ផ្លូវ​ចំការ​ដូង​ស្ថាបនា​បាន​៩០%​គ្រោង​ប​ព្ចា​ប់​នៅ​ខែធ្នូ ការ​យឺត​យ៉ាវ​កន្លង​មក​ដោយសា​ផល​ប៉ះពាល់​ច្រើន

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ចំការ​ដូង ​ឬ​ផ្លូវ​ជើងឯក​ ដែល​សាលា​រាជធានី​ភ្នំពេញ​ ​បានបើ​ការដ្ឋាន​ស្ថាបនា​កាលពី​អំឡុង​ឆ្នាំ​២០១៣​ កន្លង​មក​នោះ ពេល​នេះ ស្ថាបនា​សរុប​ជា​រួម​បាន​៩០%​ហើយ ហើយ​ការ​យឺត​​យ៉ាវកន្លង​មក ដោយសារ​ផល​ប៉ះពាល់​ច្រើន ដែល​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែធ្នូ​ឆាប់​ៗនេះ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ផ្លូវ​ជើងឯក ​ឬ​ផ្លូវ​២១៧​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ជួសជុល​ឡើង​វិញ ដោយ​ចាក់​បេតុង​ឆ្អឹង​ដែក​មាន​ប្រវែង​៧.៥៣០​ម៉ែត្រ​ទទឹង​២២​ម៉ែត្រ​ ចាប់ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​រហូតដល់​ផ្លូវ​ចូល​សារមន្ទីរ​ប្រល័យ​ពូជ​សាស​ន៏​ជើងឯក ក្នុង​នោះ​ មាន​ស្ថាបនា​ស្ពាន​២​កន្លែង គឺ​ស្ពាន​ភូមិ​ម័​ល​និង​ស្ពាន​ភូមិ​កណ្ដាល ដែល​មក​ដល់ពេល​នេះ​ស្ថាបនា​បាន​៧០%​ហើយ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ប្រសព្វ​ផ្លូវ​លេខ​២១៧​ និង​ផ្លូវ​លេខ​៣៧១​ ក្នុង​ព្រំប្រទល់​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌដង្កោ​ ។

មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​ស្ថាបនា​ស្ពាន​ភូមិ​ម័​ល គិត​ត្រឹម​ថ្ងៃ​ទី​៩​ វិច្ឆិកា ២០១៥​​ អនុវត្ត​ន៏​បាន​៧០%​ហើយ និង​កំពុង​ជំរុញ​បន្ត​ចាក់​បេតុង​កម្រាល​ស្ពាន​មួយ​ចំហៀង​ទៀត និង​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែធ្នូ ​ឆ្នាំ​២០១៥ ​នេះ ។​ មន្ត្រី​ដដែល​បាន​បន្ត​ថា មុន​នឹង​សាងសង់​ស្ពាន សាលា​រាជធានី​ភ្នំពេញ បាននិង​កំពុង​ស្ថាបនា​ពង្រីក​ផ្លូវជើងឯក​ ឬ​ផ្លូវ​លេខ​២១៧​ មាន​ប្រវែង​៧.៥៣០​ម៉ែត្រ​ ចាប់ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​រហូត​ដល់​ផ្លូវ​ចូល​សារមន្ទីរ​ប្រល័យ​ពូជ​​សាសន៍​ជើងឯក​ ដែល​មាន​ទទឹង​២២​ម៉ែត្រ​ និង​ដាក់​លូ​អម​សងខាង​ផ្លូវ​ផង​ដែរ ហើយ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន ធ្វើ​យ៉ាងណា​ស្ថាបនា​ឱ្យ រួច​រាល់​​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

ចំណែក​តំណាង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ចំការ​ដូង ​ឬ​ផ្លូវ​ជើងឯក​នោះ​ បាន​ត្អូញត្អែរ​ថា ភាព​យឺត​យ៉ាវ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​កន្លង​មក ​ដោយសា​រ​តែ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដូច​ជា សំយាប​ របង បង្គោល​ភ្លើង បំពង់​រដ្ឋាករទឹក​ជាដើម ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុមហ៊ុន​នៅ​តែ​ខិតខំ​ធ្វើ​​ឲ្យ​ឆាប់​​ហើយ​ ។​ ជាក់ស្តែង​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​កំពុង​សាងសង់​ស្ពាន និង​ការ​ដាក់​ប្រ​ព័​ន្ធ​លូ ចំណែក​ផ្លូវ​វិញ​ស្ថាបនារួចរាល់ស្ទើរតែ​១០០%​ហើយ មាន​ន័យ​ថា សរុប​ការងារ​ជា​រួមការ​ស្ថាបនា​ផ្លូវ​ជើងឯក​នេះ សម្រេច​បាន​៩០%ហើយ ចំពោះ​​ការងារ​ដែល​នៅ​សេសសល់ គឺ​ការ​ស្ថាបនា​ស្ពាន និង​ដាក់​ប្រ​ព័​ន្ធលូ​បញ្ចប់ ដែល​ក្រុមហ៊ុន​កំពុង​​សម្រុក​​ឲ្យ​រួចរាល់​នៅ​ក្នុង​ខែធ្នូ​ ២០១៥​នេះ ៕​