តុលាការ​លើក​ពេល​សវនាការ​សំណុំរឿង​មន្ត្រី​អង្គការ​កាប់​បំផ្លាញ​ដំណាំ​​ម្រេច​ទៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ សាលាដំបូង​ខេត្តកោះកុង​បាន​បើក​សវនាការ​ជម្រះ​រឿង​ក្តី​រវាង​ដើមបណ្តឹង គឺ​អ្នកស្រី សិន ចាន់​ថេ​ត អាយុ​៥៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្ម​បាំង និង​ចុង​ចំលើយ​គឺ​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ជនបរទេស​២​នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន​៤​នាក់ ដែល​បាន​ចូល​ទៅ​កាប់​បំផ្លាញ​ចំការ​ម្រេច របស់​​ស្ត្រី​ដើមបណ្តឹង​អស់​ចំនួន​៣៥៨​គុម្ព កាលពី​ថ្ងៃ​ទី​២៦ មក​រា ២០១៤ ។

ខណៈ​ពេល​សវនាការ​នេះ អង្គរក្ស​លោក ប៊ូ ប៊ុ​ន​ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចេញ​មក​រារាំង​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន និង​ផ្តិត​យក​រូបភាព​ឡើយ ។

ពេល​ចប់​អង្គ​សវនាការ​ម៉ោង​១១ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ភ្នាក់ងារ​«​កោះសន្តិភាព​»​បាន​ជួប​ស្ត្រី​ដើមបណ្តឹង​ខាងក្រៅ​របង​សាលាដំបូង ដោយ​គាត់​បាន​រៀបរាប់​ថា ចំការ​ម្រេច​គាត់​បាន​ចាប់ផ្តើម​ដាំ​តាំងពី​ឆ្នាំ​២០០៦​លើ​ដីចំការ​ពនេចរ ដែល​គាត់​បាន​កាប់​ឆ្ការ ​រហូត​មក​ដល់​ឆ្នាំ​២០១៣ក្រុម​និស្សិត​សម្តេច​តេ​ជោ​បាន​វាស់វែង​ឲ្យ​គាត់ ដោយ​ឃើញ​ចំការ​ម្រេច​គាត់​ទទួលផល​រួច​ហើយ ។ លុះ​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៤ ក្រុម​មន្ត្រី​អង្គការ​ខាងលើ​ចូល​ទៅ​កាប់​បំផ្លាញ​ម្រេច​របស់​គាត់​អស់​ចំនួន​៣៥៨​គុម្ព ដោយ​ចោទ​ថា​រូប​គាត់​បាន​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​ដាំ​ម្រេច​ទៅ​វិញ ហេតុនេះ​ទើប​រូប​គាត់​ដាក់​ពាក្យបណ្តឹង​ដើម្បី​ទាមទារ​សំណង និង​កាន់កាប់​ដីចំការ​របស់​គាត់​វិញ ។

លោក អ៊ុ​ន គោ​យ មេ​ភូមិ​ព្រែក​ស្វាយ ដែល​បាន​មក​ធ្វើ​ជា​សាក្សី​ឲ្យ​ភាគី​ដើមបណ្តឹង បាន​ឲ្យ​ដឹង​ថា អ្នកស្រី សិន ចាន់​ថេ​ត ពុំ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ដូច​ការ​ចោទប្រកាន់​របស់​ក្រុម​អង្គការ​ខាងលើ​ឡើយ ។

លោក ច័ន្ទ ហួ​ន មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី សិន ចាន់​ថេ​ត បញ្ជាក់​ថា អង្គ​សវនាការ​ព្រឹក​នេះ​មិន​សំរេច​ក្តី​នៅឡើយ​ទេ តុលាការ​បាន​លើក​ការ​ជម្រះ​ទៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ ខាង​មុខ​ទៀត ។

លោក ប្រាក់ ប៊ុ​ន​នី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើកោះកុង​ដែល​ចូលរួម​សវនាការ បាន​ឲ្យ​ដឹង​ដែរ​ថា តុលាការ​បាន​លើក​ការ​ជម្រះ​ទៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ ខាង​មុខ​ទៀត ដោយសារ​អវត្តមាន​ជនបរទេស​២​នាក់ និង​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ព្រមទាំង​សាក្សី​មួយ​ចំនួន​ទៀត ៕