ញ៉េ សិទ្ធិ ប៉ះ ផៃ គឹមហឿត គ្រាដែល ឡុង សំណាង ជួប ឌុន ប៊ុនធឿន នៃពាន TIFFY

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ សង្វៀនទី២របស់ TV5 នឹងចាប់ផ្តើមការប្រកួត វគ្គពាក់កណ្តាល ផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម នៅលើសង្វៀន ARENA ។ សម្រាប់វគ្គនេះដែរ ផៃ គឹមហឿត អ្នកប្រដាល់ក្លឹបគីសែមានរិទ្ធ ត្រូវជួបប្រកួតជាមួយ ញ៉េ សិទ្ធិ អ្នកប្រដាល់ក្លឹបអេភូថងកីឡា ខណៈដែល ឡុង សំណាង អ្នកប្រដាល់ក្លឹបសាលវ័ន្តកីឡា ប៉ះ ឌុន ប៊ុនធឿន អ្នកប្រដាល់ក្លឹបខេត្តព្រៃវែង ។

ផៃ គឹមហឿត ប្រកួតជម្រុះ៣លើកកន្លងមក បានវាយឈ្នះ ឈាន រស្មី ក្លឹបរាជសីហ៍ ខេត្តរតនគិរី ឈ្នះ សេក ចាន់រាជ ក្លឹបអង្គរមានជ័យ និងឈ្នះ ឃីម សាវ៉េត ក្លឹបព្រះខ័រាជ រីឯ ញ៉េ សិទ្ធិ វិញមានកាយសម្បទាល្អ និងរឹងមាំជាង គឹមហឿត ហើយខ្ពស់ជាងទៀត ។ ក្នុងការប្រកួតជម្រុះ៣លើកកន្លងមក ញ៉េ សិទ្ធិ វាយឈ្នះ ជុន សាវុធ ក្លឹបពោធិ៍ជ័យកីឡា ឈ្នះ យ៉ន វិចិត្រ ក្លឹបកងទ័ពឆ័ត្រយោង៩១១ និងឈ្នះ ផា សុផាតនិល ក្លឹបពន្លឺសាមគ្គី ខេត្តបាត់ដំបងដោយពិន្ទុ ។

ចំណែកការជួបប្រកួតរវាង ឡុង សំណាង និង ឌុន ប៊ុនធឿន វិញនោះ តាមការសង្កេតមើលទៅ ប៊ុនធឿន មានប្រៀបឈ្នះ សំណាង បាត់ទៅហើយ ទោះបីជា២នាក់នេះ មិនដែលជួបគ្នាកន្លងមកក្តី ។ ឌុន ប៊ុនធឿន មានប្រៀបលើ សំណាង តាំងពីកម្ពស់ តាំងពីកាយសម្បទា និងស្នៀតប្រដាល់ ។

ក្នុងវគ្គជម្រុះ៣លើកកន្លងមក ឌុន ប៊ុនធឿន វាយឈ្នះធឿន គឹមហៀង ក្លឹបកងពលតូចលេខ៨ ឈ្នះ ទេស ឧត្តម ក្លឹបកងពលតូចលេខ៧០ និងឈ្នះ ធន់ ចាន់តាក់ ក្លឹបមជ្ឈ មណ្ឌលកីឡា ខ.ភ.ម ។ សំណាង ប្រកួតជម្រុះ៣លើកកន្លងមក គេវាយឈ្នះ ម៉ន គឹមឡុង ក្លឹបការិយាល័យទី៥ កងទ័ព ជើងគោក ឈ្នះ ផុន ផុល ក្លឹបតាព្រហ្មមានជ័យ និងឈ្នះ ថន ភឿត ក្លឹបឃ្លាំងមឿងកីឡា ។

គួរបញ្ជាក់ថា ការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាមនេះ អ្នកដែលទទួលបានតំណែងជើងឯកនោះ ក្រៅពីខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ បាន២០០០ ដុល្លារ និងលេខ៣ បាន៧៥០ដុល្លារ ៕

ញ៉េ សិទ្ធិ ប៉ះ ផៃ គឹមហឿត គ្រាដែល ឡុង សំណាង ជួប ឌុន ប៊ុនធឿន នៃពាន TIFFY

ញ៉េ សិទ្ធិ ប៉ះ ផៃ គឹមហឿត គ្រាដែល ឡុង សំណាង ជួប ឌុន ប៊ុនធឿន នៃពាន TIFFY