នារី​ស្រស់ស្អាតវ័យក្មេង​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​អូស​ចូលក្នុង​ស្ទឹង​បាត់ស្រមោល

​ខេត្តបាត់ដំបង​៖ ហេតុការ​ណ៍ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩ និង​៤៥​នាទី​យប់​នៅ​ចំណុច​ផ្ទះ​បណ្ដុះ​សណ្ដែក​មួយកន្លែង ស្ថិតក្នុង​ភូមិ​វត្ត​តា​មិ​ម​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយសារ​តែមាន​សម្រែក​ឲ្យ​ជួយ ខណៈដែល​មាន​ជន​មិន​ស្គាល់មុខ​ម្នាក់​បាន​វាយ និង​ទាញ​នារី​វ័យក្មេង​ម្នាក់​ទម្លាក់​ចូលក្នុង​ទឹកស្ទឹង​សង្កែ​រហូត​បាត់​សំឡេង និង​បាត់ស្រមោល​ទាំងយប់​។ 

​    ​ស្ត្រី ជា​ម្តាយ​ឈ្មោះ ជីវ ម៉ៅ អាយុ​៥៦​ឆ្នាំ បាន​និយាយ​បញ្ជាក់ថា កូនស្រី​របស់គាត់​មានឈ្មោះ ឆាំ ស្រីរ័ត្ន ហៅ​តែង​ម៉ូ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ និង​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​នេ​ត​យ៉ង់​។ ស្ត្រី​ជា​ម្តាយ​បាន​បន្តថា នៅ​មុនពេល​កើតហេតុ គឺ​កូនស្រី​របស់គាត់​នៅ​អង្គុយ​ច្រក​សណ្តែកបាយ​ជាមួយ​គាត់​ដើម្បី​បណ្ដុះ​សណ្ដែក ដោយ​ការ​ច្រក​នេះ​គឺធ្វើឡើង​នៅខាងមុខ​សំយាបផ្ទះ​ដែល​នៅជាប់​នឹង​មាត់​ស្ទឹង​សង្កែ​។ លុះ​ច្រក​រួចហើយ គាត់​ក៏បាន​ដើរ​ចេញពី​ទីនោះ ឆ្លងថ្នល់​សំដៅទៅ​ផ្ទះ​ដែល​នៅ​ម្ខាង​ថ្នល់ ដោយ​ទុក​ឲ្យ​កូនស្រី​នៅ​បិទ​ភ្លើង​សិន​មុននឹង​ត្រឡប់ទៅផ្ទះ​។ ភ្លាមៗ​នោះ​បន្ទាប់ពី​ភ្លើង​ត្រូវបាន​ពន្លត់ ក៏​ស្រាប់តែ​ឮ​សំឡេង​កូនស្រី​ស្រែក​ឲ្យ​ជួយ​យ៉ាងខ្លាំង ពេលនោះ​គាត់​បាន​រត់​មក​ឃើញ​កូនស្រី​ត្រូវ​ស្រមោល​ជន​មិន​ស្គាល់មុខ​ម្នាក់ បាន​ចាប់ទាញ​អូស​ទម្លាក់​ចូលទៅក្នុង​ទឹកស្ទឹង​សង្កែ​បាត់ទៅហើយ គ្រានោះ​គាត់​បាន​ស្រែក​ឲ្យ​អ្នកស្រុក​ជួយ​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ហ៊ាន​ចុះជួយ​នោះទេ ព្រោះ​យប់​ងងឹត​ពេក ក្រោយ​កើតហេតុ​គាត់​បាន​ប្តឹងទៅ​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​នគរបាល ក៏ដូចជា​កម្លាំង​កងរាជអាវុធហត្ថ​ចុះមក​ស្រាវជ្រាវ​ដើម្បី​តាមរក​ទាំងមុខ សញ្ញា ក៏ដូចជា​នារី​រងគ្រោះ ប៉ុន្តែ​ដល់ពេល​នេះហើយ​នៅតែ​រក​មិនទាន់​ឃើញ ដោយ​នៅជាប់​នឹង​មាត់​ស្ទឹង​ជនសង្ស័យ​បាន​បន្សល់ទុក​នូវ​សំណាញ់​បង់​ត្រី ចំនួន​មួយ ខោខ្លី​ពណ៌​ក្រហម​លាយ​ផ្កា​មួយ​និង​ស្បែកជើងផ្ទាត់​ពណ៌​ក្រហម​មួយគូ​ផងដែរ ។ 

​    ​បច្ចុប្បន្ន ជនរងគ្រោះ និង​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ស្រាវជ្រាវរ​កជាប​ន្ត ព្រមទាំង​បាននិងកំពុង​កោះហៅ​ស្ត្រី​ជា​ម្តាយ និង​ស្ត្រី​ជា​ម្តាយមីង​ម្នាក់ទៀត​ដើម្បី​សាកសួរ​៕

នារី​ស្រស់ស្អាតវ័យក្មេង​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​អូស​ចូលក្នុង​ស្ទឹង​បាត់ស្រមោល
នារី​ស្រស់ស្អាតវ័យក្មេង​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​អូស​ចូលក្នុង​ស្ទឹង​បាត់ស្រមោល
នារី​ស្រស់ស្អាតវ័យក្មេង​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​អូស​ចូលក្នុង​ស្ទឹង​បាត់ស្រមោល