​ចង់ឲ្យ​កូន​ញញឹម និង​រីករាយ វា​មិន​ពិបាក​ទេ គឺថា …

​ចង់ឲ្យ​កូន​ញញឹម និង​រីករាយ វា​មិន​ពិបាក​ទេ គឺថា ...

​លើ​លោក​នេះ គ្មានអ្វី អាច​យក​មក​ប្រៀបធៀប នឹង​សេចក្តីស្រឡាញ់ របស់​ឪពុក​ម្តាយ ចំពោះ​កូនៗ​ឡើយ​។ នៅក្នុង​កែវភ្នែក​ឪពុកម្តាយ ទោះបីជា​កូន​ធំ​ប៉ុណ្ណា ក៏​នៅតែ​ជា​ទារក​តូច ដ៏​គួរឲ្យ​ស្រឡាញ់​របស់​គាត់​ដែរ ហើយ​អ្វី​ដែល​គាត់​ចង់​ឃើញ គឺ​ស្នាមញញឹម និង​ភាព​រីករាយ​របស់​កូន​។ ឪពុក​ម្តាយ​នឹង​ខិតខំ ធ្វើ​រឿង​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​កូនរីករាយ និង​រស់នៅ​ដោយ​មានន័យ​។

​ប៉ុន្តែ ប្រសិន​បើ​កូន​របស់​អ្នក ចេះ​តែ​មួរ​ម៉ៅ ឬ​ស្រងេះស្រងោច នោះ​បញ្ហា គឺ​អាចមកពី​កូន​របស់​អ្នក​។ ប្រសិន​បើ​កូន​របស់​អ្នក មាន​បញ្ហា​អ្វីមួយ​ក្នុង​ចិត្ត ឬ​ក្នុង​រាងកាយ នោះ​អារម្មណ៍​រីករាយ​របស់​គេ អាច​នឹង​បាត់បង់​អស់​។

ដូច្នេះ ដើម្បី​ដោះស្រាយ និង​ធ្វើ​ឲ្យ​កូន​អ្នក​រីករាយ​វិញ​បាន យើង​មាន​វិធីសាស្ត្រ​ងាយៗ ដូចជា ៖

​ចាក់​ក្រឡេក និង​ថើប​ពោះ​
​ឪពុកម្តាយ គួរតែ​មាន​ពេលវេលា​ច្រើន សម្រាប់​កូនៗ ដើម្បី​បង្ហាញ​នូវ ការស្រឡាញ់ និង​ការយកចិត្តទុកដាក់ ចំពោះ​ពួកគេ​។ កូនក្មេង​ត្រូវ​ការលូតលាស់ ក្នុង​បរិយាកាស​សមរម្យ ដែល​មាន​ឪពុក​ម្តាយ នៅ​ចាំ​មើល​ថែ​គេ​ជាប់​រហូត ដូច្នេះ វា​ពិតជា​មាន​ការលំបាក​ខ្លាំងណាស់ សម្រាប់​ឪពុកម្តាយ​ដែល​រវល់​ធ្វើ​ការ​។ ការ​ប្រលែង​លេង ការ​ចាក់ក្រឡេក និង​ថើប​ពោះ គឺជា​វិធីសាស្ត្រ​លឿនៗ ដែល​អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក​សើច​។​

​ដាស់​គេ ឲ្យ​ភ្ញាក់​ពី​គេង​ថ្ម​មៗ​
​រាល់​ព្រឹក ចូរ​អោប​កូនតូច​របស់ ប្រសិនបើ​អ្នក ចង់ឲ្យ​គេ​ភ្ញាក់ ហើយ​កុំ​ភ្លេច ថើប​ថ្ងាស​គេ​ផង​។ កូនក្មេង​ចូលចិត្ត កាយវិការ​ស្រឡាញ់​របស់​ឪពុក​ម្តាយ ជាជាង​ការនិយាយ​តែ​មាត់ ពីព្រោះ ការ​ថើប ការ​អោប ឬ​ការ​ប្រលែង​លេង ធ្វើឲ្យ​គេ​មាន​ភាពកក់ក្តៅ​។​

​រក្សា​ការសន្យា​
​ប្រសិនបើ​អ្នក សន្យា​ជាមួយ​កូនតូច​របស់​អ្នក អ្នក​ត្រូវ​តែ​ធ្វើ​វា​ដាច់ខាត ទោះបីជា​វា​តិចតួច ឬ​ពិបាក​យ៉ាង​ក៏ដោយ​។ ការនិយាយ​មិន​ពិត ឬ​ក្បត់ពាក្យសន្យា អាច​ជះឥទ្ធិពល​អាក្រក់​បំផុត សម្រាប់​កូនៗ​របស់​អ្នក​។ វា​នឹង​ធ្វើឲ្យ​គេ​ឈឺចាប់ ហើយ​ស្អប់​អ្នក​ទៀតផង​។

​ជួយ​បង្រៀន និង​ធ្វើ​កិច្ចការ​សាលា​
​គ្មាន​កូន​ក្មេង​ណា ចង់​ធ្វើ​លំ​ហាត់​សាលា ក្នុង​ផ្ទះ​ទេ ប្រសិនបើ​អ្នក មិន​ចេះ​ណែនាំ ឬ​ជួយ​គេ​នោះ​។ យ៉ាងណាមិញ បើ​អ្នក​នៅ​ក្បែរ កំដរ បង្ហាញ និង​បង្រៀន​គេ​បន្ថែម នោះ​កិច្ចការ​សាលា ប្រៀបដូចជា ស្ករ​គ្រាប់ ដែល​គេ​ចូលចិត្ត​អញ្ចឹង​។ ប៉ុន្តែ ដាច់ខាត កុំ​បង្ខំ​គេ​ឲ្យសោះ​។

​សរសេរ​កំណត់ហេតុ​ខ្លី​ឲ្យ​កូន​
​ការសរសេរ​កំណត់ហេតុ ឬ​ពាក្យពេជន៍ នៅលើ​ក្រដាស​តូចៗ ដាក់​ឲ្យ​កូន ពិត​ជា​គំនិតល្អ​។ វា​មិន​ត្រឹមតែ​ជួយ​ឲ្យគេ ឆាប់​ចេះ​អាន​នោះទេ តែ​វា​នឹង​ធ្វើឲ្យ​គេ ស្រឡាញ់​អ្នក​ថែមទៀត​ផង​។ ចូរ​សរសេរ​ពាក្យ​ថា “​ប៉ា​ម៉ាក់​ស្រឡាញ់​កូន​, កូន​អាច​មើល​ទូរទស្សន៍​បាន​កន្លះ​ម៉ោង​, ដល់​ពេល​ញ៉ាំ​បាយ​ហើយ​កូន​, ស្អែក​កូន​ចង់​ដើរលេង​នៅ​ទីណា​? ...” ដាក់​នៅ​លើ​ទូរ​ទឹកកក ទូរទស្សន៍ ឬ​លើ​ក្បាល​គ្រែ​គេង​ជាដើម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។