ខារ៉ាអូខេ​រីក​ដូច​ផ្សិត​នាង​ៗ​បម្រើ​ផ្លូវភេទ​កំពុង​ជ្រក​យ៉ាង​សប្បាយ​រក​លុយ

ខារ៉ាអូខេ​រីក​ដូច​ផ្សិត​នាង​ៗ​បម្រើ​ផ្លូវភេទ​កំពុង​ជ្រក​យ៉ាង​សប្បាយ​រក​លុយ

ខេត្តកំពង់ស្ពឺ ៖ ជា​ទូទៅ គេ​សង្កេត​ឃើញ​មាន​ហាង​ខា​រា​៉​អូ​ខេ​ជា​ច្រើន​កន្លែង​សម្រាប់​បម្រើ​ការ​សប្បាយ​របស់​អ្នក​ចូល​ចិត្ត​ដើរ​លេង​កម្សាន្ត​នៅ​ពេល​យប់ ចូល​ទៅ​ផឹក​ស៊ី​និង​ច្រៀង​សប្បាយ​កៀកកើយ​ស្រី​ស្រស់ ក្នុង​នោះ​ក៏​មាន​បង្កប់​សេវា​ផ្លូវភេទ​សម្រាប់​កំដរ​តណ្ហា​ភ្ញៀវ​ផង​ដែរ ។ ហាង​ខារ៉ាអូខេ​ទាំងនេះ ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន តាម​បណ្តោយ​ផ្លូវ​ខាងត្បូង​វត្ត​ម្រុំ ។

តាម​ការ​បង្ហើប​ពី​ក្រុម​អ្នក​ដែល​និយម​ចូល​ចិត្ត​ដើរ​លេង​ផឹកស៊ី​នៅ​ពេល​យប់​ប្រាប់​ថា បើ​យើង​មើល​ពី​ខាងក្រៅ​មិន​អាច​ដឹង​បាន​ទេ​ថា ខាងក្នុង​មាន​អ្វីខ្លះ ។ ប៉ុន្តែ​នៅ​ពេល​ចូល​ទៅ​ទើប​ដឹង​ថា ហាង​ទាំងនេះ​មិនមែន​មាន​តែ​បម្រើ​ឱ្យ​ការ​ផឹកស៊ី និង​ច្រៀង​ប៉ុណ្ណោះ​ទេ គឺ​មាន​ទាំង​សេវា​ផ្លូវភេទ​ចាំ​បម្រើ​ទៀត​ផង ។ ក្រុម​អ្នក​ដើរ​លេង​ពេល​យប់​បាន​បង្ហើប​ទៀត​ថា រីឯ​តម្លៃ​វិញ​គឺ​ស្ថិត​នៅ​លើ​ការ​ច​រា​ចា​គ្នា​ចាប់ពី​២៥​ដុល្លារ​ទៅ​៣០​ដុល្លារ តែបើ​មួយ​យប់​ចាប់ពី​៥០​ដុល្លារ​ទៅ​៧០​ដុល្លារ តាម​សាច់ឈាម ។

និយាយ​រួម អ្នក​ណា​សាច់​ស​ស្អាត គឺ​ស៊ីថ្លៃ​បន្តិច ចំណែក​អ្នក​មិនសូវ​ស្អាត​ក៏​ធូរ​ថ្លៃ​ទៅ​តាម​នោះ​ដែរ តែ​នាង​ៗ​តម្រូវ​ឱ្យ​យើង​សម្រាក​នៅផ្ទះ​សំណាក់​ក្បែរ​ៗ​នោះ គឺ​មិនសូវ​ហ៊ាន​ទៅ​ឆ្ងាយ​ទេ​ខ្លាច​គេ​ធ្វើបាប ។ អ្វី​ដែល​គេ​តែង​និយាយ​នោះ គឺ​ត្រង់​ថា បើ​យើង​មិន​បបួល​នាង គឺ​នាង​ជា​អ្នក​បបួល​យើង​វិញ​តែ​ម្តង ដោយ​នាង​ៗ​មាន​លេស​ថា ត្រូវការ​លុយ​យក​ទៅ​បង់ថ្លៃ​បន្ទប់​ជួល បើ​មិន​ដូច្នោះ​ទេ គឺ​ម្តាយ​នៅ​ស្រុក​ត្រូវការ​លុយ ។​ល​។ ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​បើ​យើង​មិន​ត្រូវការ​នាង​ៗ​ទេ ពេល​ផឹកស៊ី​ចប់​យើង​ឱ្យ​លុយ​ធីប​តិចតួច​ត្រឹម​៥​ដុល្លារ​អី​គេ​មិនសូវ​សប្បាយចិត្ត​ជាមួយ​យើង​ទេ តែបើ​ឱ្យ​ចាប់ពី​១០​ដុល្លារ​ទៅ​២០​ដុល្លារ ទើប​ញញឹម​រាក់ទាក់​ដាក់​យើង​ហើយ​និយាយ​ថា បង​លើក​ក្រោយ​កុំ​ភ្លេច​មក​លេង​អូន​ទៀត ។

