ធ្លាក់​យន្តហោះ​ឯកជន​មួយ​នៅ​អូ​ហៃ​យ៉ូ​ស្លាប់​9​នាក់

សារព័ត៌មាន​ក្នុងស្រុក​គូសបញ្ជាក់​ថា មនុស្ស​៩​នាក់​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​ឯកជន​ធុន​តូច​មួយ​គ្រឿង​លើ​អគារ​ស្នាក់​នៅ​មួយ​កន្លែង​នៅ​ក្រុង AKRON ភាគ​ខាងជើង​សហរដ្ឋ​អា​េ​ម​រិ​ក​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ។

យោង​តាម​សារព័ត៌មាន​ទាំងនេះ​ថា យន្តហោះ​ម៉ាស៊ីន​២​នោះ​ពេល​កំពុង​ហោះ​មក​ដល់​ក្បែរ​ព្រ​លាន​យន្តហោះ​ទីក្រុង AKRON រដ្ឋ​អូ​ហៃ​យ៉ូ​ក៏​បាន​ធ្លាក់ ។ កាសែត AKRON BEACON JOURNAL ដកស្រង់​សម្តី​ម្ចាស់​យន្តហោះ​លោក AUGUSTO LEWKOWICZ គូសបញ្ជាក់​ថា មនុស្ស​៩​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ ក្នុង​នោះ​មាន​អ្នក​បើក​២​នាក់ ។ ពុំ​មាន​នរណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ ក្នុង​ចំណោម​មនុស្ស​ទាំង​៩​នាក់​នេះ ។ លោក AIGUSTO LEWKOWICS អះអាង​ថា លោក​ពុំ​ផ្តល់​អត្តសញ្ញាណ​អ្នកដំណើរ និង​អ្នក​បើក​យន្តហោះ​ដែល​ស្លាប់​ឡើយ មុន​ពេល​ផ្តល់​ព័ត៌មាន​ដល់​គ្រួសារ​ពួក​គេ ។

ចំណែក​ទូរទស្សន៍​មូលដ្ឋាន​អះអាង​ថា មនុស្ស​៩​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ ។ ទូរទស្សន៍ NBC ដកស្រង់​សម្តី​ប៉ូលិស​ក៏​ផ្តល់​តុល្យការ​ដូច​គ្នា​នេះ​ដែរ ។ ចំណែក​អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ចរាចរណ៍​រដ្ឋ​អូ​ហៃ​យ៉ូ​មួយ​រូប​គូសបញ្ជាក់​ថា ពុំ​មាន​មនុស្ស​ណា​ម្នាក់​នៅ​លើ​ដី​ត្រូវ​ស្លាប់ ឬ​របួស​ឡើយ ៕