កម្ពុជា ត្រៀមខ្លួនទទួលភ្ញៀវនៃការប្រកួត កីឡាប៉េតង់ ជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៥

ភ្នំពេញ៖ នៅចុងឆ្នាំ២០១៥ ខាងមុននេះ កម្ពុជាមាន កិត្តិយសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជើង ឯកទ្វីបអាស៊ី ដោយរាជរដ្ឋាភិបាល បានព្រមព្រៀងចំណាយលុយសម្រាប់ព្រឹត្តិការណ៍នេះហើយ ។ វាជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការបន្តបង្ហាញពីសក្ដានុពលនៃកីឡាប៉េតង់របស់ខ្លួនឲ្យទូទាំងទ្វីបអាស៊ី និងពិភពលោកបានដឹង ។

បន្ទាប់ពីកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាស លើកទី២ ឆ្នាំ២០១៥ ពីការប្រកួតកីឡាប៉េតង់ ជើងឯកពិភព លោក នៅប្រទេសថៃនោះ ជាសញ្ញាបញ្ជាក់ថា កម្ពុជាកាន់តែមានលក្ខណៈសម្បត្តិសម្រាប់រ៉ាប់រងការធ្វើម្ចាស់ផ្ទះទៅហើយ ។

ក្នុងឋានៈជាម្ចាស់ផ្ទះជឿថា កម្ពុជានឹងមានឱកាសដណ្ដើមបានមេដាយនាំមុខគេជាមិនខាន ក្នុងនោះលោក សូម៉ៃ សុខគា អគ្គលេខាធិការរង របស់សហព័ន្ធបានមានប្រសាសន៍ថា ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី នៅតែបន្តយើងមិនឈប់សម្រាកទេ យើងត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវតែបន្តមានសក្ដានុពលលើប្រភេទកីឡានេះទៀត ។

អគ្គនាយកកីឡា លោក អ៊ុក សិទ្ធិជាតិ បានឲ្យដឹងដែរថា ការប្រកួតនេះគ្រោងធ្វើនៅប្រទេសម៉ាឡេស៊ី តែម៉ាឡេស៊ី មិនទទួលទើប សហព័ន្ធកីឡាប៉េតង់អាស៊ីប្រគល់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។ កាលពីឆ្នាំ២០០១ កម្ពុជាធ្លាប់ធ្វើម្ចាស់ផ្ទះនៃការប្រកួត កីឡាប៉េតង់ជើងឯកអាស៊ីម្ដងហើយ ដែលកាលនោះ ធ្វើនៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល ។ នេះជាលើកទី២ ហើយដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃការប្រកួតកម្រិតទ្វីបអាស៊ីនេះ ។

ជាមួយនឹងការទទួលធ្វើម្ចាស់ផ្ទះនេះ កម្ពុជាបាន បង្កើតគណៈកម្មការនានាឲ្យបានលឿនដោយមានការចូលរួមពីក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសាមីសហព័ន្ធ ។ ការប្រកួតត្រូវផ្អែកលើគោលការណ៍ច្បាប់ បទបញ្ជាប្រកួតរបស់សហព័ន្ធទ្វីបអាស៊ី ។

សម្រាប់ម្ចាស់ផ្ទះនេះ កម្ពុជាត្រៀមចំណាយថវិកាប៉ុន្មាននោះ លោកអគ្គនាយកកីឡាបានបញ្ជាក់ថា ទាល់តែយើងដឹងពីចំនួនប្រទេស ដែលចូលរួម ដឹងពីចំនួនកីឡាករ-កីឡាការិនី ដែលចូលរួមសិន ទើបយើងធ្វើគោលការណ៍សុំទៅរដ្ឋាភិ បាលបាន ។

គួរបញ្ជាក់ថា បន្ទាប់ពីការកែទម្រង់នោះ សហព័ន្ធប៉េតង់បានផ្លាស់ប្ដូរអគ្គលេខាធិការគឺប្ដូរលោក មាស សារិន ចេញ ហើយដាក់លោក អ៊ិន គឹមស្រ៊ុន ជំនួសវិញ ។ ការផ្លាស់ប្ដូរមួយនេះមានជំនឿចិត្តថា អ្វីៗនឹងល្អប្រសើរជាងមុនជាមិនខានឡើយ ៕

កម្ពុជា ត្រៀមខ្លួនទទួលភ្ញៀវនៃការប្រកួត កីឡាប៉េតង់ ជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៥

កម្ពុជា ត្រៀមខ្លួនទទួលភ្ញៀវនៃការប្រកួត កីឡាប៉េតង់ ជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៥