អ្នកតំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​រង​គ្រោះ​ដោយ​ការ​វាយដំ​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ

អ្នកតំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​រង​គ្រោះ​ដោយ​ការ​វាយដំ​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ លោក ជូ​ង ជូ​ងី មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា លោក​បាន​យកពាក្យ​បណ្តឹង​របស់​លោក​ញ៉​យ ចំរើន និង​លោក​គង់ សភា ដែល​បាន​រង​គ្រោះ​ដោយ​ការ​វាយដំ​ទាត់​ធាក់​ពី
ក្រុម​ជន​ដៃដល់​មក​ដាក់​នៅ​សាលាដំបូង​រាជធានី​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ ពាក្យបណ្តឹង​នេះ​បាន​សរសេរ​ក្នុង​កម្មវត្ថុ​ថា ប្តឹង​ក្រុម​បាតុករ​ពី​បទប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា​មុន និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។

លោក​មេធាវី​បាន​បញ្ជាក់​ថា តុលាការ​បានទទួល​ពាក្យបណ្តឹង​នេះ​រួច​ហើយ ហើយ​ក្នុង​ពាក្យបណ្តឹង​បាន​ប្តឹង​ជន​ដៃដល់​ទាំង​៣​នាក់​ដែល​ចេញសារភាព​ផង និង​ប្តឹង​បក្ខពួក​ជន​ដៃដល់​ជា​ច្រើន​នាក់​ទៀត​ដែល​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ កាលពី​ថ្ងៃ​ទី​២៦ តុលា ។

អ្នកតំណាង​រាស្ត្រ​រង​គ្រោះ​ទាំង​ពីរ​រូប​ត្រូវ​បានគណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ ដែល​មក​ដល់​ពេល​នេះ​មិន​ទាន់​វិល​ត្រឡប់​មក​វិញ​នៅឡើយ​ទេ​។ ជន​ដៃដល់​៣​នាក់​ដែល​ចេញ​សារភាព​ជាមួយ​សមត្ថកិច្ច​នោះ​ឈ្មោះ​ចាយ សា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ ឈ្មោះ​ម៉ៅ ហឿ​ន អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ​សុត វណ្ណ​នី អាយុ​៤៥​ឆ្នាំ ។ តុលាការ​បាន​ចោទប្រកាន់​ជន​ដៃដល់​ទាំង​៣​នាក់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៨ និង​មាត្រា​៤១១ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក​ចៅក្រម អុ​ី ថាវរៈ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ទាំង​៣​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ។ ទោះបី​ក្រុម​ជន​ដៃដល់​៣​នាក់​ចេញ​សារភាព​ហើយ​ក្តី ប៉ុន្តែ​អ្នកតំណាង​រាស្ត្រ​រង​គ្រោះ​ខាងលើ​បាន​ចោទ​ថា ជន​ដៃដល់​មាន​ចំនួន​ច្រើន​នាក់​លើស​ពី​ចំនួន​ដែល​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​តុលាការ ។

យោង​តាម​បទ​ចោទ​ខាងលើ​នេះ ប្រសិនបើ​តុលាការ​រក​ឃើញ​កំហុស​តាម​មាត្រា​២១៨​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ជន​ដៃដល់​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​ដល់​១០​លាន​រៀល ។ ចំណែក​មាត្រា​៤១១​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ក៏​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​ទៅ​១០​លាន​រៀល​ដែរ​។ ជន​ទាំង​៣​នាក់​បាន​បដិសេធ​ថា ខ្លួន​មិនមែន​ជា​ក្រុម​បាតុករ​ទាមទារ​ឱ្យ​ដក​តំណែង​លោក​កឹ​ម សុខា ទេ ហើយ​ការ​វាយ​នោះ​ដោយសារ​អ្នកតំណាង​រាស្ត្រ​នោះ​ជេរ​ពួក​គេ​ថា​អា​យ៉ង​យួន ប៉ុន្តែ​អ្នកតំណាង​រាស្ត្រ​ដែល​រង​គ្រោះ​បដិសេធ​ថា មិន​បាន​ជេរ​ពួក​គេ​នោះ​ទេ ៕