ការ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​ជា​ទិស​ដៅ​គន្លឹះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន

ប្រទេស​ថៃ ៖ ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​បើក​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ខែវិច្ឆិកា​នេះ ដើម្បី​ប្រកាស​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​បង្កើត​យុទ្ធសាស្ត្រ​រយៈពេល​១០​ឆ្នាំ ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង និង​អូស​ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ឡើង​ក្នុង​តំបន់ ។

លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha នឹង​ដឹកនាំ​គណៈប្រតិភូ​ថៃ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ ដែល​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn មាន​ប្រសាសន៍​ថា ៖ «​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​មុខ និង​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ទៅ​ជា​សមាគម​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ខាង​មុខ​នេះ​» ។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ៖ «​ថ្នាក់ដឹកនាំ​កំពូល​ទាំង​១០​ប្រទេស​នឹង​ធ្វើ​កំណែទម្រង់​ថ្មី​លើ​ចំណុច​សំខាន់​ៗ​សម្រាប់​ផែនការ​១០​ឆ្នាំ​របស់​អាស៊ាន (២០១៦-២០២៥) ដើម្បី​រឹតចំណង​ស៊ីជម្រៅ​នៃ​អាស៊ាន​ឱ្យ​ធានា​នូវ​ការ​ទាក់ទាញ​វិនិយោគ​បរទេស​ក្នុង​តំបន់ ព្រមទាំង​បង្កើន​ការ​ប្រកួតប្រជែង​ក្នុង​យុគសម័យ​រុងរឿង​នៃ​សាកល លោក​» ។

ក្រោម​វិធានការ​១០​ឆ្នាំ អាស៊ាន​នឹង​ងាក​ទៅ​រក​ការ​លុប​បំបាត់​បាន​នូវ​របាំង​ឧបសគ្គ​ក្រៅពី​ពន្ធ បន្ទាប់​ពី​ការ​ទម្លាក់​ពន្ធ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​មុខទំនិញ​និង​សេវាកម្ម ការ​បន្ត​ធ្វើ​នូវ​សេរី​កម្ម​នៃ​សេវាកម្ម ការ​វិនិយោគ និង​សេវាកម្ម​ទូរគមនាគមន៍ តាម​រយៈ​ការ​បន្ថយ​ការ​ប្រែប្រួល​ឥត​ឈប់​ឈរ​នៃ​ខ្ទង់ចំណាយ​ក្នុង​ការ​បង្កើត​អត្រា​ដូច​គ្នា​ទាំងស្រុង​របស់​សមាជិក​អាស៊ាន​នីមួយ​ៗ​ដើម្បី​ជួយ​សម្រួល​ដល់​កំណើន​ពាណិជ្ជកម្ម ។

អាស៊ាន​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នីមួយ​ៗ​ផង​ដែរ ដូច​ជា​ផ្សព្វផ្សាយ​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ព្រមទាំង​គាំទ្រ​ការ​បញ្ចូល​នូវ​កំណែទម្រង់​ថ្មី ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ជា​ច្រើន ដើម្បី​ជំរុញ​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ នឹង​ស្វែងរក​ការ​កាត់​បន្ថយពន្ធ​ជិត​១០០% ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​មុខទំនិញ​មក​សូន្យ​ភាគរយ ដោយ​ស្វែងរក​វិធានការ​លុប​បំបាត់​របាំង ក្រៅពី​ពន្ធ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់ ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី នឹង​ប្រារព្ធ​កិច្ចប្រជុំ​នេះ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​លើ​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក BlackRock ដើម្បី​អញ្ជើញ​គណៈកម្មការ​អាស៊ាន អ្នកតំណាង​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង​បណ្តា​រដ្ឋមន្ត្រី​នានា​ដើម្បី​បញ្ចេញយោបល់ និង​ផ្លាស់​ប្តូ​រមតិ​ក្នុង​ការ​អភិវឌ្ឍ​សមាគម​អាស៊ាន ពោល​គឺ​ចង់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​គ្រប់គ្រង​ហានិភ័យ​ក្នុង​តំបន់​អាស៊ាន ដោយ​រឹតចំណង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ នឹង​មានការ​ចូលរួម​ពី​អ្នកតំណាង​ដៃគូ​ពាណិជ្ជកម្ម​អាស៊ាន និង​សមាជិក​អាស៊ាន​នីមួយ​ៗ ដោយ​ត្រូវ​បែងចែក​ជា​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដូច​ជា ចិន ជប៉ុន កូរ៉េ​ខាងត្បូង ឥណ្ឌា អូស្ត្រាលី ណូ​វែ​ល​សូ​ឡង់ សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី ៕