បុរសម្នាក់ឈ្នះក្តី១០ម៉ឺន ដុល្លារ បន្ទាប់ពីថៅកែបណ្តេញ ពី​ការងារ ព្រោះតែពិការភ្នែក

បរទេស៖ បុរសពិការភ្នែកម្នាក់បានដាក់ពាក្យប្តឹងថៅកែហាងកាត់សក់ របស់ខ្លួនដោយចោទថា បណ្តេញរូបគេចេញពី ការងារដោយខុសច្បាប់ បន្ទាប់ពីដឹងថាគាត់ពិការភ្នែក ។

លោក Joel Nixon រស់នៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាម៉េរិក បានបាត់បង់ប្រស្រីភ្នែក ហើយក៏ត្រូវ បានថៅកែបញ្ឈប់ពីការងារ ព្រោះខ្លាចថាគាត់មិនអាចធ្វើជាជាងកាត់សក់តទៅទៀតបាន ប៉ុន្តែបុរសរូបនេះបានអះអាង ថា ខ្លួននៅតែអាចធ្វើការងារនេះ ទោះបីជាក្លាយជាជនពិការភ្នែកក៏ដោយ ។

គិតថាអយុត្តិធម៌ Nixon ក៏ប្តឹងទៅតុលាការពីរឿងនេះ ហើយគាត់ឈ្នះក្តីបានប្រាក់រង្វាន់ចំនួន $100,000 បន្ទាប់ពី គណៈកម្មការប្រឆាំងការរើសអើងក្នុងរដ្ឋ Massachusetts រកឃើញថា គាត់ត្រូវបានថៅកែបណ្តេញដោយអយុត្តិធម៌ មែន ។ លោក Nixon ក្លាយជាជាងកាត់សក់រាប់ឆ្នាំមកហើយ តែគាត់ធ្វើការនៅហាង Tony Barber Shop បាន១ឆ្នាំ ប៉ុណ្ណោះមុនពេលត្រូវបញ្ឈប់ពីការងារ ព្រោះតែថៅកែដឹងថាគាត់មិនមានប្រស្រីភ្នែកដែលនាំឲ្យពិបាកធ្វើការ ហើយ ក្រោយពីត្រូវបណ្តេញពីការងារ Nixon មិនអាចរកការងា រថ្មីធ្វើបានទេ ខណៈដែលប្រពន្ធគាត់កំពុងពពោះកូនក្នុងផ្ទៃ ។

Nixon ត្រូវបានគណៈកម្មការប្រឆាំងការរើសអើងហៅកាត់ថា MCAD ផ្តល់ប្រាក់រង្វាន់ $75,000 ចំពោះកម្រៃបាត់បង់ និងប្រាក់ $25,000 សម្រាប់សំណងជំងឺចិត្ត ប៉ុន្តែគាត់នៅតែចង់បន្តការងារវិញដោយអះអាងថា ខ្លួនអាចកាត់សក់ឲ្យ អតិថិជនបានល្អ រីឯម្ចាស់ហាងគឺលោក Morales ការពារខ្លួនថា លោក Nixon មិនអាចបំពេញការងារបានប្រសើរទេ ហើយគេក៏គ្មានលិខិតទទួលស្គាល់ជាជាងកាត់សក់ដែរ ។

ទោះជាយ៉ាងណា លោក Nixon និយាយថា គាត់នឹងជួលមេធាវីថ្មីប្តឹងឧទ្ធរណ៍បន្តទៀត ៕

បុរសម្នាក់ឈ្នះក្តី១០ម៉ឺន ដុល្លារ បន្ទាប់ពីថៅកែបណ្តេញ ពី​ការងារ ព្រោះតែពិការភ្នែក