ឯកអគ្គរដ្ឋទូត​បារាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោកស្រី គិ​ម ស​ត្ថា​វី ចៅក្រម​តុលាការ​កំពូល

រាជធានី​ភ្នំពេញ ​៖ ​លោក ហ្ស​ង់​​ក្លូ​ដ ពាំ​បឹ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា ​​២០១៥ បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ឡា​ឡេ​ស្យុ​ង​ដោ​នឺរ ​(La Légion d’Honneur) ថ្នាក់​អស្សឫទ្ធិ​ជូន​ដល់​លោកស្រី គិ​ម ស​ត្ថា​វី ចៅក្រម​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្ថានទូត​បារាំង​ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ រួម​ទាំង​សហសេវិក​របស់​លោកស្រី​ មក​ពី​តុលាការ​កំពូល និង​ក្រុម​គ្រួសារ​លោកស្រី​ផង​ដែរ​ ។

យោង​តាម​ស្ថានទូត​បារាំង​ក្នុង​ឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​ បាន​រំឭក​ពី​ដំណើរ​ជីវិត​ដ៏​គួរឱ្យ​​ចាប់អារម្មណ៍​របស់​លោកស្រី គិ​ម ស​ត្ថា​វី ក្នុង​វិស័យ​ច្បាប់​ និង​យុត្តិធម៌​ ។ បន្ទាប់​ពី​បាន​ផ្អាក​ការ​សិក្សា​ភ្លាម​ៗ​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ លោកស្រី​បាន​ចាប់​យក​ការ​សិក្សា​ឡើង​វិញ រហូត​បាន​ចេញ​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​បារាំង ​ពិសេស​នៅ​សាលា​ជាតិ​ចៅក្រម​ដ៏​ល្បីល្បាញ​របស់​បារាំង​ ។

លោកស្រី គិ​ម ស​ត្ថា​វី បាន​ចាប់ផ្តើម​អាជីព​ដំបូង​ជា​ចៅក្រម​នៅ​សាលាដំបូង​ខេត្តសៀមរាប ហើយ​ក្រោយមក ​​ទទួល​មុខ​តំណែង​សំខាន់​ៗ​ជា​បន្តបន្ទាប់ រហូត​បាន​ក្លាយជា​ចៅក្រម​ស្ត្រី​ដំបូង​គេ​នៅ​តុលាការ​កំពូល​កាលពី​ជិត​១០​ឆ្នាំ​មុន ​។ ជាង​នេះ​ទៅ​ទៀត​ លោកស្រី​ បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​យុត្តិធម៌​ ដោយ​បាន​ចូលរួម​បង្កើត ​និង​ដឹកនាំ​សាលា​ភូមិន្ទ​ចៅក្រម​អស់​រយៈពេល​៤​ឆ្នាំ​ ។​ ក្នុង​ពេល​បំពេញការងារ ​លោកស្រី​ក៏​បាន​ខិតខំ​ផង​ដែរ ​ក្នុង​ការ​លើក​ស្ទួយ​តួនាទី​ស្ត្រី ពិសេស​ក្នុង​វិស័យ​យុត្តិធម៌​ ។

លោកស្រី​ គឺជា​ដៃគូ​ប្រកបដោយ​សមត្ថភាព​ខ្ពស់​របស់​ស្ថានទូត​បារាំង ដោយ​បាន​រួមចំណែក​យ៉ាង​សកម្ម​ជាមួយ​ក្រសួងយុត្តិធម៌ ​និង​អ្នកជំនាញ​ច្បាប់ព្រហ្មទណ្ឌ​បារាំង​ក្នុង​ការ​តាក់តែង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ។ ក្នុង​ន័យ​នេះ លោកស្រី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រព័ន្ធ​ច្បាប់​ស៊ី​វិល (Civil Law) ដែល​ជា​កេរដំណែល​បន្សល់​ទុក​ពី​សម័យ​បារាំង ​។

ការ​បំពាក់​គ្រឿង​ឥស្សរិយយ​ស​ជូន​លោកស្រី​នៅ​ពេល​នេះ​ គឺជា​ការ​បង្ហាញ​ពី​ការ​ទទួលស្គាល់​របស់​ប្រទេស​បារាំង​ចំពោះ​លោកស្រី​ ដែល​ជា​អ្នក​ច្បាប់​និង​ជា​ស្ត្រី​មួយ​រូប​ប្រកបដោយ​ចរិយា​ធម៌​ និង​ចំណេះដឹង​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ ហើយ​សកម្មភាព​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ស្តារ ​និង​កសាង​ប្រទេស​កម្ពុជា​និង​ប្រព័ន្ធ​យុត្តិធម៌​នៃ​ប្រទេស​នេះ​ ។​

គួរ​បញ្ជាក់​ថា ​ឡា​ឡេ​ស្យុ​ង​ដោ​នឺ​រ ​គឺជា​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​បារាំង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​ចៅ​ណា​ប៉ូ​ឡេ​អុង ​បូ​ណា​ប៉ាក ​នៅ​ឆ្នាំ​១៨០២ ៕​