ការ​ចូលរួម​ពី​ស្ត្រី និង​យុវជន​បាន​រួមចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ឡើង

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចូលរួម​របស់​ស្ត្រី និង​យុវជន​ក្នុង​ភាព​ជា​សហគ្រិន ។
នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Najib Razak បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អ៊ិ​ស្លា​ម​ពិភពលោក​ថា ៖ «​ម៉ា​ឡេ​ស៊ី​ជា​ប្រទេស​ទីផ្សារសេរី ដែល​បើក​ទូលាយ​លើ​ការ​វិនិយោគទុន​គ្រប់​តំបន់ ហើយ​កាន់តែ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដោយសារ​មានការ​ចូលរួម​ពី​សំណាក់​ស្ត្រី និង​យុវជន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ។ សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី​ប្រមាណ​ជា​៩៥​ភាគរយ​បាន​ពឹងផ្អែក​លើ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ក្នុង​នោះ​ស្ត្រី និង​យុវជន​បាន​រួមចំណែក​មួយ​ភាគ​ធំ​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាព​ប្រសើរ​ឡើង​» ។

លោក​បន្ត​ទៀត​ថា ៖ «​នៅ​ពេល​ដែល​ស្ត្រី​ទទួល​បាន​ជោគជ័យ​ហើយ​នោះ ពួក​យើង​រាល់គ្នា​ក៏​ទទួល​ជោគជ័យ​ដែរ ។ នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​អភិវឌ្ឍ និង​មាន​ស្ថិរភាព​»​។

សមាគម​បណ្តាញ​អ្នកជំនួញ​ស្ត្រី ហៅ​កាត់​ថា CBW ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តួចផ្តើម​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​សហគ្រាស​ខ្នាត​តូច និង​មធ្យម សម្រាប់​ធ្វើ​អាជីវកម្ម​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ដើម្បី​លើកទឹកចិត្ដ និង​ផ្តល់​សិទ្ធិ​អំណាច​សេដ្ឋកិច្ច​របស់​ស្ត្រី ។ សមាគម CBW មាន​បេសកកម្ម​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តា​ដល់​សហគ្រិន រួម​បញ្ចូល​យ៉ាង​ពេញលេញ​ជាមួយនឹង​ជម្រើស​នៃ​ការ​ធ្វើ​សិក្ខាសាលា​ដែល​បាន​កំណត់​គោលដៅ ដែល​រៀបចំ​ឡើង​ដើម្បី​ណែនាំ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ទទួល​បាន​ជោគជ័យ និង​គំរូ​ពាណិជ្ជកម្ម ព្រមទាំង​ការ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​ក្នុង​អាជីវកម្ម​ដើម្បី​ដឹកនាំ​ប្រកបដោយ​ទំនុកចិត្ត ។

ដោយឡែក នៅ​កម្ពុជា ក៏​មាន​ស្ថាប័ន និង​សមាគម​ជា​ច្រើន​កំពុង​រួមដៃគ្នា​បង្កើន​សមត្ថភាព និង​លើកទឹកចិត្ត​សហគ្រិន​ជា​ស្ត្រី ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ពាណិជ​កម្ម និង​ជំនួញ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​លើក​ឡើង​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា​» គឺ​មិន​ខុស​នឹង​មតិ​របស់​រដ្ឋាភិបាល​ប្រទេស​ជិតខាង និង​ពិភពលោក​នោះ​ទេ ។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​ស្ថាបនិក​សហគ្រាស​ផលិត​នំ​ស្រួយ​លី​លី បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍​ផ្ទាល់​កន្លង​មក​ថា ៖ «​បើ​យោង​តាម​អង្គការ​មួយ​ដែល​បាន​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​បង្ហាញ​ថា សហគ្រិន​ជា​ស្ត្រី​មាន​ចំនួន​៦៥% នៃ​សហគ្រិន​ទាំងអស់​» ។

រីឯ​តំណាង​ប្រទេស​កេ​ន​យ៉ា​វិញ ក៏​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អ៊ិ​ស្លា​ម​ពិភពលោក​ដែរ​ថា ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម បាន​ធ្វើ​ឲ្យ​ប្រទេស​របស់​ខ្លួន​មានការ​ផ្លាស់​ប្តូរ​មុខមាត់​ទទួល​បាន​ជោគជ័យ​ក្នុង​សេដ្ឋកិច្ច ។

លោក Arif Zaman នាយក​ប្រតិបត្តិ​សមាគម CBN បញ្ជាក់​ថា ៖ «​យើង​បាន​ធ្វើ​ការងារ​ក្នុង​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី ដោយ​ឲ្យ​ពួក​គេ​ទទួល​បានការ​អប់រំ​ទូទៅ ឬ​តាម​ជំនាញ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ ។ យើង​រំពឹង​ទុក​ថា ស្ត្រី​នឹង​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​នេះ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​» ។

លោកនាយ​រដ្ឋមន្ត្រី Najib Razak មាន​ប្រសាសន៍​ថា ៖ «​ការ​មិន​អើពើ​នឹង​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច ជា​ពិសេស សហគ្រាស​ខ្នាត​តូច និង​មធ្យម បាន​ផ្តល់​ផល​ប៉ះពាល់​ដូច​ព្រឹត្តិការណ៍​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នា​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨ កន្លង​មកនេះ​ដែរ​» ៕