លោកស្រី អ៊ុងសាន ស៊ូជី ស្នើសុំជួបពិភាក្សា ជាមួយប្រធានាធិបតី, ប្រធានសភា, និង អគ្គមេបញ្ជាការយោធា

រ៉ងហ្គូន៖ មេដឹកនាំគណបក្សឈ្នះឆ្នោត នៅប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា នេះ បានអំពាវនាវរកកិច្ចជំនួប ពិភាក្សាជាមួយនឹងលោកប្រធានា ធិបតី យូ ធេនសេន, លោកប្រធានសភា យូ ស្វេ ម៉ានន៍, និង មេបញ្ជាការនៃ អគ្គសេនាធិការ ជាន់ខ្ពស់របស់ក្រសួងការពារជាតិ លោក មីន អ៊ុង ហ្លេង នាសប្តាហ៍ក្រោយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការស្នើរបស់លោកស្រី ស៊ូជី ធ្វើឡើង តាមរយៈលិខិត ដែលឈរលើគោលការណ៍សំខាន់នៃការបង្រួបបង្រួមជាតិ។ នេះបើតាម ព័ត៌មានដែលទទួលបានពីមន្ត្រីគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)។

លោកស្រី បានថ្លែងចំពោះលិខិតនោះថា វាជាការស្នើសុំកិច្ចពិភាក្សា ដែលមានគោលដៅ រក្សាឲ្យបាននូវសន្តិភាព និង ភាពស្ងប់ស្ងាត់ ទៅតាមលទ្ធផលជាក់ស្តែង ដែល ប្រជាពលរដ្ឋបាន បង្ហាញចេញក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី បានឈ្នះការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា និង ក្លាយជា តំណាងរាស្ត្រស្របច្បាប់ នៅក្នុងរដ្ឋសភា សម្រាប់អណត្តិក្រោយនេះជាស្ថាពរ។ យោងទៅ តាមលទ្ធផលនៃការបោះឆ្នោត ដោយគណកម្មការបោះឆ្នោត កាលពីព្រឹកថ្ងៃពុធ នេះ តំណាង រាស្ត្រចំនួន ៣៩៤នាក់ ត្រូវជ្រើសតាំងចូលសភារួចរាល់ហើយ ដោយក្នុងនោះ ២៤៥ អសនៈ បានទៅគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី។

ក្នុងចំណោមតំណាងរាស្ត្រទាំង ៣៩៤ រូប គឺ ១៤៩នាក់ត្រូវបានជ្រើសតាំងសម្រាប់សភាជាន់ទាប (រដ្ឋសភា), ៣៣ រូបសម្រាប់សភាជាន់ខ្ពស់ (ស្នើនឹងព្រឹទ្ធសភា), និង ២១២ រូបទៀត ត្រូវបានជ្រើសតាំងសម្រាប់ កាន់តំណែងនៅសភាថ្នាក់តំបន់ ឬ តាមបណ្តារដ្ឋ។

តាមលទ្ធផលជាក់ស្តែង គណបក្ស NLD ទទួលបានអសនៈ ១៣៤នៅក្នុងរដ្ឋសភា, ២៩ អសនៈ នៅក្នុងព្រឹទ្ធសភា, និង ១៨២ អសនៈនៅសភាថ្នាក់តំបន់ ឬ រដ្ឋ។ ដោយឡែក គណបក្សកាន់អំណាចទទួលបាន ៨ អសនៈក្នុងរដ្ឋសភា, ២ អសនៈនៅព្រឹទ្ធសភា, និង ១៩ នៅសភាថ្នាក់រដ្ឋ និង តំបន់៕

លោកស្រី អ៊ុងសាន ស៊ូជី ស្នើសុំជួបពិភាក្សា ជាមួយប្រធានាធិបតី, ប្រធានសភា, និង អគ្គមេបញ្ជាការយោធា