុ​ធ្វើឱ្យ​សាលារៀន​នៅ​ជនបទ នៅតែ​ខ្វះ​គ្រូបង្រៀន​ដដែល ដូច្នេះហើយ​ទើប​យើង​ធ្វើ​ជំរឿន​៕​

ក្រសួង​មុខងារសាធារណៈ ចាប់ផ្តើម​ជំរឿន​គ្រូបង្រៀន ដើម្បី​ដំឡើង​ប្រាក់ខែ​ឱ្យបាន ១ លាន​រៀល នៅ​ឆ្នាំ​២០១៨

ក្រសួង​មុខងារសាធារណៈ ចាប់ផ្តើម​ជំរឿន​គ្រូបង្រៀន ដើម្បី​ដំឡើង​ប្រាក់ខែ​ឱ្យបាន ១ លាន​រៀល នៅ​ឆ្នាំ​២០១៨