ម្ចាស់​ម៉ាត SuperDuper និង​អ្នកបកប្រែ ចាប់​ចោរលួច​អីវ៉ាន់​ក្នុង​ម៉ាត​គំរាម​ទារប្រាក់​២០០០​ដុល្លារ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​ចូល​ទៅ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ម៉ាត SuperDuper និង​បាន​លួច​យក​ម្សៅ​ទឹកដោះគោ​កូន​ក្មេង​២​កំប៉ុង​ធំ និង​ស្ក​គ្រាប់​២​ប្រអប់​ដាក់​ក្នុង​កាបូបស្ពាយ តែ​ត្រូវ​បុគ្គលិក​ម៉ាត​មើល​កាមេរ៉ា​ដឹង ក៏​ចាំ​ចាប់​នៅ​ខាងក្រៅ​ម៉ាត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ នៅ​ម៉ាត SuperDuper តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ។ ​តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នោះ គឺ​ជន​សង្ស័យ​ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​បន្ទប់​គំរាម​ទារ​ប្រាក់​២០០០ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ ដោយ​មិន​ប្តឹង​ទៅ​សមត្ថកិច្ច​ទៅវិញ ។

ជនសង្ស័យ​ដែល​លួច​អីវ៉ាន់​ក្នុង​ម៉ាត​ខាង​លើ​​មានឈ្មោះ គឹ​ម លី អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ដើរ​ចូល​ទៅ​ក្នុង​ម៉ាត SuperDuper និង​បាន​ដើរ​មើល​អីវ៉ាន់ ដោយ​ឃើញ​ស្ងាត់​មិន​មាន​មនុស្ស​ក៏​បាន​លួច​យក​ម្សៅ​ទឹកដោះគោ​កូន​ក្មេង​​ម៉ាក Glucerna ២​កំប៉ុង​ធំ និង​ស្ករ​គ្រាប់​២​កញ្ចប់​​ដាក់​ក្នុង​កាបូបស្ពាយ តែ​ត្រូវ​បុគ្គលិក​ម៉ាត​មើល​កាមេរ៉ា​ទាន់ ក៏​ប្រាប់​សន្តិសុខ​ឲ្យ​ចាំ​ចាប់​នៅ​ខាងក្រៅ ក្រោយមក​ជន​សង្ស័យ​នោះ​បាន​ដើរទៅ​កន្លែង​គិតលុយ​ដោយ​យក​តែ​របស់​តិចតួច​ឲ្យ​គេ​គិតលុយ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​គិតលុយ​រួច ក៏​បាន​ដើរ​ចេញ​មក​ក្រៅ​ក៏​ត្រូវ​សន្តិសុខ​ចាប់​ឆែក​ឃើញ​របស់​ដែល​បាន​លួច​នោះ សន្តិសុខ​ក៏​បាន​ទៅ​ប្រាប់​បុគ្គលិក​ម្នាក់​ដែល​ជា​អ្នកបកប្រែ​ឲ្យ​ម្ចាស់​ហាង​ដែល​ជា​ជនជាតិ​បរទេស ជនជាតិ​បរទេស​នោះ​ក៏​បាន​មក​ជាមួយ​ជា​បុគ្គលិក​បកប្រែ​នោះ និង​បាន​នាំ​ជនសង្ស័យ​ទៅ​ក្នុង​បន្ទប់ និង​បាន​និយាយ​គំរាម​ថា បើ​មិន​ឲ្យ​លុយ​២០០០​ដុល្លា​ទេ គេ​នឹង​នាំ​ទៅ​ឲ្យ​សមត្ថកិច្ច និង​បាន​ឲ្យ​ជនសង្ស័យ​នោះ​ទូរស័ព្ទ​ទៅ​ម្តាយ​ក៏​បាន​និយាយ​ជាមួយ​បុគ្គលិក​ដែល​ជា​អ្នកបកប្រែ​ឲ្យ​ម្ចាស់​ហាង​ដែល​ជា​ជនជាតិ​កា​ណា​ដា​នោះ ដោយ​ម្តាយ​ជនសង្ស័យ​បាន​សុំ​អង្វរ ហើយ​គាត់​ថា​គាត់​គ្មាន​លុយ​ទេ តែ​ភាគី​ខាង​ម្ចាស់​ម៉ាត​បាន​និយាយ​ថា បើ​មិន​ឲ្យ​ទេ​គាត់​យក​ទៅ​ឲ្យ​សមត្ថកិច្ច​ហើយ ម្តាយ​ជន​សង្ស័យ​ក៏​បាន​សុំ​ត្រឹម​១០០០​ដុល្លារ​គាត់​នឹង​ទៅ​ខ្ចី​បងប្អូន​គាត់​ឲ្យ ភាគី​ខាង​ម៉ាត​ក៏​យល់ព្រម និង​បាន​ឃុំ​ជនសង្ស័យ​នោះ​អស់​រយៈពេល​៤​ម៉ោង​ទើប​ទូរស័ព្ទ​ទៅ​ម្តាយ​ជនសង្ស័យ​នោះ តែ​ម្តាយ​ជនសង្ស័យ​នោះ​បាន​និយាយ​ថា គាត់​រក​មិន​បាន គ្មាន​អ្នក​ណា​ឲ្យ​គាត់​ខ្ចី​ទេ បន្ទាប់​មក​អ្នកបកប្រែ​ឲ្យ​ម្ចាស់​ម៉ាត​ដែល​ជា​ជនជាតិ​កា​ណា​ដា​នោះ​បាន​នាំ​ជនសង្ស័យ​នោះ​ទៅ​ប៉ុស្តិ៍​នគ​បាល​ផ្សារ​ដើម​ថ្កូវ​​តែ​ម្តង​ទៅ ។

