៩​ខែ ដើមឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​ជាង ៣ សែន​តោន ទៅកាន់ ៥៥ ប្រទេស

ភ្នំពេញ: ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានប្រកាសថា ក្រុមហ៊ុន​ចំនួន ៧៥ បាន​អង្ករ​នាំចេញ​មាន​ចំនួន​៣៦៩.១០៥​តោន មានការ​កើនឡើង​ចំនួន ៩៩.៧៣៥ តោន (+៣៧​ភាគរយ​) លើស ៩ ខែ​ដើមឆ្នាំ​២០១៤ ដែល​នាំចេញ​បានតែ ២៦៩.៣៧០ តោន​។ អង្ករ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ទិសដៅ​ចំនួន ៥៥ ប្រទេស ក្នុងនោះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៣​ប្រទេស​ផងដែរ​។​

​របាយការណ៍​អំពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥ របស់​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ទៀតថា ដោយ​ឡែ​ក​បរិមាណ​អង្ករ​នាំចេញ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៥ មានតែ​២៦.៩៦៩​តោន ដែលមាន​ការថយចុះ​ចំនួន​៨.៥៤២​តោន (-៣១,៧​ភាគរយ​) តិចជាង​បរិមាណ​នាំចេញ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៤​ដែល​នាំចេញ​បាន​រហូតដល់​៣៥.៥១១​តោន​។​

​អង្ករ ស គ្រប់​ប្រភេទ​មាន​បរិមាណ​នាំមុខគេ​ដែលមាន​កំណើន​កើនឡើង​រហូតដល់​១៧១.៥៥០​តោន ស្មើនឹង​៤៦,៥​ភាគរយ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន​១៦៥.៦១០​តោន ស្មើនឹង​៤៤,៩​ភាគរយ និង​អង្ករ​ចំហុយ​៣១.៩៤៥​តោន ស្មើនឹង​៨,៦​ភាគរយ​។ ក្នុងចំណោម​អង្ករ​ក្រអូប​នោះ អង្ករ​ផ្កាម្លិះ និង​ផ្កា​រំ​ដូ​ល​មាន​បរិមាណ​១១៧.៦៧៨​តោន (​លំដាប់​ទី​១) អង្ករ​ក្រអូប​ចម្រុះ​(​នាង​ក្រអូប នាយ​សយ និង​ពូជ​ដទៃ​) មាន ៣០.៥៩៣​តោន (​លំដាប់​ទី​២) អង្ករ​ក្រអូប​នាង​ម្លិះ​មាន​១៣.៤៦៣​តោន​(​លំដាប់​ទី​៣) និង​សូ​មាលី ១.១០៣​តោន (​លំដាប់​ទី​៤)​។​

​អង្ករ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទិសដៅ​ចំនួន​៥៥​ប្រទេស (​មាន​កំណើន​១​ប្រទេស​ធៀប​នឹង​ខែសីហា​ឆ្នាំ​២០១៥) ក្នុងនោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី​១(៧៨.១៨៧​តោន​) ប្រទេស​បារាំង​ឈរ​លំដាប់​ទី​២(៥០.២៦៦​តោន​) ប្រទេស​ប៉ូឡូញ​ឈរ​លំដាប់​ទី​៣(៤១.០២២​តោន​) ប្រទេស​ម៉ាឡេស៊ី​ឈរ​លំដាប់​ទី​៤(៣៥.៦០២​តោន​) ប្រទេស​នី​ឌ័​រ​ឡេ​ន​ឈរ​លំដាប់​ទី​៥(២៦.៥៣២​តោន​) ប្រទេស​អ៊ីតាលី​ឈរ​លំដាប់​ទី​៦(១៨.៦៤០​តោន​) ប្រទេស​ប៊ែ​ល​ហ្ស៊ី​ក​ឈរ​លំដាប់​ទី​៧(១៥.២៨៦​តោន​) សាធារណរដ្ឋ​ឆេ​ក​ឈរ​លំដាប់​ទី​៨(១៣.៨៦១​តោន​) ប្រទេស​អង់គ្លេស​ឈរ​លំដាប់​ទី​៩(១៣.៣៩៩​តោន​) និង​ប្រទេស​អេ​ស្ប៉ា​ញ​ឈរ​លំដាប់​ទី​១០(៩.២៣២​តោន​។ បរិមាណ​អង្ករ​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ជា​ទិសដៅ​សហគមន៍​អឺរ៉ុប​២៦​ប្រទេស មាន​បរិមាណ​សរុប​២៣៧.៩៤០​តោន (៦៤,១​ភាគរយ​) ទិសដៅ​អាស៊ាន​៣​ប្រទេស​មាន​បរិមាណ​ស​រុ​ប​៤០.៦៦៣​តោន​(១០,៨​ភាគរយ​) និង​ទិសដៅ​ដទៃទៀត​២៥​ប្រទេស​មាន​បរិមាណ​ស​រុ​ប​៩០.៥០២​តោន​(២៥,១​ភាគរយ​)​។​

