កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​នឹង​បន្ថយល្បឿន​មក​ត្រឹម​6,5 ភាគរយ​នៅ​ឆ្នាំ​2016​ខាង​មុខ

ប្រទេស​ចិន ៖ អង្គការ​អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) លើក​ឡើង​ថា កំណើនសេដ្ឋកិច្ច​របស់​ចិន​ទំនងជា​មាន​សន្ទុះ​យឺត​ត្រឹម​៦,៥%​នៅ​ឆ្នាំ​ក្រោយ ហើយ​កាន់តែ​យឺត​ជាង​នេះ​ទៀត​៦,២%​នៅ​ឆ្នាំ​២០១៧ ។ កត្តា​នេះ​ញ៉ាំង​ឲ្យ​អ្នក​ដាក់​ចេញ​គោលនយោបាយ​ត្រូវ​កាត់​ចេញ​កិច្ចការ​របស់​ពួក​គេ ស្រប​ពេល​ដែល​ប្រទេស​យក្ស​នៅ​អាស៊ី​មួយ​នេះ​បាន​កែសម្រួល​ជា​ថ្មី​នូវ​កំណើន​របស់​ខ្លួន​ទាប​ជាង​មុន បើ​ធៀប​នឹង​ការ​បោះ​ជំហាន​ក្នុងអំឡុងពេល​ថ្មី​ៗ​នេះ ។

ក្នុង​របាយការណ៍​ចក្ខុវិស័យ​សេដ្ឋកិច្ច​ចំនួន​ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​របស់​ខ្លួន ដែល​បាន​ចេញផ្សាយ​បង្ហាញ​ថា អង្គការ​ខាងលើ​បាន​ដាស់តឿន​ឱ្យ​មានការ​លើកទឹកចិត្ត​នៃ​ពន្ធ​អាករ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង គឺ​មិន​អាច​ទ្រទ្រង់​រួច​លើ​ការ​ដើរទៅ​មុខ​លើ​ផ្លូវ​កាន់តែ​វែង​ឆ្ងាយ​ឡើយ ស្រប​ពេល​ដែល​មាន​ហានិភ័យ​នៃ​តម្រូវការ​វិនិយោគឯកជន​ច្រើន ។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា បន្ថែម​ពីលើ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​អាករ​នឹង​មានការ​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​ខ្លី ក្នុង​ការ​ចំណាយ​លើ​កំណើន​អ​តុល្យភាព និង​ការ​ជំរុញ​វិនិយោគឯកជន ។

អង្គការ OECD មាន​ក្តី​រំពឹង​ថា សេដ្ឋកិច្ច​របស់​ចិន​នឹង​រីក​លូតលាស់​៦,៨%​ក្នុង​ឆ្នាំ​២០១៥ ម្យ៉ាងទៀត ស្ថាប័ន​ដដែល​ក៏​បាន​កត់​សម្គាល់ថា ការ​ចំណាយ​ក្នុង​ការ​ប្រើប្រាស់​ជាក់ស្តែង នៅ​តែ​កើនឡើង​រវាង​ការ​ធ្លាក់​ចុះ​នៅ​អូស​បន្លាយពេល​យូរ​ក្នុង​តម្លៃ និង​កន្លែង​ផលិត​ដែល​ចម្រាញ់​យក​នូវ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន និង​បង្កើន​បន្ទុក​បំណុល​របស់​ពួក​គេ ។

ក្នុង​អំឡុង​ត្រីមាស​ទី​៣ សេដ្ឋកិច្ច​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទី​២ លើ​ពិភពលោក​មួយ​នេះ​កើនឡើង​៦,៩%​ធៀប​នឹង​ឆ្នាំទៅ ដែល​ជា​ការ​បោះ​ជំហាន​ក្នុង​កម្រិត​ខ្សោយ​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ និង​បំផុស​ឲ្យ​ធនាគារកណ្តាល​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​៦​លើក​ក្នុងអំឡុងពេល​ជិត​មួយ​ឆ្នាំ​នេះ ។

ក្រៅពី​ការ​សម្រួល​រូបិយ​វត្ថុ​មក រដ្ឋាភិបាល​បាន​បង្វិល​ការ​ចំណាយ​លើ​ពន្ធ​អាករ​ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​ខាង​ហេដ្ឋារចនាសម្ព័ន្ធក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្រោម​និន្នាការ​ស្ទុះ​យឺត​នៃ​សេដ្ឋកិច្ច ។

ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង ថ្លែង​ថា ៖ «​ចិន​ត្រូវ​រក្សា​នូវ​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​មិន​តិច​ជាង​៦,៥%​ឡើយ ក្នុងអំឡុងពេល​៥​ឆ្នាំ​ក្រោយ ដើម្បី​សម្រេច​បាន​តាម​ទិស​ដៅ​របស់​ខ្លួន​នៃ​ការ​បង្កើន GDP សរុប​របស់​ជាតិ និង​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ទ្វេ​ដង​នៅ​ឆ្នាំ​២០២០​។ សម្រាប់​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កំពុង​ដាក់​ទិស​ដៅ​កំណើនសេដ្ឋកិច្ច​៧% ដែល​ជា​កម្រិត​ខ្សោយ​បំផុត​ក្នុង​មួយ​ត្រីមាស​ក្នុង​មួយ​សតវត្សរ៍​នេះ​» ។

នៅ​ខែកញ្ញា​នេះ អង្គការ OECD បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​របស់​ចិន​ថា នឹង​កើនឡើង​៦,៧%​ក្នុងឆ្នាំនេះ និង​៦,៥%​នៅ​ឆ្នាំ​២០១៦ ។

ការ​ទម្លាក់​ថ្លៃ​ប្រាក់​យន់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ចិន កាលពី​ថ្ងៃ​ទី​១១ សីហា កន្លង​មកនេះ បាន​ជំរុញ​នូវ​រលក​លំហូរ​ចេញ​មូលធន ដែល​ជា​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាច​នឹង​មាន​ល្បឿន​កាន់តែ​យឺត​ជាង​មុន​ទៅ​ទៀត គួប​ផ្សំ​នឹង​ក្តី​បារម្ភ​ពី​ការ​កើនឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

OECD បង្ហាញ​ថា ការ​រឹត​បន្តឹង​លើ​ការ​ត្រួតពិនិត្យ​លើ​ការ​បញ្ជា​ទិញ​រូបិយប័ណ្ណ​បរទេស​ដោយ​ក្រុមហ៊ុន​នានា​និង​បុគ្គល ព្រមទាំង​ការ​បង្ក្រាប​ជំនួញ​រូបិយប័ណ្ណ​ខុសច្បាប់​នឹង​អាច​ទប់ទល់​លំហូរ​ចេញ​នៃ​មូលធន​នា​ពេល​បច្ចុប្បន្ន​បាន ៕