ឡុ​ង សុ​ភី និង​បាង កា​យ៉ាក ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ឬ​ស្សី​កែវ ថ្ងៃ​សៅរ៍​ទី​១៤ វិច្ឆិកា ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ នឹង​ចាប់ផ្ដើម​ទៅ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ។ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​កីឡាករ​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ទូ​ម​តាម​វ៉ ម៉ា​តូ​វី​សេត ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម និង​កីឡាករ​បាង កា​យ៉ាក មក​ពី​ក្លិប​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិត​រ៉​យ អេ​ត​ស៊ី​ត​ឃុន​ស៊ី​ត ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

ឡុ​ង សុ​ភី ជា​ជើង​ខ្លាំង​មួយ​រូប​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់ ធ្លាប់​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​ជា​ច្រើន​ស្ថាប័ន​ទៀត​ផង ។ កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​មិន​តិច​ជាង​១០០​ដង​ឡើយ ប៉ុន្តែ​លើក​នេះ​គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ដែល​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​ដល់​ទៅ​១០៥​ដង ឈ្នះ​៧០​ដង ចាញ់​៣០​ដង និង​ស្មើ​៥​ដង​ទើប​មិនដឹង​ថា​លទ្ធផល​ចុង​ក្រោយ នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ។ លោក​ម៉ា សេរី អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍៍​ស៊ី​ធី​អិន​ឱ្យ​ដឹង​ថា កីឡាករ​ថៃ​រូប​នេះ​ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ពិបាក​រក​គូប្រកួត​ជាមួយ ទើប​គេ​ឆ្លង​ដែន​មក​ប្រកួត​ជាមួយ​ឡុ​ង​សុ​ភី ដែល​ល្បី​ថា​ខ្លាំង​រក​គូប្រកួត​ស្ទើរ​លែង​បាន​ទៅ​ហើយ​នោះ ។ តាម​ការ​សង្កេត ឡុ​ង សុ​ភី មាន​ប្រៀប​ខាង​កម្ពស់ ចេះ​ប្រើ​ស្នៀត​កែង និង​ជង្គង់​យ៉ាង​ស្ទាត់ជំនាញ​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​គ្រប់​គ្នា ។ អ្នក​ដែល​ធ្លាប់​ស្គាល់​ភាគច្រើន​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ឡុ​ុ​ង សុ​ភី ថា កីឡាករ​រូប​នេះ​នឹង​ទទួល​បាន​ជ័យជម្នះ​ទៀត​មិន​ខាន​ទោះបី​ភាគី​កីឡាករ​ថៃ​ត្រូវ​គេ​អះអាង​ថា ខ្លាំង​មិនធម្មតា​ក្ដី ។ ចាំ​មើល​មើល៍ ជើង​ខ្លាំង​ប្រចាំ​ក្លិប​សាល​វ័​ន្ត​កីឡា​រូប​នេះ អាច​បំបាក់​ធ្មុង​ជើង​ខ្លាំង​មក​ពី​ថៃ​បាន​ដោយ​របៀប​ណា ឬ​ក៏ត្រូវ​អាម៉ាស់មុខ​ក្រោម​ស្នាដៃ​កីឡាករ​ថៃ​វិញ ។

បាង កា​យ៉ាក ក៏​ជា​កីឡាករ​ជើង​ខ្លាំងមួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ធ្លាប់​ប្រកួត​បាន​ប្រហែលជា​៥០​ដង​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដែល​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៧០​ដង ក្នុង​នោះ​ឈ្នះ​៥០​ដង ចាញ់​១៧​ដង និង​ស្មើ​៣​ដង ។ ផ្អែក​ទៅ​លើ​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ថៃ​រូប​នេះ កីឡាករ​កម្ពុជា​គូ​នេះ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។ ទោះបី​ធ្លាប់​ជួប​កីឡាករ​ជើង​ខ្លាំង​មក​ពី​បរទេស​រាប់​ភ្លេច​ក្ដី​ក៏​មិន​ត្រូវ​មើល​ស្រាល​លើ​កីឡាករ​ថៃ​ម្នាក់​នេះ​ដែរ​។ ដូច្នេះ​គូ​នេះ បើ​ចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង ឬ​ខ្សោយ​នោះ មាន​តែ​រង់ចាំ​អ៊ុត​មើល​លើ​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​នោះ មាន​កីឡាករ​សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ​ផា​ន់ សា​រ៉ែ​ម មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ​ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​យាង សុខ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ជា សា​រ៉ា​ក់ មក​ពី​ក្លិប​អមតៈ​គុន​ខ្មែរ ៕