ព្យុះ MEGH វាយប្រហារ​យេ​ម៉ែ​ន​ស្លាប់​14​នាក់

អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ថា មនុស្ស​១៤​នាក់​ស្លាប់​នៅ​លើ​កោះ​សូ​កូ​ត្រា របស់​យេ​ម៉ែ​ន ដោយសារ​ការ​វាយប្រហារ​របស់​ព្យុះ​ឈ្មោះ MEGH ជា​ព្យុះ​ទី​២​ដែល​បោកបក់​ខុស​ពី​ទម្លាប់​លើ​ឧបទ្វីប​អា​រ៉ាប់​ចន្លោះ​ពេល​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។

ក្នុង​សេចក្តី​ប្រកាស​មួយ អាជ្ញាធរ​បញ្ជាក់​ថា ព្យុះ MEGH សម្លាប់​មនុស្ស​សរុប​១៤​នាក់ នៅ​លើ​កោះ​សូ​កូ​ត្រា ដោយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ​មាន​កុមារ​២​នាក់ និង​នារី​២​នាក់ ហើយ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ។

ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់ អ​.​ស​.​ប OCHA ក្នុង​សេចក្តី​ប្រកាស​មួយ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៦​នាក់ ដោយសារ​ព្យុះ MEGH ដែល​ហាក់​ចុះ​ថយកម្លាំង​ក្រោយ​ពី​បោកបក់​លើ​ឆ្នេរសមុទ្រ​ខាងត្បូង​របស់​យេ​ម៉ែ​ន​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ។

យោង​តាម​អាជ្ញាធរ​ថា ផ្ទះ​ចំនួន​១.០០០​ខ្នង ត្រូវរ​លំបាក់ ហើយ​ប្រមាណ​ជា​២.០០០​ខ្នង​ទៀត​រង​ការ​ខូចខាត ដោយសារ​ព្យុះ​ដែល​ធ្វើ​ឱ្យ​ទូក​នេសាទ​ជា​ច្រើន​រយ​គ្រឿង​រង​ការ​ខូចខាត​ផង​ដែរ ។ ចំណែក​សត្វពាហនៈ​ច្រើន​ពាន់​ក្បាល​ត្រូវ​ស្លាប់ ។

ការ​បោកបក់​របស់​ព្យុះ​ដល់​ទៅ​២​កម្រ​មាន​ណាស់​នៅ​ឧបទ្វីប​អា​រ៉ាប់ ចន្លោះ​ពេល​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ ដែល​នោះ​ជា​រឿង​វិសាមញ្ញ​បំផុត​មួយ ។

យោង​តាម OCHA ថា មនុស្ស​ប្រមាណ​ជា​៦.៨០០​គ្រួសារ​មុន​នេះ​ត្រូវ​ជម្លៀស​ចេញ​ដោយសារ​ព្យុះ​ឈ្មោះ CHAPALA ដែល​វាយប្រហារ​លើ​តំបន់ឆ្នេរ​សមុទ្រ​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ៕