​ប្រធានាធិបតី មី​យ៉ាន់​មា ត្រូវ​ជ្រើសរើស​នៅ​ខែមករា ហើយ​រដ្ឋាភិបាល​បង្កើត​២​ខែ​បន្ទាប់​

​តំណែង​ប្រធានាធិបតី មី​យ៉ាន់​មា ត្រូវ​ជ្រើសរើស​នៅ​ខែមករា ហើយ​រដ្ឋាភិបាល​បង្កើត​២ ឬ​៣​ខែ​បន្ទាប់​។ តែ​គេ​មិនទាន់​ដឹង​ទេ​ថា នរណា​ជា​ប្រធានាធិបតី​នៃ​ប្រទេស មី​យ៉ាន​ម៉ា នោះ​ទេ។

​ប្រធានាធិបតី​នៃ​ប្រទេស មី​យ៉ាន់​ម៉ា លោក ថេ​ន សេន អបអរសាទរ​ជ័យជម្នះ​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​ត្រៀម​ប្រគល់​អំណាច​ដោយ​សន្តិវិធី​ជូន​ដល់​គណបក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី ថេ​ន សាន ថ្លែងប្រាប់​វិទ្យុ​អូស្ត្រាលី​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ​។

​បើ​យោងតាម​វិទ្យុ​ដដែល តំណែង​ប្រធានាធិបតី​នឹងត្រូវ​ជ្រើសរើស​នៅ​ខែមករា​ឆ្នាំ​២០១៦​ខាងមុខនេះ ហើយ​រដ្ឋាភិបាល​ថ្មី​នឹងត្រូវ​បង្កើតឡើង​នៅ​ខែ​មិនា ឬ​ខែមេសា​ឆ្នាំ​២០១៦​ខាងមុខ​។

​ទាក់ទង​នឹង​តំណែង​ប្រធានាធិបតី​នេះ អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស មី​យ៉ាន​ម៉ា រារាំង​មិន​ឲ្យ​អ្នកស្រី​កាន់តំណែង​នេះ​បានទេ ព្រោះតែ​ស្វាមី​របស់​អ្នកស្រី​ជា​ជនជាតិ​បរទេស (​ជនជាតិ​អង់គ្លេស​)​។ ត្រង់ចំណុច​នេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកស្រី​នឹង​ទទួលបាន​តំណែង​ខ្ពស់ជាង​តំណែង​ប្រធានាធិបតី​ទៅទៀត​។

​សរុបសេចក្តី​មក គេ​មិនទាន់​ដឹង​ទេ​ថា តើ​អ្នកស្រី​នឹង​កាន់តំណែង​អ្វី​ពិតប្រាកដ​នោះ​។ តែ​អ្វីដែល​គេ​ដឹង​ច្បាស់ គឺថា ទោះជា​អ្នកស្រី​មិនអាច​កាន់អំណាច​ជា​ប្រធានាធិបតី​បាន​ក៏ដោយ ក៏​អ្នកស្រី​នៅតែ​ជា​បុគ្គល​ដ៏​មានអំណាច​ខ្ពស់បំផុត​ដើម្បី​កាត់​ចង្កូត​ដឹកនាំ​ប្រទេស មី​យ៉ាន​ម៉ា នេះដែរ​៕