អភិបាល​ខណ្ឌដូនពេញ​ទទួល​រង​ការ​សម្លុត​គំរាមកំហែង​បាញ់​សម្លាប់​ ពី​សំណាក់​ស្ត្រី​ប៉ូលិស​ស័ក្តិ​៤​ម្នាក់​ រឿង​ចាប់​ម៉ូតូ​គ្មាន​ស្លាក​លេខ​១​គ្រឿង​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ លោក​ គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ និង​មន្ត្រី​សាលា​ខណ្ឌដូនពេញ​ មួយ​ចំនួន​ បាន​ទទួល​រង​ការ​សម្លុត​គំរាមកំហែង​បាញ់​សម្លាប់​ពី​សំណាក់​ស្ត្រី​ជា​នគរបាល​ពាក់​ស័ក្តិ​៤​ម្នាក់​ ដល់​ក្នុង​បន្ទប់​ការិយាល័យ​ធ្វើការ​តែ​ម្តង​ ព្រោះតែ​ស្ត្រី​ជា​ប៉ូលិស​រូប​នោះ​ខឹងសម្បា​នឹង​ការ​សុំ​អន្តរាគមន៍​យក​ទោចក្រយានយន្ត​ម៉ាក​ Honda​ Dream​ C125​ មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​ ដែល​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​ឃាត់​ទុក​ សង្ស័យ​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ចោរកម្ម​មិន​បាន​សម្រេច​រួច​មក​ ។​

​ស្ត្រី​ជា​ប៉ូលិស​ពោរពេញ​ដោយ​កំហឹង​រូប​នោះ​ ត្រូវ​បាន​មន្ត្រី​សាលា​ខណ្ឌដូនពេញ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ មានឈ្មោះ​ ពុធ​ វុ​ទ្ធី​ អាយុ​ជាង​៤០​ឆ្នាំ​ អត្តលេខ​១៨៩៤៨​ រួម​ដំណើរ​មក​ពី​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ រីឯ​ម្ចាស់​ទោចក្រយានយន្ត​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់​ទុក​នោះ​ មានឈ្មោះ​ ទី​ ភេទ​ប្រុស​ ធ្លាប់​ជាប់​ពន្ធនាគារ​ក្នុង​បទល្មើស​ចោរកម្ម​ផង​ដែរ​ ។​

​មន្ត្រី​សាលា​ខណ្ឌដូនពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​រាត្រី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​ឃាត់​បាន​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Honda​ Dream​ C125​ គ្មាន​ស្លាក​លេខ​ នៅ​ត្រង់​ចំណុច​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ដោយ​សង្ស័យ​ថា​ជា​មធ្យោបាយ​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ចោរកម្ម​ ។​ លុះ​មក​ដល់​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក៏​លេចមុខ​ស្ត្រី​ជា​ប៉ូលិស​ពាក់​ស័ក្តិ​៤​ឈ្មោះ​ ពុធ​ វុ​ទ្ធី​ រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ សុំ​អន្តរាគមន៍​យក​ទោចក្រយានយន្ត​នោះ​ត្រឡប់​ទៅ​វិញ​ ប៉ុន្តែ​ត្រូវ​បាន​លោក​ គួ​ច​ ចំរើន​ មិន​ឯកភាព​យល់ព្រម​ទេ​ ដោយ​រក្សា​ទុក​វត្ថុ​តាង​ដើម្បី​ស្រាវជ្រាវ​សិន​ ។​ ការ​មិន​យល់ព្រម​របស់​អភិបាល​ខណ្ឌដូនពេញ​ដូច្នេះ​ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប៉ូលិស​រូប​នោះ​មានចិត្ត​ខឹងសម្បា​ ក៏​បញ្ចេញ​អាកប្បកិរិយា​ស្រែក​ឡូឡា​ពេញ​បន្ទប់​ការិយាល័យ​ធ្វើការ​របស់​លោក​អភិបាល​ខណ្ឌ​ និង​ត្រូវ​បាន​មន្ត្រី​សាលា​ខណ្ឌ​បណ្តេញចេញ​ក្រៅ​ នាំ​ឲ្យ​ស្ត្រី​ជា​ប៉ូលិស​ឈ្មោះ​ ពុធ​ វុ​ទ្ធី​ រឹងរឹត​បញ្ចេញ​កំហឹង​ទ្វេ​ដង​ ឈាន​ទៅ​សម្លុត​គំរាមកំហែង​ដក​កាំភ្លើង​បាញ់ប្រហារ​លោក​អភិបាល​ខណ្ឌ​ និង​មន្ត្រី​សាលា​ខណ្ឌដូនពេញ​មួយ​ចំនួន​តែ​ម្តង​ ។​

​មិន​ទាន់​បានដឹង​ថា​ តើ​សាច់​រឿង​ខាងលើ​បាន​វិ​វ​ឌ្ឍ​ដល់​ដំណាក់​កាលណា​ទៀត​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ៕​

អភិបាល​ខណ្ឌដូនពេញ​ទទួល​រង​ការ​សម្លុត​គំរាមកំហែង​បាញ់​សម្លាប់​ ពី​សំណាក់​ស្ត្រី​ប៉ូលិស​ស័ក្តិ​៤​ម្នាក់​ រឿង​ចាប់​ម៉ូតូ​គ្មាន​ស្លាក​លេខ​១​គ្រឿង​