​សមត្ថកិច្ច​​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់​ព័​ន្ធ​​​​ថ្នាំ​ញៀន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាលស្រុក​ចំនួន​២ ​គឺ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​ទឹកផុស បាន​ចាប់​​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់នៅ​កន្លែង​ផ្សេង​គ្នា ពាក់​ព័​ន្ឋ​​ការ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​រសៀល​ថ្ងៃ​ទី១០ ​វិច្ឆិកា ​​២០១៥ នៅ​ស្រុក​ទាំង​២​ខាងលើ ។

​​លោក មាស ស៊ី​ភិន អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង២​និង៣០​នាទីរសៀលថ្ងៃ​ទី​១០ ​វិច្ឆិកា សមត្ថកិច្ច​នគរបាល​ស្រុក ​​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឈឹ​ម សំឡី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅភូមិ​ច្រក​ល្មៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ដោយ​ដកហូតបានថ្នាំ​ញៀនប្រភេទម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ (តម្លៃ​២០០​ដុល្លារ) ​និង​កូន​ថង់​តូច​ៗ​សម្រាប់​ច្រកថ្នាំ​ញៀន រំលែក​ពី​ថង់​ធំ រួម​នឹង​ឧ​បករ​ណ៏​ជក់​មួយ​ចំនួន ។

​ចំណែក លោក ខែ​ម វិបុល អធិការ​ស្រុក​ទឹកផុស បានឱ្យ​​ដឹង​ថា នៅ​វេលា​ម៉ោង៤​និង​៣០​នា​ទី​ល្ងាចថ្ងៃ​ទី១០ ​​វិ​ច្ឆិកា ​នេះ​ដែរ សមត្ថកិច្ច​របស់​លោក​ក៏​​បាន​ចាប់​​ឃាត់​ខ្លួន​ជនសង្ស័យ ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀនចំនួន​២​នាក់ នៅ​ក្នុង​​ភូមិ​ពេ​ជោ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ក្នុង​នោះ ម្នាក់​ឈ្មោះ ម៉ាត សា​លេស អាយុ៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​​ដង្កៀបក្តាម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោ​ធិ៏​សាត់​ និង​ម្នាក់​ទៀត ​ឈ្មោះ ហេង សុភ័ក្រ្ត អាយុ​១៧​ឆ្នាំ ដោយ​ដកហូត​ថ្នាំ​ញៀន​បាន​១​កញ្ចប់ ទូរ​សព្ទ័​ដៃ​២​គ្រឿង ។

ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​​​នគរបាលស្រុក​កំពង់ត្រឡាច​ និង​ស្រុក​ទឹកផុស​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​​ ៕​​