​ការនាំចេញ​អង្ករ​មាន​៧៥​ក្រុមហ៊ុន កើន​២​ក្រុមហ៊ុន​ធៀប​នឹង​៩​ខែ​ដើមឆ្នាំ ដែល​បរិមាណ​អង្ករ​នាំចេញ​ត្រូវបាន​នាំមុខគេ​ដោយ​៖ ទី​១) ក្រុមហ៊ុន Amru Rice មាន​ចំនួន​៤៨.៩១៣​តោន ទី​២)​ក្រុមហ៊ុន Khmer Food មាន​ចំនួន​៤៥.៣៨​តោន ទី​៣)​ក្រុមហ៊ុន Golden Rice មាន​ចំនួន ៣៤.៣៨១​តោន ទី​៤)​ក្រុមហ៊ុន BAITANG មាន​ចំនួន​២៤.២៦០​តោន ទី​៥)​ក្រុមហ៊ុន International Rice មាន​ចំនួន​២០.៩១៦​តោន ទី​៦)​ក្រុមហ៊ុន TOT មាន​ចំនួន​១៥.៨៧៧​តោន ទី​៧)​ក្រុមហ៊ុន CRISTAL RICE មាន​ចំនួន​១៤.៣៤៧​តោន ទី​៨)​ក្រុមហ៊ុន Nikoline Investment មាន​ចំនួន​១២.៧៥២​តោន ទី​៩)​ក្រុមហ៊ុន SSCORP មាន​ចំនួន​១២.១៧៩​តោន និង​ទី​១០)​ក្រុមហ៊ុន Hung Hiep មាន​ចំនួន​១០.៧០១​តោន​។​

​ក្នុង​របាយការណ៍​នេះ លោក​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា បរិមាណ​អង្ករ​នាំចេញ​សរុប​នា​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥ មាន​រហូតដល់​៣៦៩.១០៥​តោន ដែល​បរិមាណ​នេះ មាន​កំណើន​ប្រមាណ ៣៧​ភាគរយ ធៀប​នឹង​បរិមាណ​នាំចេញ​អង្ករ​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៤​។ ជារួម សន្ទុះ​នៃ​ការនាំចេញ​អង្ករ​ក្នុង​៩​ខែ ដើមឆ្នាំ​២០១៥ នេះ​មានការ​កើនឡើង​ជិត​៥០​ភាគរយ ជា​សញ្ញា​វិជ្ជមាន​មួយ​ប្រកបដោយ​ក្តីសង្ឃឹម​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​វិស័យ​ឯកជន​ផងដែរ កំពុង​បន្ត​ការខិតខំ​ប្រឹងប្រែង ជំរុញ​ការនាំចេញ​អង្ករ​ឈានទៅ​សម្រេច​តាម​គោលដៅ​កំណត់​របស់​រាជរដ្ឋាភិបាល​។ ដោយឡែក​ស្ថានភាព​នៃ​ការបំពេញ​បែបបទ​សម្រាប់​ការនាំចេញ​អង្ករ​គឺមាន​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដូច​ខែ​មុនៗ​ដែរ ជាមួយនឹង​ការកែលម្អ​ការបំពេញ​សេវា​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​មុន​៕​

៩​ខែ ដើមឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​ជាង ៣ សែន​តោន ទៅកាន់ ៥៥ ប្រទេស

៩​ខែ ដើមឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​ជាង ៣ សែន​តោន ទៅកាន់ ៥៥ ប្រទេស

៩​ខែ ដើមឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​ជាង ៣ សែន​តោន ទៅកាន់ ៥៥ ប្រទេស