កំណាត់​ផ្លូវ​ត្រាំ​នាគ ចាប់ផ្តើម​ខូច​​ជា​បណ្តើរ​ៗ​ក្រោយ​ពេល​ក្រុមហ៊ុន​ស៊ូ​ជី​ង​ដក​គ្រឿងចក្រ​ចេញ

ខេត្តសៀមរាប ៖ ក្រុម​ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំង​ទៅ​លើ​ក្រុមហ៊ុន​ស៊ូ​ជី​ង​ថា ​ធ្វើ​ផ្លូវ​ពុំ​មានគុណ​ភាព ព្រមទាំង​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​ផ្លូវ​ឡើង​វិញ ចៀសវាង​ការ​ចំណាយ​ថវិកាជាតិ​ដោយ​ឥតប្រយោជន៍ ។ ការ​រិះគន់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បានឃើញ​ផ្លូវ​ចាក់​កៅស៊ូ​មួយ​ខ្សែ​ឆ្លងកាត់​តំបន់​ត្រាំ​នាគ ក្នុង​ភូម​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ជាយ​ខាងកើត​ក្រុង​ទេសចរណ៍​សៀមរាប​ដែល​ក្រុមហ៊ុន​ស៊ូ​ជី​ង​របស់​លោក វ៉ា ឈូ​ដា ទទួល​ម៉ៅ​ការ​ស្ថាបនា​ទើបតែ​រួចរាល់​កាលពី​ពេល​ថ្មី​ៗ​នេះ តែ​បាន​ចាប់ផ្តើម​ខូច និង​មាន​ជង្ហុក​ជា​អន្លើ​ៗ​បាត់​ទៅ​ហើយ ។

បុរស​ម្នាក់​ដែល​មានផ្ទះ​នៅ​តាម​បណ្តោយ​ផ្លូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ស៊ូ​ជី​ង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ហ្នឹង​ទើប​បញ្ចប់​ដំណើរការ​គ្រឿងចក្រ​ប្រហែល​២​ខែ​ប៉ុណ្ណោះ តែ​បែរជា​ចាប់ផ្តើម​ខូច និង​ជង្ហុក​តូច​ធំ​ជា​អន្លើ​ៗ​ទៅ​ហើយ ។ លោក​បាន​បន្ថែម​បែប​ឲ្យ​រិះគន់​ថា បើ​មើល​ជាក់ស្តែង​ក្រុមហ៊ុន​ម៉ៅ​ការ​ស្ថាបនា​ផ្លូវ​ហ្នឹង​ធ្វើ​ឲ្យ​តែ​រួចពីដៃ ដោយ​មិន​ខ្វល់​ពី​គុណភាព​បន្តិច​សោះ  ព្រោះ​ចាប់តាំងពី​គេ​ដាក់​ដំណើរការ​គ្រឿងចក្រ​រហូត​ដល់​ដក​គ្រឿងចក្រ​ចេញ គេ​មិន​ដែល​ឃើញ​មាន​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពិនិត្យ​គុណភាព​ថ្នល់​ណា​ម្នាក់​ចុះ​មក​ពិនិត្យ ឬ​ធ្វើ​អធិការកិច្ច​ទៅ​លើ​បច្ចេកទេស​ម្តងណា​ឡើយ ។

ស្រ​ដៀង​គ្នា​ដែរ បុរស​ម្នាក់​ទៀត​ដែល​មានមុខ​របរ​ជា​អ្នក​រត់​ម៉ូតូឌុប​ចេញចូល​កំណាត់​ផ្លូវ​ត្រាំ​នាគ​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ផ្លូវ​ហ្នឹង​ឆាប់​ខូច​បែប​នេះ ទំនងជា​ក្រុមហ៊ុន​កេង​វត្ថុធាតុដើម​ដើម្បី​បាន​ចំណេញ​ប្រាក់​ច្រើន ពោល​គឺ​បង្ហាប់​គ្រឹះ​អន់ បូក​រួម​ទាំង​កៅស៊ូ​ខាងលើ​ស្តើង​ថែម​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព