បាត់ប្រាក់​កឋិនទាន​វត្ត​ដំរី​កូន១៣​លាន​រៀល បងប្អូន​ចៅអធិការ​វត្ត​ស្តីទីប្រាប់​ថា​ច្រឡំ​ដាក់​ថង់យាម​យក​ទៅ​

ខេត្តកំពង់ឆ្នាំង ៖ វត្ត «ព្រះ​ឥន្ទ​កោ​សី​» ហៅ​វត្ត​ដំរី​កូន ស្ថិត​​ក្នុងភូមិ​ដំរី​កូន ឃុំ​អ​ញ្ចា​ញ​រូង ស្រុក​បរិបូរ​ណ៍ ​បន្ទាប់​ពី​មានរឿង​អាស្រូវរឿង​មាន​មនុស្ស​ស្រី​កើតមក​ជាពង និងជា​ចិ​ញ្ចៀនធ្វើឱ្យផ្អើល​អស់​ស្ទើ​រមួយ​ប្រទេស​នោះ ពេល​នេះ​មានរឿងមិន​ប្រក្រតី​ទៀត​ហើយ គឺ​រឿង​បាត់​លុយកឋិនទានជាង​១៣​លាន​រៀលធ្វើ​ឱ្យផ្អើលទាំង​គណៈកម្មការ តា​អាចារ្យ និង​មន្ត្រី​ធម្មការ ហើយ​បាន​ជជីក​សួរ ទើប​ធ្លាយរឿងបងប្អូនរបស់ព្រះសង្ឃ​មួយ​អង្គ​ដែល​គ្រប់គ្រង​វត្តមិន​ទាន់​​ប្រកាស​ជាចៅអធិការ​វត្តស្តីទីនៅឡើយបាន​ទូរ​សព្ទ័​មក​ប្រាប់​ថា លុយ​នោះ​បាន​ច្រឡំ​មក​ជាមួយ​ថង់យាម​យក​ទៅ​ជាមួយ ។

តែ​ទោះយ៉ាងនេះ​ក្តី ទាំង​មន្ត្រី​ធម្មការ​ស្រុក ទាំង​គណៈកម្មការ លោកតា​អា​ចា្យ បាន​ស្នើ​សុំ​ឱ្យព្រះសង្ឃ ដែលត្រៀម​ឡើង​ចៅអធិការ​ស្តីទីប្រគល់​ប្រាក់​ទាំងនោះ​មក​គណៈកម្មការ​វត្ត​ដើម្បី​យក​ទៅ​ដាក់​ក្នុង​ធនាគារជា
ប្រ​យោ​ជ​ន៍សម្រាប់​ប្រើប្រាស់​កសាង​វត្ត​នៅ​ថ្ងៃក្រោយ ព្រោះ​ប្រាក់​ដែល​បាន​មក​ពី​អង្គ​កឋិនទាន មាន​ជាង៧២​លាន​រៀលបាន​ដាក់​រួចរាល់​ក្នុង​ធនាគារ​ហើយ ។

លោកតា​អាចារ្យគណៈកម្មការ​វត្តខាងលើ​បាន​លើក​ឡើង​ថា​​​​​​​​​​​​​​​​ បច្ច័យ​ដែល​បាន​មក​ពី ​​​​​​​​​​​ក្នុង​អង្គ​កឋិនទាន កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះមាន​ចំនួន​៨៥.៧៨៦.០០០រៀល ដែលប្រមូល​បាន​ពី​អង្គ​កឋិនទាន​ចំនួន៧អង្គ​កឋិន ដែល​ដង្ហែ​ចូល​វត្ត ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មានកឋិន​របស់​សម្តេចចៅហ្វា​វាំង គង់ សំ​អុល ចំនួន​៧២លានរៀល និង​កឋិន​ចំនួន​៦​ទៀត​សរុប​ប្រាក់​មាន​ចំនួនជាង​៨៥​លាន​រៀល ។ 

ប៉ុន្តែ​ពេល​រាប់ឃើញ​បច្ច័យ​សរុប​តែ​ចំនួនជាង​៧២​លាន​រៀល​តែ​ប៉ុណ្ណោះ ពេល​នោះ​គណៈកម្មការ តា​អាចារ្យ និង​មន្ត្រីសង្ឃ​ស្រុក បានឱ្យ​ស្រាវជ្រាវ​រក​ប្រាក់​នេះ​ឱ្យឃើញ ចំណែក​ប្រាក់​នៅ​សល់​ប៉ុន្មាន​ត្រូវ​យក​ទៅ​ដាក់ ក្នុង​ធនាគារ ។

លោក ឆាយ សា​រឿ​ន ប្រធាន​ការិយាល័យធម្មការ​ស្រុក​បាន​លើក​ឡើង​ថា ក្នុងពី​ធី​អង្គ​កឋិនទាន បច្ច័យ​ទាំងអស់ គឺ​បង​របស់ចៅអធិការ​វត្ត​ស្តីទី (​មិន​ទាន់​ប្រកាស​) ព្រះ​នាម យ៉ង វ​ណ្ណា​ន ជា​អ្នកគ្រប់គ្រង​គ្មានគណៈ​កម្មការណា​កាន់​បច្ច័យ​នោះ​បាន​ឡើយ ​លុះ​ពេល​រាប់​ឃើញ​បាត់ចំនួន​ជាង​១៣​លាន​រៀល ។ 

ពេល​នោះ​គណៈកម្មការ​វត្ត លោកតា​អាចារ្យ មន្ត្រី​សង្ឃ រួម​ទាំង​លោក​អភិបាន​ស្រុក បាន​សម្រេច យក​ប្រាក់​នៅ​សល់​ជាង​៧២​លាន​រៀលទៅ​ផ្ញើ​នៅ​ធនាគារ ។ លោក​បាន​បន្ត​ថា ពេល​ទៅ​ផ្ញើនៅ​ធនាគារ បងប្អូន​ចៅអធិការ​ស្តីទី​​ចង់ឱ្យដាក់​ឈ្មោះចៅអធិការ​វត្ត​ស្តីទី​ទៀត តែ​ពួក​គាត់​មិន​ព្រម  ហើយ​បាន​សម្រេច​ដាក់​ឈ្មោះ​ជា​ម្ចាស់​ប្រាក់​ក្នុង​ធនាគា​រ៣​នាក់ មាន​១-ឈ្មោះ ឱ គង់ អាយុ​៧១​ឆ្នាំ ជា​លោកតា​អាចារ្យ​ក្នុង​វត្ត យូ​រយា​ណាស់​មក​ហើយ ២​-ឈ្មោះ ឈាង សំបូរ និង​៣​-ឈ្មោះ  អុំ យឿ​ង ទាំង​២​នាក់​ជា​គណៈកម្មការ​វត្ត​។

បន្ទាប់​ពី​ដាក់​ប្រាក់​ក្នុង​ធនាគារ​ដើម្បី​សុវត្ថិភាព​ហើយ និង​ក្រោយពី​ដឹង​ថា បាត់ប្រាក់​ក្នុង​អង្គ​កឋិនទានជាង​១៣​លាន​រៀល ស្រាប់តែ​មាន​​​បងប្អូន​របស់ចៅអធិការ​វត្ត​ស្តីទី​ដែល​ជា​អ្នក​កាន់​ប្រាក់​នោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ថា ប្រាក់១៣លាន​រៀល​នោះ​គាត់​ជា​អ្នក​ច្រឡំ​ដាក់​ក្នុង​ថង់យាមយក​ទៅ​ជាមួយ ហើយ​ពេល​នេះ​បាន​ប្រគល់​ជូនចៅអធិការ​វត្ត​ស្តីទីវិញ​ហើយ ។

​ក្រុម​គណៈកម្មការ លោកតា​អាចារ្យ និង​មន្ត្រី​សង្ឃ គឺ​មិន​ចង់​ដេញដោលទៀត​ឡើយ តែ​សុំ​ឱ្យ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្តី​ទីនោះ ប្រគល់​ប្រាក់​ទាំងនោះ​មក​គណៈកម្មការវ​ត្ក​ដើម្បីយក​មក​ដាក់​ក្នុង​ធនាគារ​វិញ​ ព្រោះ​មក​ដល់​ពេល​នេះ​បច្ច័យ​ទាំង​១៣​លាន​រៀល​នោះ​នៅ​ព្រះសង្ឃ ព្រះ​នាម យ៉ង វ​ណ្ណា​ន នៅឡើយ​។

សូម​រំ​ឮ​កថា វត្ត​ព្រះ​ឥន្ទ​កោ​សី ហៅ​វត្ត​ដំរី​កូន​នេះ ធ្លាប់​មានរឿងអាស្រូវម្តង​ហើយក្នុង​រឿង​ស្ត្រី​ម្នាក់​កើតកូន​មក​ជា​ពង និង​ជា​ចិ​ញ្ចៀន ក្រោយមក​សាបរលាប ព្រោះ​ជា​រឿងដែល​មិន​គួ​រឱ្យជឿមកដល់​ពេល​នេះ​មានរឿង​ច្រឡំយក​ប្រាក់​ដាក់​ថង់យាមចំនួន​១៣​លាន​រៀលដែលគួរ​ឱ្យហួសចិត្ត ៕  ​