យុគ យក្សផ្លែ ប៉ះជើងខ្លាំងត្រកូល ម៉ន លើសង្វៀន SEA-TV ចុងសប្តាហ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់ យុគ យក្សផ្លែ ក្លឹបអប់រំកាយកីឡា ខេត្តបាត់ដំបង ជួបជាមួយអ្នកប្រដាល់ ម៉ន ភីរម្យ ក្លឹបការិយា ល័យទី៥ កងទ័ពជើងគោក រីឯអ្នកប្រដាល់ ស្រិល ទ្រី ក្លឹបគុជសាកីឡា ឡើងសងសឹកអ្នកប្រដាល់ ខឹក សុខឿន ក្លឹបកង ពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទម្ងន់៥៧គីឡូក្រាម នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើសង្វៀនSEA-TV ។

ម៉ន ភីរម្យ មានកម្រិតសមត្ថភាពបច្ចេកទេសក្រោម ម៉ន លីហួរ បន្តិច តែគេលើ ម៉ន រ៉ៃយ៉ា តែយ៉ាងណាបើធៀបជាមួយ យក្សផ្លែ ភីរម្យ មានសមត្ថភាពមិនដល់យក្សផ្លែដែរ ។ យុគ យក្សផ្លែ មានកណ្ដាប់ដៃខ្លាំង ហើយកម្លាំងកាយសម្បទាវិញនោះក៏ខ្លាំងជាង ម៉ន ភីរម្យ ដែរ ប៉ុន្តែយ៉ាងណារវាង យុគ យក្សផ្លែ និង ម៉ន ភីរម្យ ជួបប្រកួតគ្នាលើកនេះអ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ។

ការប្រកួតចុងក្រោយ យុគ យក្សផ្លែ បានវាយចាញ់អ្នកប្រដាល់ថៃ Lay Seu Chaiphum ដោយពិន្ទុ ឯការប្រកួតចុង ក្រោយរបស់ ម៉ន ភីរម្យ វិញប្រកួតចាញ់ ថន វាសនា ក្លឹបនាគរាជមានជ័យដោយពិន្ទុ ។ សម្រាប់អ្នកប្រដាល់ ស្រិល ទ្រី ក្លឹបគុជសាកីឡា នឹងឡើងសងសឹកអ្នកប្រដាល់ ខឹក សុខឿន ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទម្ងន់៥៧ គីឡូ ក្រាម ។

ខឹក សុខឿន មិនជាអ្នកប្រដាល់ខ្លាំង ឬល្បីឈ្មោះនោះទេ តែរូបគេវាយខ្លាំងកណ្ដាប់ដៃធ្ងន់ ជើងទាត់ក៏ខ្លាំងដែរ អ្នកប្រដាល់រូបនេះ មានចិត្តប្រដាល់មិនសូវធំនោះទេ ក្រោយ៣ទឹកដែលគេយកឈ្នះលើគូប្រកួតមិនបានទេនោះ សុខឿន ចាប់ផ្តើមរាងយ៉ាប់ និងលែងតស៊ូប្រកួតទៀតហើយ ។ ផ្ទុយពី ស្រិល ទ្រី មានចិត្តប្រដាល់ធំ ប៉ុន្តែស្នៀតវាយចេញរបស់គេមិនមានផ្លែល្អ ។

អ្នកប្រដាល់រូបនេះ ប្រកួតចុងក្រោយបានវាយចាញ់អ្នកប្រដាល់ ជ័យ ប៊ុនសង់ ក្លឹបគីសែមានរិទ្ធក្នុងទឹកទី៣ ចំណែក ខឹក សុខឿន ប្រកួតចុងក្រោយនេះ វាយចាញ់អ្នកប្រដាល់ គង់ ហ៊ូវ វ័យក្មេងក្លឹបកងពលធំអន្តរាគមន៍លេខ២ ក្នុងទឹកទី២ ។

អ្នកប្រដាល់ ម៉ូ ណារ៉ាក់ ក្លឹបព្រៃទទឹង ខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ណាង សុភា ក្លឹបតាឡីដំរីមានរិទ្ធ ក្នុងទម្ងន់៥៤គីឡូក្រាម គ្រាដែលអ្នកប្រដាល់ ប្រាក់ សាវ៉េត ក្លឹបតាឯកដំបងដែក ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ភា សុវណ្ណ ក្លឹបព្រៃទទឹងខេត្តបាត់ដំបង ៕

យុគ យក្សផ្លែ ប៉ះជើងខ្លាំងត្រកូល ម៉ន លើសង្វៀន SEA-TV ចុងសប្តាហ៍នេះ