តុលាការច្រាន ចោលបណ្តឹង សុំរំលាយ គណបក្ស សំបុកឃ្មុំ របស់ អនុប្រធានបក្ស និងសមាជិក ជាន់ខ្ពស់ មួយចំនួនទៀត

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចទាត់ចោល បណ្តឹងសុំរំលាយ និងហាមឃាត់គណ បក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ មិនឲ្យធ្វើសកម្មភាពនយោបាយ បណ្តោះអាសន្ននៅទូទាំងប្រទេស ដែលបានប្តឹងដោយ ក្រុមរបស់លោកបណ្ឌិត ហ៊ាង រិទ្ធី ជាអនុប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ។

សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើយដោយលោក លី សុខលង ជាចៅក្រម នៃសាលាដំបូងរាជធានី ភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ។

ដើមបណ្តឹងលោកបណ្ឌិត ហ៊ាង រិទ្ធី ជាអនុប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ញ៉ែម វណ្ណថន ជាអគ្គលេខាធិការបក្ស លោក ហ៊ាង គឹមស្រឿន ជាអគ្គលេខាធិការរង និងលោកស្រី អ៊ូ ចន្ទផល្លា អាយុ២៧ ជាអគ្គហិរញ្ញឹករងបក្ស កាលពីថ្មីកន្លងទៅនេះ បានដាក់ពាក្យប្តឹង លោក ម៉ម សូណង់ដូ ទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងសំណូមពរចំនួន៣៖ ទី១-សុំឲ្យតុលាការមេត្តាបិទ និងរំលាយគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ កុំឲ្យធ្វើសកម្មភាពនយោបាយតទៅទៀត។ ២-ក្រោយពីតុលាការបានសំរេច សេចក្តីបិទ និងរំលាយបក្សនេះ ស្នើសុំឲ្យតុលាការធ្វើការរឹបអូស នូវរាល់ថវិកាដែល លោកម៉ម សូណង់ដូ បានចាយវាយ មិនប្រក្រតីខុសច្បាប់ទាំងនោះ ជូនដល់ប្រជាពលរដ្ឋខ្មែរក្រីក្រទាំងអស់ និងទី៣-ស្នើសុំតុលាការ ចេញដីកាសម្រេចរក្សាការពារ ហាមឃាត់គណបក្សសំបុកឃ្មុំ កុំឲ្យធ្វើសកម្មភាពនយោបាយ ជាបណ្តោះអាសន្ន។

យ៉ាងណាក៏ដោយ លោក លោក ម៉ម សូណង់ដូ អាយុ៧៥ឆ្នាំ ជាប្រធានគណបក្សសំបុក ឃ្មុំសង្គមប្រជាធិបតេយ្យ ក៏បានប្រកាសថា លោកគ្រោងនឹងដាក់ប្តឹង លោកបណ្ឌិត ហ៊ាង រិទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ ជាអនុប្រធានគណបក្សសំបុកឃ្មុំ ពីបទបរិហារមូលបង្កាច់កេរ្ត៍ ទៅកាន់សាសាដំបូងរាជធានីភ្នំពេញ នៅពេលឆាប់ៗខាងមុននេះផងដែរ៕

តុលាការច្រាន ចោលបណ្តឹង សុំរំលាយ គណបក្ស សំបុកឃ្មុំ របស់ អនុប្រធានបក្ស និងសមាជិក ជាន់ខ្ពស់ មួយចំនួនទៀត