ក្រោយ​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​ផ្អាក​រាល់​ការ​ហោះហើរ​របស់​ខ្លួន​មក​កាន់​អេ​ហ្ស៊ី​ប

លោក​ស័​រ​ហ្គេ​យ អីុវ៉ា​ណូ​វ ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​រុ​ស្ស៊ី រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ថា ជើងហោះហើរ​របស់​យន្តហោះ​នៃ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី​មក​កាន់​ប្រទេស​អេ​ហ្ស៊ី​ប​ត្រូវ​ផ្អាក​យ៉ាងតិច​ជា​ច្រើន​ខែ ។

ខណៈ​ជើងហោះហើរ​របស់​យន្តហោះ​ត្រូវ​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី​៦ វិច្ឆិកា មក លោក​អីុ​វ៉ា​ណូ​វ ថ្លែង​ថា យើង​បាន​បញ្ឈប់​ការ​ហោះហើរ​មក​កាន់​អេ​ហ្ស៊ី​ប​ទាំង​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ចុង​ក្រោយ​នៃ​ការ​ធ្លាក់​យន្តហោះ តែ​យើង​ធ្វើ​ជា​ការ​បង្ការ និង​ជា​ការ​ប្រុង​ប្រយ័ត្ន ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ ជា​លើក​ដំបូង​ពុំ​បដិសេធ​ពី​លទ្ធភាព​នៃ​អំពើ​ភេរវកម្ម​មួយ​ជា​ប្រភព​នៃ​ការ​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២៤​នាក់ កាលពី​ថ្ងៃ​ទី​៣១ តុលា នៅ​អេ​ហ្ស៊ី​ប ។

យោង​តាម​លោក​អីុ​វ៉ា​ណូ​វ ថា បណ្តា​វិធានការ​សន្តិសុខ​នៅ​តាម​បណ្តា​ព្រ​លាន​យន្តហោះ​អេ​ហ្ស៊ី​ប​ពុំ​មែន​ធ្វើការ​កែ​លម្អ តែ​នៅ​ទីក្រុង CHARM ELCHEIKH មួយ​ឡើយ ក៏​ប៉ុន្តែ​ក៏​ត្រូវ​ពង្រឹង​នៅ​ជិត​ស្ថានីយ​កម្សាន្ត​មាត់សមុទ្រ HURGHADA និង​ទីក្រុង​គែរ​ជា​កន្លែង​ដែល​បណ្តា​យន្តហោះ​រុ​ស្ស៊ី​ហោះ​ចុះឡើង​ផង​ដែរ ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ដែល​នៅ​បដិសេធ​ពុំ​និយាយ​ពី​អំពើ​ភេរវកម្ម​មួយ​នោះ បាន​សម្រេច​ផ្អាក​រាល់​ការ​ហោះហើរ​របស់​យន្តហោះ​ស៊ី​វិល​ទៅ​កាន់​អេ​ហ្ស៊ី​ប យោង​ទៅ​តាម​អនុសាសន៍​របស់​បណ្តា​ភ្នាក់ងារ​ស៊ើបការណ៍​រុ​ស្ស៊ី ។ ពេល​នេះ​រុ​ស្ស៊ី​កំពុង​រៀបចំសម្រាប់​ធ្វើ​មាតុភូមិនិវត្តន៍​អ្នកទេសចរ​រុ​ស្ស៊ី​ជិត​៨០.០០០​នាក់ ដែល​នៅ​ជាប់​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នៅឡើយ ៕