គណៈកម្មការទី២ គាំទ្រសេចក្តីព្រាងច្បាប់ ការគ្រប់គ្រងថវិកា ជាតិ ២០១៦ និងបន្តដាក់ជូន គណៈកម្មការអចិន្ត្រៃយ៍ ពិនិត្យពិភាក្សា

ភ្នំពេញ៖ គណៈកម្មការទី២ នៃរដ្ឋសភា (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រកាសគាំទ្រ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ថវិកាជាតិ ឆ្នាំ២០១៦ របស់រាជរដ្ឋា ភិបាល និងសន្យាដាក់សេចក្តីព្រាងច្បាប់នេះ ទៅកាន់គណៈកម្មការអចិន្ត្រៃយ៍ ពិនិត្យពិភាក្សា និងដាក់ចូលក្នុង របៀបវារៈ ដើម្បីឲ្យអង្គសភាទាំងមូលធ្វើការ អនុម័តនាពេលខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពី ដឹកនាំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ លោកបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា បានមានប្រសាសន៍ថា ថវិកាជាតិ ឆ្នាំ២០១៦នេះ គឺរដ្ឋសភា ពិសេសគណៈកម្មការទី២ នៃរដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំរួចរាល់អស់ហើយ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើនូវគោលការណ៍កសាងម៉ាក្រូសេដ្ឋកិច្ច ក្នុងការកសាងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។

 លោកថា “អ្វីៗទាំងអស់ដែលយើងបានសម្រេចនាពេលនេះ គឺយើងបានឯកភាពយកសេចក្តីព្រាងច្បាប់នេះ ដើម្បី រាយការណ៍ជូនទៅគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីបញ្ចូលក្នុងរបៀបវារៈ នៃសភាសម័យប្រជុំពេញអង្គ របស់រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តនៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីឲ្យស្របទៅតាមប្រតិទិននៃ ការងារដែល មានចែងក្នុងច្បាប់ហិរញ្ញវត្ថុសាធារណៈ”។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា នៅពេលដែលឆ្លងសម័យ ប្រជុំនៃ រដ្ឋសភារួចរាល់ ក្រសួងនឹងរៀបចំជាវេទិកាសាធារណៈ ដើម្បីជម្រាបជូនថវិកាជាតិឆ្នាំ២០១៦ ដែលរដ្ឋភា បានអនុម័ត។

លោកបន្តថា “ការប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៦ច្រើនជាងឆ្នាំ២០១៥ ដោយសារសេចក្តីត្រូវការក្នុងកម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាល ហើយដោយសារមានការខិតខំក្នុងការគៀងគរ ចំណូលដែលបានល្អប្រសើរ ជាមុនៗ ហើយយើងប្រើប្រាស់ចំណូលទាំងអស់នោះដើម្បីបែងចែកឲ្យវិភាជថវិកាទៅបម្រើឲ្យគោលនយោបាយ កាន់តែចំទិសដៅជាងមុន ហើយចាយទៅឲ្យមានប្រសិទ្ធភាពល្អប្រសើរ”។

 តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក សុន ឆ័យ បានលើក ឡើងថា ការប្រមូលថវិកាជាតិមានការកើន ប៉ុន្តែ មិនឃើញមានការកែទម្រង់ច្បាស់លាស់ពាក់ព័ន្ធ ទៅនឹងការ ចំណាយ នោះទេ ដោយលោកចាត់ទុកថា នោះគឺជាបញ្ហា។

លោកបន្តថា “ចំណែក ចំណូលខាងពន្ធដារមានការកើន ប៉ុន្តែ ពិនិត្យទៅលើចំណូលផ្សេងទៀតដូចជាការជួល ដី សម្បទានសេដ្ឋកិច្ចជិត ២លានហិកតា មានតែចំណូលជាង ៦លានដុល្លារតិចតួចមែនទែន ហ្នឹងជាបញ្ហាដែល យើងឃើញថា ហាក់ដូចជាយកដី យកព្រៃទៅឲ្យឈ្មួញរកស៊ី”។

សូមបញ្ជាក់ថា កម្ពុជាគ្រោងនឹងចំណាយ ថវិកាសរុបសម្រាប់ ឆ្នាំ២០១៦ខាងមុខ ក្នុងរង្វង់ទឹកប្រាក់ ១៧.៤៦២.៤៧៧លានរៀល (ប្រហែល៤.៣៦៥លាន ដុល្លារអាម៉េរិក) ដែលចំនួននេះ មានកំណើន១៦,១ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ស្មើនឹង២១,៣១ភាគរយ នៃផលិតផល ក្នុងស្រុកសរុប (ផ.ស.ស)៕

គណៈកម្មការទី២ គាំទ្រសេចក្តីព្រាងច្បាប់ ការគ្រប់គ្រងថវិកា ជាតិ ២០១៦ និងបន្តដាក់ជូន គណៈកម្មការអចិន្ត្រៃយ៍ ពិនិត្យពិភាក្សា

គណៈកម្មការទី២ គាំទ្រសេចក្តីព្រាងច្បាប់ ការគ្រប់គ្រងថវិកា ជាតិ ២០១៦ និងបន្តដាក់ជូន គណៈកម្មការអចិន្ត្រៃយ៍ ពិនិត្យពិភាក្សា

គណៈកម្មការទី២ គាំទ្រសេចក្តីព្រាងច្បាប់ ការគ្រប់គ្រងថវិកា ជាតិ ២០១៦ និងបន្តដាក់ជូន គណៈកម្មការអចិន្ត្រៃយ៍ ពិនិត្យពិភាក្សា