​ទៅ​លេង​កែប​ កុំ​ភ្លេច​ផ្ដិត​រូប​សុរិយា​អស្ដង្គត​​នៅ​ភូមិ​ព្រែក​តានេន!

​ទៅ​លេង​កែប​ កុំ​ភ្លេច​ផ្ដិត​រូប​សុរិយា​អស្ដង្គត​​នៅ​ភូមិ​ព្រែក​តានេន!

មនុស្ស​ភាគច្រើន​ដែល​ទៅ​លេង​កែប​​​ច្រើន​ទៅ​លេង​ឆ្នេរ​ញ៉ាំ​អាហារ​លើ​​​​តូប​សង់​ប្រប​ឆ្នេរ ​ងូតទឹក​នៅ​ឆ្នេរ​កែប ​​ឬ​ទិញ​ក្ដាម​នៅ​ផ្សារ​ក្តាម​ផ្ញើ​បងប្អូន​ពេល​ត្រឡប់​ទៅ​វិញ។ ​តែ​ភាគច្រើន​បាន​មើល​រំលង​​​​ភូមិ​ព្រែក​តា​នេន​ ​​​ឃុំ​អង្កោល ​ខេត្ត​កែប​ដែល​​​​​នៅ​មិន​ឆ្ងាយ​ ពោល​គឺ​ប្រើ​ពេល​ប្រហែល​ ១០ ​នាទី​​​ធ្វើ​ដំណើរ​ពី​​ទី​​រួម​ខេត្ត​ប៉ុណ្ណោះ។ ​

 

ពេល​សុរិយា​រៀប​អស្ដង្គត​ជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​រ៉ូមែនទិក​ដោយ​អាច​អង្គុយ​​ទស្សនា​សកម្មភាព​ទូក​នេសាទ​ចេញ​​​បន្ត​កន្ទុយ​គ្នា​ទៅ​នេសាទ​នៅ​ពេល​យប់​​​លើ​ផ្ទៃ​ទឹក​ក្រហម​ឆ្អៅ ​ឬ​ផ្ដិត​យក​រូបភាព​ដ៏​ត្រកាល​គួរ​ឲ្យ​ទាក់​ភ្នែក​នៅ​ទី​នោះ​បាន។ ​​​

 

​ទៅ​លេង​កែប​ កុំ​ភ្លេច​ផ្ដិត​រូប​សុរិយា​អស្ដង្គត​​នៅ​ភូមិ​ព្រែក​តានេន!

 

ក្រៅ​នេះ​ ភោគផល​នេសាទ​ថ្មីៗ​ក៏​ជា​ភាព​ទាក់ទាញ​មួយ​របស់​ភូមិ​ព្រែក​តានេន​ដែរ។ ​​លោក ជិន រិទ្ធី​ដែល​​ឧស្សាហ៍​​​ឡើង​ចុះ​​ទិញ​​​ផល​នេសាទ​​ពី​ប្រជានេសាទ​នៅ​ទី​នោះ​យក​ទៅ​ទទួល​ទាន​ប្រាប់​ Sabay ​ថា ​​​​​ទី​នោះ​​ជា​កន្លែង​​ទិញ-លក់​ផល​នេសាទ​​​ដ៏​​មមាញឹក​មួយ​ក្នុង​ខេត្ត។ ​«នៅ​ពេល​ព្រឹក​​ អ្នក​នេសាទ​គាត់​ត្រឡប់​មក​ពី​រក​ត្រី​ ក្ដាម ​បង្គា​វិញ។ ​​​បើ​យើង​មក​ដល់​ទី​នេះ​ផ្ទាល់​នឹង​បាន​ត្រី​​ បង្គា​ស្រស់ៗ​ល្អៗ​ហើយ ​តម្លៃ​ធូរ​ទៀត»។ ​​​លោក​បន្ត​ថា ​​ជា​ធម្មតា​ទូក​នេសាទ​ត្រី​​ចេញ​ទៅ​នេសាទ​នៅ​ពេល​ព្រលប់ ​ហើយ​ពេល​ពេល​ព្រលឹម​នឹង​ត្រឡប់​យក​ផល​នេសាទ​មក​លក់​វិញ។ ​​​ត្រី​ស្រស់ៗ​ចម្រុះ​នឹង​មក​ដល់​​ផែ​នៅ​ម៉ោង​ប្រហែល​ ៤ ​ព្រឹក ​ចំណែក​បង្គា​អាច​មក​ដល់​នៅ​ម៉ោង​ ៥ ​​ទៅ​​ ៥ កន្លះ​ព្រឹក ​ក្នុង​នោះ​​ក៏​មាន​ក្តាម​ដែរ​គ្រាន់​តែ​មិន​សូវ​សម្បូរ​ដូច​ត្រី​ និង​បង្គា។ ​​​

 

បន្ថែម​ពី​នេះ​ ​​​​​​មិន​ខុស​ពី​ពេល​ល្ងាច​ ​​នៅ​ពេល​ព្រឹក​​​ទិដ្ឋភាព​ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​បំភ្លឺ​ផែនដី​បន្តិចម្ដងៗ​​​ក៏​​ស្រស់​ស្អាត​គួរ​ឲ្យ​ជាប់​ចិត្ត​​​ចង់​ផ្ដិត​យក​ដូចគ្នា៕

 

​ទៅ​លេង​កែប​ កុំ​ភ្លេច​ផ្ដិត​រូប​សុរិយា​អស្ដង្គត​​នៅ​ភូមិ​ព្រែក​តានេន!

 

​ទៅ​លេង​កែប​ កុំ​ភ្លេច​ផ្ដិត​រូប​សុរិយា​អស្ដង្គត​​នៅ​ភូមិ​ព្រែក​តានេន!

 

ទិដ្ឋភាព​សុរិយា​រៀប​អស្តង្គត្ត​នៅ​ភូមិ​ព្រែក​តានេន

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា
រូបភាព៖ ទូរសព្ទដៃ