បុរស​ខ្មែរ​អ៊ិស្លាម​ម្នាក់​យក​អាវុធ​ធុន​AK ទៅ​ប្រគល់​ជូន​សមត្ថ​កិច្ច​ប៉ុស្តិ៍​អន្លង់​ត្នោត​ទុក​ជា​សម្បត្តិ​រដ្ឋ

ខេត្តពោធិ៍សាត់​ ៖ ​នៅថ្ងៃ​ទី​១១ ​វិច្ឆិកា ​២០១៥ នេះ ​ប្រជាពលរដ្ឋ​ឈ្មោះ​សុះ ហ៉ី​ម ​ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ ​ជា​ជនជាតិ​ខ្មែរអិស្លាម ​រស់នៅ​ភូមិ​ផ្សារ ​ឃុំ​អន្លង់​ត្នោត ​ស្រុក​ក្រគរ ​​ខេត្តពោធិ៍សាត់​ បាន​យក​អាវុធ​មួយ​ដើម​ធុន​AK​ស្វាយ​បត់​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​អន្លង់​ត្នោត​ដើម្បី​ទុកជា​សម្បត្តិ​រដ្ឋ ។

លោក​សុះ ហ៉ី​ម​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ អាវុធ​នេះ​លោក​រើស​បាន​ក្នុង​ព្រៃ​កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា ​​២០១៥ ​មាន​តែ​បង់​ពុំ​មាន​គ្រាប់​ទេ​ ។ ​មុន​ដំបូង​គាត់​យក​មក​ដាក់​ក្នុងផ្ទះ​ប្រុង​ទុក​បាញ់​សត្វ ​ប៉ុន្តែ​ដោយ​គិត​ថា​ ការ​លាក់​ទុក​និង​ការ​ប្រើប្រាស់​អាវុធ​វា​ខុសច្បាប់​នោះ​ទើប​យក​មក​ប្រគល់ឱ្យ​សមត្ថកិច្ច​តែ​ម្ដង​ ។

លោក​វរសេនីយ៍ត្រី​ឯម រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បាក​កោតសរសើរ​ចំពោះ​ជនជាតិ​ខ្មែរអិស្លាម​ឈ្មោះ​សុះ ហ៉ី​ម​ ដែល​រើស​បាន​អាវុធ​ហើយ​យក​មក​ប្រគល់ឱ្យ​សមត្ថកិច្ច​នា​ពេល​នេះ​។ នេះ​គឺជា​ប្រជាពលរដ្ឋ​គំរូ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែល​មានការ​យល់​ដឹង​អំពី​ច្បាប់​។

អាវុធ​នេះ​នៅ​មានគុណ​ភាព​៩៥​ភាគរយ​ដែល​អាច​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​ពី​កន្លែង​ផ្សេង​មក​លាក់​ទុក​ ឬ​បោះចោល​ក្នុង​ព្រៃ​នេះ​ដើម្បី​បំបាត់ភស្ដុតាង ​និង​បំភ័ន្ត​សមត្ថកិច្ច​។ លោក​អធិការ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​គ្រប់​មជ្ឈដ្ឋាន​បើ​រើស​បាន​អាវុធ​យុទ្ធ​ភ័​ណ្ ឌ​ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​ត្រូវ​យក​មក​ប្រគល់​ជូន​អង្គការ​ស៊ី​ម៉ាក់​ អាជ្ញាធរ​មូលដ្ឋាន​ ឬ​សមត្ថកិច្ច​ដែល​នៅ​ជិត​លោក​អ្នក​ ព្រោះថា​ការ​លាក់​ទុក​ និង​ប្រើប្រាស់​អាវុធ​គឺ​វា​ខុសច្បាប់៕