ក្រោយមក​ម្តាយ​របស់​ជនសង្ស័យ​នោះ​ក៏​បាន​មក​ដល់​ប៉ុស្តិ៍ និង​បាន​និយាយ​ថា កូន​គាត់​បាន​លួច​របស់​គេ​មែន តែ​ខាង​ម្ចាស់​ហាង​បាន​ឃុំ​កូន​គាត់​៤​ម៉ោង និង​គំរាម​យក​ប្រាក់​ពី​គាត់​២០០០​ដុល្លារ​ទៀត បន្ទាប់​មក​សមត្ថកិច្ច​បាន​សួរ​ទៅ​ខាង​ម្ចាស់​ម៉ាត​ ដែល​ជា​ជនជាតិ​កា​ណា​ដា និង​បុគ្គលិក​បកប្រែរ​នោះ ដោយ​ខាង​ម្ចាស់​ម៉ាត​បាន​និយាយ​ថា គាត់​បាន​ទារប្រាក់​២០០០​ដុល្លារ​មែន ។

ក្រោយ​ពី​ការ​ធ្វើរ​សាកសួរ និង​បានក​សា​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នោះ​ទៅ​អធិការ​ខណ្ឌ​ចំកា​មន​ ដើម្បី​ធ្វើ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ចំណែកឯ​ម្ចាស់​ម៉ាត និង​អ្នកបកប្រែ​សមត្ថកិច្ច​ក៏​ឲ្យ​ត្រឡប់​ទៅ​វិញ​ធម្មតា​ដែរ ។

ប្រជាពលរដ្ឋ​ដែល​បានដឹង​ហេតុការណ៍​នេះ​បាន​នាំ​គ្នា​ធ្វើការ​រិះគន់​ថា ហេតុ​អ្វី​សមត្ថកិច្ច​គ្មាន​វិធានការ​​ជាមួយ​ម្ចាស់​ម៉ាត និង​អ្នក​បក​ប្រែ​បែប​នេះ​ទៅ​វិញ ព្រោះ​ថាបើ​ចាប់ចោរ​លួច​បាន​ហើយ​ម្ត៉េ​ច​មិន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាម​ៗ បែរជា​ឃុំ​ទុក​ ហើយ​គំរាម​ទារប្រាក់​រហូត​ដល់​ទៅ​២០០០​ដុល្លារ​ទៅ​វិញ ធ្វើ​បែប​នេះ​មិន​ខុស​ពី​ចាប់ចោរ​ជំរិត​ទារប្រាក់​នោះ​ទេ ៕