អំណាចរដ្ឋធម្មនុញ្ញ៖ លោកស្រី អ៊ុងសាន ស៊ូជី មិនអាចក្លាយជាប្រធានា ធិបតីមីយ៉ាន់ម៉ាឡើយ បើទោះបីឈ្នះឆ្នោត ភ្លូកទឹកភ្លូកដីក៏ដោយ

មីយ៉ាន់ម៉ា៖ គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួល សំឡេងគាំទ្រភ្លូកទឹកភ្លូកដី ក្នុងព្រឹត្តិការណ៍ បោះឆ្នោតដោយសេរី និងយុត្តិធម៌ដ៏កម្រ កាលពីថ្ងៃអាទិត្យ កន្លងទៅ នេះ។ បើទោះបីជាគណបក្សប្រឆាំងមួយនេះ ទទួលបានសំឡេងគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្តី តែអំណាចរដ្ឋ ធម្មនុញ្ញក្នុងប្រទេសនេះ មិនអនុញ្ញាតឲ្យមេដឹកនាំលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដឹកនាំរដ្ឋាភិបាល មីយ៉ាន់ម៉ា ក្នុងអាណត្តិ ដែលមាន រយៈពេលប្រាំឆ្នាំនេះបានឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់  ងារសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

រដ្ឋធម្មនុញ្ញប្រទេសមីយ៉ាន់ម៉ា បានកំណត់ថា សមាជិកសភា របស់ពួកយោធានិយម នឹងទទួលបានសំឡេង ២៥ ភាគរយក្នុងសភាទាំងពីរ ដោយស្វ័យប្រវត្តិ ហេតុនេះពួកយោធាមានសិទ្ធិវេតូ ប្រឆាំងរាល់ការធ្វើកំណែទម្រង់រដ្ឋ ធម្មនុញ្ញ។ ប្រសិនបើគ្មានការកែប្រែទេនោះ អំណាចរដ្ឋធម្មនុញ្ញ នាពេលបច្ចុប្បន្នមិនអនុញ្ញាតឲ្យលោកស្រី អ៊ុង សាន ស៊ូជី ធ្វើជាប្រធានាធិបតីមីយ៉ានម៉ាបានឡើយ។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិ នឹងនៅតែបន្តធ្វើជាអាជ្ញាធរជាន់ខ្ពស់ប្រចាំប្រទេសមីយ៉ាន់ ម៉ា ដោយមានអំណាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល តាមការជ្រើសរើសរបស់ខ្លួន។

តាមរយៈការរាប់សន្លឹកឆ្នោតជាលើកដំបូងបានបង្ហាញថា គណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ទទួល បានសំឡេងគាំទ្រជាង ៨០ភាគរយ គឺខ្ពស់ជាង ៦៧ភាគរយ ដែលអាចឲ្យបក្ស NLD មានសិទ្ធិគ្រប់គ្រាន់ក្នុងការ បង្កើតរដ្ឋាភិបាលដោយខ្លួនឯង។ ប៉ុន្តែទន្ទឹមនឹងនេះដែរ បក្ស NLD ចាំបាច់ត្រូវការសំឡេងខ្ពស់ ៧៥ភាគរយ ដើម្បី ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ តែជាអកុសលសំឡេងជាង ២៥ភាគរយ នៅក្នុងសភាទាំងពីរ ស្ថិតក្នុងដៃរបស់ពួកយោ  ធាទៅហើយ។ មេដឹកនាំរបបយោធានិយម បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេដាច់ខាតមិនគាំទ្រ ចំពោះការកែប្រែ រដ្ឋធម្មនុញ្ញឡើយ។

តើនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស មីយ៉ាន់ម៉ា មានចែងដូចម្តេច ហើយមានទំនាក់ទំនងបែបណាជាមួយការឡើង កាន់អំណាចរបស់លោកស្រី អ៊ុងសាន ស៊ូជី?

១. កូនប្រុសលោកស្រី មានសញ្ជាតិបរទេស មិនអាចឲ្យលោកស្រីធ្វើជាប្រធានាធិបតីបានឡើយ៖ តាមជំពូកទី៣ នៃរដ្ឋធម្មនុញ្ញបានចែងថា «ក្នុងនាមជាប្រធានាធិបតីម្នាក់ មិនអាចមានឪពុកម្តាយ ស្វាមីភរិយា ឬ កូនណាម្នាក់  ដែលមិនមានភាពស្មោះស័្មគ្រ ឬ លំអៀងទៅបរទេស ឬ ជាជនជាតិបរទេសឡើយ»។ ចំណុចនេះស្តែងយ៉ាងច្បាស់ ថា មេដឹកនាំបក្សប្រឆាំងរូបនេះ មិនអាចក្លាយជាប្រធានាធិបតីបាន ដោយសារកូនប្រុសទាំងពីរ មានសញ្ជាតិជាជន ជាតិអង់គ្លេស។

