ក្រសួង​សំណង់​ចាត់វិធានការ​ទប់ស្កាត់​ និង​រុះរើ​សំណង់​ខុសច្បាប់​រំលោភ​លើ​ដី​សាធារណៈ​ តាម​អនុសាសន៍​បុរស​ខ្លាំង​

​ដោយ​បាន​កត់សម្គាល់​ឃើញ​ថា​ កន្លង​មក​មាន​បាតុភាព​កើត​ចេញពី​ការ​សាងសង់​បំពាន​ច្បាប់​ដោយ​បុគ្គល​ ឬ​ក្រុមហ៊ុន​រំលោភ​លើ​ដី​សាធារណៈ​ ដូច​ជា​ ដី​ចំណី​ផ្លូវ​សាធារណៈ​ និង​សួនច្បារ​សាធារណៈ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​សាធារណៈ​ នៅ​តាម​រាជធានី​ ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សំដៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​សាធារណៈ​ ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​លិខិតផ្លូវការ​មួយ​លេខ​១៤០២​ ដ​.​ន​.​ស​/​អ​.​ដ​.​ន​ ចុះ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ណែនាំ​ដល់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ ខេត្ត​ ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់​ ដូច​ខាងក្រោម​ ៖

១-​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ និង​ធុរជន​ឲ្យ​បាន​ជ្រួតជ្រាប​ និង​ចូលរួម​អនុវត្តន៍​វិធានការ​កែតម្រូវ​សំណង់​ខុសច្បាប់​ ដូច​បាន​លើក​ឡើង​ខាងលើ​ ។​
២-​កំណត់​អត្តសញ្ញាណ​សំណង់​ដែល​សាងសង់​រំលោភ​លើ​ដី​សាធារណៈ​ ដូច​ជា​ ដី​ចំណី​ផ្លូវ​សាធារណៈ​ សួនច្បារ​សាធារណៈ​ និង​ទីតាំង​សាធារណៈ​ផ្សេង​ទៀត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដោយ​ចាប់ផ្តើម​ពី​ទីតាំង​ដែល​មានការ​កំណត់​ទំហំ​ដី​ចំណី​ផ្លូវ​សាធារណៈ​ច្បាស់លាស់​រួច​ហើយ​ និង​ចាត់វិធានការ​តឹងរ៉ឹង​ឲ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​ ឬ​កែតម្រូវ​ជា​បន្ទាន់​ ។​
៣-​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​រាល់​ការ​សាងសង់​សំណង់​ខុសច្បាប់​ រំលោភ​លើ​ដី​សាធារណៈ​តទៅ​មុខ​ទៀត​ ៕​

ក្រសួង​សំណង់​ចាត់វិធានការ​ទប់ស្កាត់​ និង​រុះរើ​សំណង់​ខុសច្បាប់​រំលោភ​លើ​ដី​សាធារណៈ​ តាម​អនុសាសន៍​បុរស​ខ្លាំង​ក្រសួង​សំណង់​ចាត់វិធានការ​ទប់ស្កាត់​ និង​រុះរើ​សំណង់​ខុសច្បាប់​រំលោភ​លើ​ដី​សាធារណៈ​ តាម​អនុសាសន៍​បុរស​ខ្លាំង​