សាលាក្តីខ្មែរក្រហម នឹងបើកសវនាការ លើសំណុំរឿង ០០២/០១ ពីថ្ងៃទី ១៧-១៩វិច្ឆិកា

ភ្នំពេញ៖ សាលាក្តីខ្មែរក្រហម ដែលគាំទ្រដោយ អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បាន ប្រកាសឲ្យដឹងថា ខ្លួននឹងបើកសវនាការ លើសំណុំរឿង០០២/០១ចាប់ពី ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាក្តីដែលមាន ឈ្មោះពេញថា អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ កម្ពុជា រឺអ.វ.ត.ក  ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន ឲ្យដឹងថា សវនាការនេះពាក់ព័ន្ធនឹងបណ្ដឹង សារទុក្ខរបស់សហព្រះរាជអាជ្ញា នួន ជា និងខៀវ សំផនប្រឆាំងនឹង សាលក្រមរបស់អង្គជំនុំជម្រះ សាលាដំបូង ក្នុងសំណុំរឿង០០២/០១ ដែលបានចេញនៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៤។

យ៉ាងណាក៏ដោយ សាលាក្តីកូនកាត់នេះ នៅបញ្ជាក់ថា “ក្នុងករណីដែលពុំទាន់មានការសម្រេចលើបញ្ហា នៃបណ្តឹង សារទុក្ខនេះទេ ជនជាប់ចោទនៅតែត្រូវបានសន្មតថាគ្មានទោស”។

គួរបញ្ជាក់ថា សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទី១នៃការជំនុំជម្រះយ៉ាងតិច២ប្រឆាំងនឹងខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងនួន ជា អតីតអនុលេខាបក្សកុម្មុយនីស្ដកម្ពុជា។

បទចោទក្នុងសំណុំរឿង ០០២/០១គឺផ្ដោតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរងការចោទប្រកាន់ក្នុងអំឡុង ពេលជម្លៀសប្រជាជនក្នុងទីក្រុងភ្នំពេញក្នុងខែ មេសា ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់ ។កាលពីថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០១៤អង្គជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបាន សម្រេចប្រកាសទោសដាក់ពន្ធនាគារជនជាប់ចោទទាំង២អស់មួយជីវិត៕