មាន​មតិ​លើក​ឡើង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​បង្ក្រាប​ឬ​ក៏​ធ្វើការ​ណែនាំ​ម្តង​ហើយ​ដើម្បី​កុំឱ្យ​ក្រុង​ដែល​ទើបនឹង​ទទួល​បាន​ផ្កា​កុលាប​ផ្នែក​ខាង​ទីក្រុង​ស្អាត​មួយ​នេះ ប្រែ​ក្លាយទៅជា​ទីក្រុង​ដែល​សម្បូរ​ទៅ​ដោយ​សេវាកម្ម​ផ្លូវភេទ ។
សូម​បញ្ជាក់​ថា ទីតាំង​ខារ៉ាអូខេ​ទាំងអស់​ដែល​មាន​នារី​បម្រើសេវា​ផ្លូវភេទ​នៅ​ចាំ​កំដរ​នេះ​គឺ​គេ​បើក​ដំណើរការ​ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​អស់លោក​ខាង​សមត្ថកិច្ច​ស្រឿ​សរសៃ​ម្ដងណា​ឡើយ ។

បុរស​ជា​ថៅកែ​ហាង​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា រឿង​នាង​ៗ​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ​ទទួល​សេវា​ផ្លូវភេទ​នោះ គាត់​មិន​បានដឹង​ទេ ហើយ​កន្លែង​គាត់​ក៏​មិន​មាន​ដែរ តែ​ក្រែងលោ​គេ​នាំ​គ្នា​ទៅ​ក្រៅ​យ៉ាងម៉េច​គាត់​ក៏​មិន​បានដឹង​ដែរ ។ គាត់​ទទួលស្គាល់​ថា សព្វ​ថ្ងៃនេះ​ពិតជា​មាន​នាង​ៗ​បម្រើសេវា​ផ្លូវភេទ​ខាងក្រៅ​មែន មិន​ថា​កន្លែង​របស់​គាត់​ឬ​កន្លែង​ណា​ទេ ហើយ​មាន​នាង​ៗ​ខ្លះ​ទៀត​មក​ធ្វើការ​មិន​យក​ប្រាក់ខែ​ក៏​មាន ។

ចំណែក​ក្រុម​បុរស​ដែល​ចូល​ចិត្ត​ដើរ​លេង​រក​សេវា​ផ្លូវភេទ​ក្រៅ​ផ្ទះ នាំ​គ្នា​និយាយ​ថា ការ​ដែល​មាន​នាង​ៗ​ចាំ​បម្រើសេវា​ផ្លូវភេទ​នេះ​វា​ល្អ ហើយ​ណាមួយ​ចៀសវាង​បាន​នូវ​អំពើ​ចាប់រំលោភ​ទៀត​ផង ។ គ្រាន់តែ​ស្តាប់​ទៅ​វា​អាក្រក់​ស្តាប់ តែ​ដូច​ជា​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​ឡើយ​។ ម្យ៉ាង ហាង​ខារ៉ាអូខេ​ទាំ​នេះ​សុទ្ធតែ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ណាមួយ​ការ​ដែល​ពួក​គេ​ទាំងប្រុស​ទាំងស្រី​ប្រព្រឹត្ត​រឿង​នេះ​មិនមែន​ជា​ការ​បង្ខិតបង្ខំ​នោះ​ទ គឺជា​ការ​ដែល​ពួក​គេ​និយាយ​ត្រូវ​គ្នា ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក កេ​ត សុខុម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ទេ​ជុំវិញ​ថា តើ​ហាង​ខារ៉ាអូខេ​ដែល​កំពុង​រីក​ដូច​ផ្សិត​នេះ​មានច្បាប់​ដែរ​ឬ​យ៉ាងណា ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង ៕