ពូ​កុយ ៖ តារា​កំប្លែង​ល្បី​មាន​សីលធម៌​ខ្ពស់

Sanofi

នាពេល​ថ្មីៗ​នេះ តារា​កំប្លែង​ជើងចាស់​កាត់​ចិន ភ្នែក​តឹង ស្បែក​ស​ដូច​បណ្ដូលចេក លោកពូ​កុយ ឬ​មានឈ្មោះ​ពិត​ថា លោក ជួង ជី ដែលមាន​កិត្តិ​ស័ព្ទ​ល្បី​សុះសាយ​ក្នុង​ពិភព​កំប្លែង​នោះ ត្រូវបាន មតិ​របស់ទស្សនិកជន​ទូទៅ​ចាត់ទុកថា លោកពូ​ជាតា​រា​កំប្លែង​បែប​អប់រំ មិន​និយាយ​ពាក្យ​អាសអាភាស មិន​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ ដូច​តារា​កំប្លែង​នាពេល​ឥលូវ​ទេ ។​

ការចាត់ទុក​លោកពូ​កុយ​ជា​តារា​កំប្លែង​ដែលមាន​សីលធម៌​ខ្ពស់​បែបនេះ គឺ​បន្ទាប់ពី​សង្កេតឃើញ ជាក់ស្ដែង​ជា​បន្តបន្ទាប់ នូវ​ការសម្ដែង​តាម​កម្មវិធី​ជាច្រើន​របស់​លោកពូ ដែល​រូ​ម​មានដូចជា កម្មវិធី​មន្ត​ស្នេហ៍​សំនៀង កម្មវិធី​តន្ដ្រី​ស្រុកស្រែ កម្មវិធី​ប្រគុំ​តន្ដ្រី​ផ្សេងៗ​ដែល​បាន​អញ្ជើញ​ក្រុម របស់​លោកពូ​ទៅ​សម្ដែង​ជាដើម ។

ទន្ទឹមនឹង​គ្នា​នោះដែរ ស្ថិតនៅ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ប្រពៃណីជាតិ ធំៗ មាន​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ ពិសេស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ដែល​ក្រុម​របស់​លោកពូ​តែង សម្ដែង​នូវ​រឿង​បែប​អប់រំ ដែល​ខ្លឹមសារ​ទាំងស្រុង​សំដៅ​ណែនាំ​ដល់​កូនៗ​គ្រប់រូប ឲ្យ​នឹកឃើញ​ដល់ គុណ​នូ​បការៈ​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​អ្នកមានគុណ​ជានិច្ច ។ ជាក់ស្ដែង​ក្នុងការ​សម្ដែង​កន្លងៗ​មក ក្នុង​សាច់រឿង​ដែល​តម្រូវ​ឲ្យ​គាត់​ដើរតួ​ជា​កូន​ជាដើម លោកពូ​តែង​គោរព​ប្រតិបត្តិ​តួអង្គ​ជា​ឪពុក និង​ម្ដាយ​ជានិច្ច មាន​ទាំង​ពាក្យសម្ដី និង​កាយវិការ​ផងដែរ ដោយ​មិន​គិតពី​អាយុ​របស់​លោកពូ និង​ក្រុម​សម្ដែង​ជាមួយនឹង​គ្នា​នោះឡើយ ។​

​ក្រៅពី​ការអប់រំ​ខាងលើ​នេះហើយ គ្រប់ការ​សម្ដែង​របស់​លោកពូ តែង​បាន​បង្រៀន​ឲ្យ​ទស្សនិកជន គ្រប់រូប​មាន​សីលធម៌​តាមរយៈ​ការចេះ​ស្គាល់​បាប​បុណ្យ​, ការចេះ​ជួយ​យកអាសារ​គ្នា​, ការមិន​ប្រកាន់ តួនាទី​ក្នុង​គ្រួសារ​, ការអប់រំ​មិន​ឲ្យ​មនុស្ស​ប្រកាន់វណ្ណៈ​គ្នា​, ការ​ស្គាល់​ចាស់ទុំ​ជាដើម ៕ រិទ្ធី ខេមរា


Related