២. ប្រធានាធិបតីចាំបាច់ត្រូវមានបទពិសោធន៍ផ្នែកយោធា៖ ក្នុងជំពូកទី៣ បានចែងបន្តថា «ក្នុងនាមជាប្រធានាធិ បតីម្នាក់របស់ប្រទេសមីយ៉ាន់ម៉ា ចាំបាច់ត្រូវមានចំណេះដឹងលើកិច្ចការសំខាន់ៗ ដូចជាផ្នែកនយោបាយ រដ្ឋបាល  សេដ្ឋកិច្ច និងយោធា»។ ជាការពិតលោកស្រី ស៊ូជីមិនធ្លាប់មានបទពិសោធន៍ផ្នែកយោធាឡើយ។

៣. អាសនៈនៅក្នុងសភាជាន់ខ្ពស់ និងជាន់ទាបចំនួន ២៥ភាគរយ ត្រូវតែជាកម្មសិទ្ធិរបស់ពួកយោធា៖ ក្នុងជំពូកទី ៤ នៃរដ្ឋធម្មនុញ្ញបានចែងថា ក្នុងចំណោមអាសនៈទាំង ៤៤០នៅក្នុងសភាជាន់ទាប សមាជិកសភា ដែលត្រូវបាន បោះឆ្នោតជ្រើសរើសមិនអាចច្រើនជាង ៣៣០អាសនៈឡើយ ដោយទុក ១១០អាសនៈសម្រាប់សមាជិកសភាតំ  ណាងឲ្យកងកម្លាំងយោធាដោយស្វ័យប្រវត្តិ។ ជាមួយគ្នានេះដែរ ក្នុងចំណោមអាសនៈចំនួន ២២៤នៅក្នុងសភា ជាន់ខ្ពស់អាសនៈចំនួន ៥៦អាសនៈ ជាកម្មសិទ្ធិរបស់សមាជិកមន្ត្រីការពារជាតិ ដែលតែងតាំងដោយមេបញ្ជាការ ការពារជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។

ដើម្បីកែប្រែរដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវមានសំឡេងគាំទ្រខ្ពស់ជាង ៧៥ភាគរយ ហេតុនេះលុះត្រាតែគណបក្ស NLD  ទទួលបានសំឡេងគាំទ្របន្ថែមពីសមាជិកសភា ដែលជាពួកយោធាទាំងនោះ ទើបអាចមានសិទ្ធិក្នុងការកែប្រែរដ្ឋ ធម្មនុញ្ញបាន។

៤. ប្រធានាធិបតីគ្មានអំណាចក្នុងការតែងតាំងមន្ត្រីការពារជាតិ មន្ត្រីកិច្ចការផ្ទៃក្នុង ឬ កិច្ចការព្រំដែនឡើយ៖ មាន តែមេបញ្ជាការការពារជាតិប៉ុណ្ណោះ ដែលអាចតែងតាំងមន្ត្រីទាំងនោះបាន។ ចំណុចនេះ ធ្វើឲ្យមេបញ្ជាការការពារ ជាតិ មានអំណាចលើប្រធានាធិបតីទាំងក្នុងកិច្ចការពារជាតិ និង ការរក្សាសន្តិសុខប្រទេស។

៥. ក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិ (NDSC) នៅតែមានអំណាចខ្ពស់ក្នុងប្រទេសមីយ៉ាន់ម៉ាទាំងក្នុង និងក្រៅ សភា៖ ជាអកុសល NDSC ភាគច្រើន ត្រូវបានបង្កើតឡើងដោយមេបញ្ជាការយោធា។ ក្នុងរដ្ឋធម្មនុញ្ញបានចែងថា  ក្នុងស្ថានភាពបណ្តោះអាសន្ន ឬបន្ទាន់ណាមួយ NDSC មានសិទ្ធិគ្រប់គ្រាន់ ក្នុងការប្រើប្រាស់អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការរហូតដល់សមាជិកសភាត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មី។ ហេតុនេះបក្ស NLD របស់ លោកស្រី ត្រូវការចាំបាច់នូវការគាំទ្រពីសំណាក់គណបក្ស ឬ បេក្ខជន និង សមាជិករបស់បក្សយោធានិយម ដើម្បី បង្កើតរដ្ឋាភិបាលថ្មីមួយ។ តែជាក់ស្តែងគណបក្ស នយោបាយជាង១០០ និង បេក្ខជនទាំងអស់ ដែលចូលរួមប្រកួត ប្រជែងបោះឆ្នោត បែរជាគាំទ្រទៅលើរបបយោធានិយមទៅវិញ៕

អំណាចរដ្ឋធម្មនុញ្ញ៖ លោកស្រី អ៊ុងសាន ស៊ូជី មិនអាចក្លាយជាប្រធានា ធិបតីមីយ៉ាន់ម៉ាឡើយ បើទោះបីឈ្នះឆ្នោត ភ្លូកទឹកភ្លូកដីក៏ដោយ